លោក​ខាល ស៊ែនបឺក(Carl Sandburg) គឺ​ជា​អ្នក​និពន្ធ​កំណាព្យ​ដ៏​ល្បី ដែល​បាន​សរសេរ អំពី​លោក​អ័ប្រាហាំ លីនខិន(Abraham Lincoln)ដែល​ជា​អតីត​ប្រធានា​ធិបតី​អាមេរិក​ថា “គេ​កម្រ​នឹង​បាន​អាន​រឿង​នៃ​មនុស្ស​ជាតិ ដែលនិយាយ​អំពី​បុរស​ម្នាក់​ដែល​បាន​ចាប់​កំណើត​នៅ​លើ​ផែន​ដី ដោយ​មាន​ចិត្ត​ខ្លាំង​ដូច​ដែក​ថែប ហើយ​ស្រទន់​ដូច​ក្រណាត់​កាំម្ញី … គាត់​ជម្នះ​ខ្យល់​ព្យុះ​ដ៏​អាក្រក់ ដោយ​ចិត្ត​ដែល​មាន​សន្តិ​ភាព ដែល​មិន​អាច​ពិពណ៌នា​បាន ហើយ​ក៏​មានភាព​ឥត​ខ្ចោះ​ផង”។ គេ​បាន​ប្រើ​ពាក្យ “ដែក​ថែប និង​ក្រណាត់​កាំម្ញី” ដើម្បី​ពិពណ៌​នា អំពី​របៀប​ដែល​លោក​លីនខិន​បាន​ធ្វើ​ឲ្យ​មាន​តុល្យ​ភាព នៅ​ក្នុង​ការ​កាន់​អំណាច​របស់​គាត់ ដោយ​មាន​ការ​យោគ​យល់​ចំពោះ​បុគ្គល​ម្នាក់​ៗ ដែលស្រេក​ឃ្លាន​សេរីភាព។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​តែ​អង្គ​បុគ្គល​ម្នាក់​ប៉ុណ្ណោះ នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត ដែល​បាន​ធ្វើ​ឲ្យ​មាន​តុល្យ​ភាព រវាង​ភាព​រឹង​មាំ និង​ភាព​ស្រទន់ ឬ​រវាង​អំណាច និង​ការ​អាណឹត។ អង្គ​បុគ្គល​នោះ​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​៨ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ប្រឈម​មុខ​ដាក់​អ្នក​ដឹក​នាំ​សាសនា ដែល​កំពុង​កាត់​ទោស​ស្រ្តី​ម្នាក់​ដែល​បាន​ប្រព្រឹត្តអំពើ​ផឹត​ក្បត់ ទ្រង់​បាន​បង្ហាញ​នូវ​ភាព​រឹង​មាំ​ដូច​ដែក​ថែប និង​ភាព​ស្រទន់​ដូច​ក្រណាត់​កាំម្ញី។ ទ្រង់​បាន​បង្ហាញ​ភាព​រឹងមាំ​ដូច​ដែក ដោយ​ប្រឈម​មុខ​ដាក់​ការ​ទាម​ទា​របស់​ហ្វូង​មនុស្ស​ដែល​ស្រេក​ឃ្លាន​ការ​បង្ហូរ​ឈាម ដោយ​បង្វែរអារម្មណ៍​ពួក​គេ ឲ្យ​ងាក​មក​មើល​អំពើ​បាប​របស់​ខ្លួន​ឯង​វិញ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា “អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ”(ខ.៧)។ បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​បង្ហាញ​នូវ​សេចក្តី​អាណឹត​ដ៏​ស្រទន់​ដូច​ក្រណាត់​កាំម្ញី ដោយ​ប្រាប់​ស្រ្តី​នោះ​ថា “ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ”(ខ.១១)។

កាល​ណា​យើង​បង្ហាញ​ឲ្យ​គេ​ឃើញ​ភាព​រឹង​មាំ និង​ភាព​ស្រទន់​របស់​ទ្រង់ តាម​រយៈ​ការ​ឆ្លើយ​តប​របស់​យើង​ចំពោះ​អ្នកដទៃ នោះ​រឿង​នេះ​អាច​បង្ហាញ​ថា ព្រះ​វរបិតា​កំពុង​តែ​ធ្វើ​ការ​នៅ​ក្នុង​យើង ដោយ​កែប្រែ​យើង​ឲ្យ​មាន​លក្ខណៈ​កាន់​តែដូច​ព្រះ​យេស៊ូវ។ យើង​អាច​បង្ហាញ​លោកិយ ឲ្យ​ស្គាល់​ព្រះ​ទ័យ​ទ្រង់ ខណៈ​ពេល​ដែល​គេ​កំពុង​តែ​ស្រេក​ឃ្លាន​ភាពស្រទន់​នៃ​សេចក្តី​មេត្តា និង​ភាព​រឹង​មាំ​នៃ​យុត្តិ​ធម៌​របស់​ទ្រង់។—BILL CROWDER