បន្ទាប់​ពី​សង្រ្គាម​លោក​លើក​ទី​១​បាន​បញ្ចប់ លោក​ប្រធានា​ធិបតី​អាមេរិក វូឌ្រូ វាលសិន(Woodrow Wilson) ត្រូវ​បាន​គេ​រាប់​បញ្ចូល​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​ដែល​មាន​អំណាច​បំផុត នៅ​លើ​ផែន​ដី។ ប៉ុន្តែ មាន​មនុស្ស​តិច​ណាស់ ដែល​បាន​ដឹង​ថា បន្ទាប់​ពី​គាត់​មាន​ជម្ងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ដ៏​កាច​សាហាវ ក្នុង​ឆ្នំា​១៩១៩ គឺ​ភរិយា​របស់​គាត់​ទេ ដែល​បាន​ចាត់​ចែង​ការងារ​របស់​គាត់​ស្ទើរ​តែ​ទាំង​អស់​ ដោយ​កំណត់​ថា មាន​បញ្ហា​អ្វី​ខ្លះ​ដែល​គួរ​តែ​យក​មក​សួរ​គាត់។ តាម​ពិត អ្នក​ប្រវត្តិ​សាស្រ្ត​សម័យ​ថ្មី​ជឿ​ថា លោក​ជំទាវ​អេឌីត វាលសិន(Edith Wilson) បាន​បំពេញ​តួនាទី​ជាប្រធានា​ធិបតី​អាមេរិក ជំនួស​ស្វាមី​របស់​គាត់ អស់​មួយ​រយៈ​ពេល​ខ្លី។

បើ​សិន​ជា​គេ​សុំ​ឲ្យ​យើង​ប្រាប់​ឈ្មោះ​អ្នក​ដឹក​នាំ​ពួក​ជំនុំ​ដំបូង មនុស្ស​ភាគ​ច្រើន​នឹង​លើក​យក​ឈ្មោះ​របស់​លោក​ពេត្រុស លោក​ប៉ុល និង​លោក​ធីម៉ូថេ​មក​និយាយ ដោយ​សម្អាង​ទៅ​លើ​កណ្ឌគម្ពីរ​សំបុត្រ​ដែល​ពួក​គេ​បាន​សរសេរ។ ប៉ុន្តែ នៅក្នុង​បទ​គម្ពីរ​រ៉ូម ជំពូក ១៦ សាវ័ក​ប៉ុល​បាន​លើក​យក​ឈ្មោះ​មនុស្ស​ជិត​៤០​នាក់​មក​និយាយ ដោយ​ពួក​គេ​មាន​សាវតា​ផ្សេង​ៗ​គ្នា ដែល​មាន​បុរស ស្រ្តី ទាសករ ជន​ជាតិ​យូដា និង​សាសន៍​ដទៃ​ជា​ដើម ដែល​ពួក​គេ​សុទ្ធ​តែ​បាន​រួម​ចំណែក នៅ​ក្នុង​ការ​បង្កើត​ពួក​ជំនុំ តាម​មធ្យោ​បាយ​ផ្សេង​ៗ។

សាវ័ក​ប៉ុល​មិន​បាន​ចាត់​ទុក​ពួក​គេ​ជា​សមាជិក​ពួក​ជំនុំ​បន្ទាប់​បន្សំ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​ដឹង​ច្បាស់​ថា សា​វ័ក​ប៉ុល​បាន​ឲ្យ​តម្លៃ​ពួក​គេ​យ៉ាង​ខ្លាំង។ គាត់​បាន​ពិពណ៌នា​ថា ពួក​គេ​មាន​មនុស្ស​ដ៏​ឆ្មើម នៅ​ក្នុង​ចំណោម​ពួក​សាវ័ក​(ខ.៧) គឺ​ជា​អ្នក​ដែល​យើង​ត្រូវ​សរសើរ សម្រាប់​ការ​បម្រើ​របស់​ពួក​គេ ចំពោះ​ព្រះ​យេស៊ូវ។

មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា ខ្លួន​មាន​ភាព​សាមញ្ញ​ពេក គឺ​មិន​អាច​ធ្វើ​ជា​អ្នក​ដឹក​នាំ​ពួក​ជំនុំ​ឡើយ។ ប៉ុន្តែ តាម​ការពិ​ត យើង​ម្នាក់​ៗ​មាន​អំណោយ​ទាន​ផ្សេង​គ្នា ដែល​យើង​អាច​ប្រើ​ដើម្បី​បម្រើ និង​ជួយ​អ្នក​ដទៃ។ ចូរ​យើង​ប្រើ​អំណោយទាន​របស់​យើង ដើម្បី​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ព្រះ​អង្គ ដោយ​ពឹង​អាង​កម្លាំង​ព្រះ​អង្គ។—PETER CHIN