បន្ទាប់ពីសង្រ្គាមលោកលើកទី១បានបញ្ចប់ លោកប្រធានាធិបតីអាមេរិក វូឌ្រូ វាលសិន(Woodrow Wilson) ត្រូវបានគេរាប់បញ្ចូលក្នុងចំណោមអ្នកដឹកនាំដែលមានអំណាចបំផុត នៅលើផែនដី។ ប៉ុន្តែ មានមនុស្សតិចណាស់ ដែលបានដឹងថា បន្ទាប់ពីគាត់មានជម្ងឺដាច់សរសៃឈាមខួរក្បាលដ៏កាចសាហាវ ក្នុងឆ្នំា១៩១៩ គឺភរិយារបស់គាត់ទេ ដែលបានចាត់ចែងការងាររបស់គាត់ស្ទើរតែទាំងអស់ ដោយកំណត់ថា មានបញ្ហាអ្វីខ្លះដែលគួរតែយកមកសួរគាត់។ តាមពិត អ្នកប្រវត្តិសាស្រ្តសម័យថ្មីជឿថា លោកជំទាវអេឌីត វាលសិន(Edith Wilson) បានបំពេញតួនាទីជាប្រធានាធិបតីអាមេរិក ជំនួសស្វាមីរបស់គាត់ អស់មួយរយៈពេលខ្លី។
បើសិនជាគេសុំឲ្យយើងប្រាប់ឈ្មោះអ្នកដឹកនាំពួកជំនុំដំបូង មនុស្សភាគច្រើននឹងលើកយកឈ្មោះរបស់លោកពេត្រុស លោកប៉ុល និងលោកធីម៉ូថេមកនិយាយ ដោយសម្អាងទៅលើកណ្ឌគម្ពីរសំបុត្រដែលពួកគេបានសរសេរ។ ប៉ុន្តែ នៅក្នុងបទគម្ពីររ៉ូម ជំពូក ១៦ សាវ័កប៉ុលបានលើកយកឈ្មោះមនុស្សជិត៤០នាក់មកនិយាយ ដោយពួកគេមានសាវតាផ្សេងៗគ្នា ដែលមានបុរស ស្រ្តី ទាសករ ជនជាតិយូដា និងសាសន៍ដទៃជាដើម ដែលពួកគេសុទ្ធតែបានរួមចំណែក នៅក្នុងការបង្កើតពួកជំនុំ តាមមធ្យោបាយផ្សេងៗ។
សាវ័កប៉ុលមិនបានចាត់ទុកពួកគេជាសមាជិកពួកជំនុំបន្ទាប់បន្សំនោះឡើយ ផ្ទុយទៅវិញ យើងអាចដឹងច្បាស់ថា សាវ័កប៉ុលបានឲ្យតម្លៃពួកគេយ៉ាងខ្លាំង។ គាត់បានពិពណ៌នាថា ពួកគេមានមនុស្សដ៏ឆ្មើម នៅក្នុងចំណោមពួកសាវ័ក(ខ.៧) គឺជាអ្នកដែលយើងត្រូវសរសើរ សម្រាប់ការបម្រើរបស់ពួកគេ ចំពោះព្រះយេស៊ូវ។
មនុស្សជាច្រើនមានអារម្មណ៍ថា ខ្លួនមានភាពសាមញ្ញពេក គឺមិនអាចធ្វើជាអ្នកដឹកនាំពួកជំនុំឡើយ។ ប៉ុន្តែ តាមការពិត យើងម្នាក់ៗមានអំណោយទានផ្សេងគ្នា ដែលយើងអាចប្រើដើម្បីបម្រើ និងជួយអ្នកដទៃ។ ចូរយើងប្រើអំណោយទានរបស់យើង ដើម្បីថ្វាយព្រះកិត្តនាមដល់ព្រះអង្គ ដោយពឹងអាងកម្លាំងព្រះអង្គ។—PETER CHIN