លោកខាល ស៊ែនបឺក(Carl Sandburg) គឺជាអ្នកនិពន្ធកំណាព្យដ៏ល្បី ដែលបានសរសេរ អំពីលោកអ័ប្រាហាំ លីនខិន(Abraham Lincoln)ដែលជាអតីតប្រធានាធិបតីអាមេរិកថា “គេកម្រនឹងបានអានរឿងនៃមនុស្សជាតិ ដែលនិយាយអំពីបុរសម្នាក់ដែលបានចាប់កំណើតនៅលើផែនដី ដោយមានចិត្តខ្លាំងដូចដែកថែប ហើយស្រទន់ដូចក្រណាត់កាំម្ញី … គាត់ជម្នះខ្យល់ព្យុះដ៏អាក្រក់ ដោយចិត្តដែលមានសន្តិភាព ដែលមិនអាចពិពណ៌នាបាន ហើយក៏មានភាពឥតខ្ចោះផង”។ គេបានប្រើពាក្យ “ដែកថែប និងក្រណាត់កាំម្ញី” ដើម្បីពិពណ៌នា អំពីរបៀបដែលលោកលីនខិនបានធ្វើឲ្យមានតុល្យភាព នៅក្នុងការកាន់អំណាចរបស់គាត់ ដោយមានការយោគយល់ចំពោះបុគ្គលម្នាក់ៗ ដែលស្រេកឃ្លានសេរីភាព។
ទោះជាយ៉ាងណាក៏ដោយ មានតែអង្គបុគ្គលម្នាក់ប៉ុណ្ណោះ នៅក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើឲ្យមានតុល្យភាព រវាងភាពរឹងមាំ និងភាពស្រទន់ ឬរវាងអំណាច និងការអាណឹត។ អង្គបុគ្គលនោះគឺព្រះយេស៊ូវគ្រីស្ទ។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក៨ នៅពេលដែលព្រះយេស៊ូវប្រឈមមុខដាក់អ្នកដឹកនាំសាសនា ដែលកំពុងកាត់ទោសស្រ្តីម្នាក់ដែលបានប្រព្រឹត្តអំពើផឹតក្បត់ ទ្រង់បានបង្ហាញនូវភាពរឹងមាំដូចដែកថែប និងភាពស្រទន់ដូចក្រណាត់កាំម្ញី។ ទ្រង់បានបង្ហាញភាពរឹងមាំដូចដែក ដោយប្រឈមមុខដាក់ការទាមទារបស់ហ្វូងមនុស្សដែលស្រេកឃ្លានការបង្ហូរឈាម ដោយបង្វែរអារម្មណ៍ពួកគេ ឲ្យងាកមកមើលអំពើបាបរបស់ខ្លួនឯងវិញ។ គឺដូចដែលទ្រង់មានបន្ទូលទៅកាន់ពួកគេថា “អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ”(ខ.៧)។ បន្ទាប់មក ព្រះយេស៊ូវក៏បានបង្ហាញនូវសេចក្តីអាណឹតដ៏ស្រទន់ដូចក្រណាត់កាំម្ញី ដោយប្រាប់ស្រ្តីនោះថា “ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ”(ខ.១១)។
កាលណាយើងបង្ហាញឲ្យគេឃើញភាពរឹងមាំ និងភាពស្រទន់របស់ទ្រង់ តាមរយៈការឆ្លើយតបរបស់យើងចំពោះអ្នកដទៃ នោះរឿងនេះអាចបង្ហាញថា ព្រះវរបិតាកំពុងតែធ្វើការនៅក្នុងយើង ដោយកែប្រែយើងឲ្យមានលក្ខណៈកាន់តែដូចព្រះយេស៊ូវ។ យើងអាចបង្ហាញលោកិយ ឲ្យស្គាល់ព្រះទ័យទ្រង់ ខណៈពេលដែលគេកំពុងតែស្រេកឃ្លានភាពស្រទន់នៃសេចក្តីមេត្តា និងភាពរឹងមាំនៃយុត្តិធម៌របស់ទ្រង់។—BILL CROWDER