បទចម្រៀងមានចំណងជើងថា “នេះគឺជាខ្ញុំ” ជាបទចម្រៀងដែលធ្វើឲ្យប៉ះពាល់ចិត្តណាស់ ដែលគេបានចាក់នៅក្នុងខ្សែភាពយន្តដ៏ល្បីមួយ ដែលមានចំណងជើងថា អ្នកសម្តែងដ៏អស្ចារ្យបំផុត ។ រឿងនេះត្រូវបានគេផលិត ដោយផ្អែកទៅលើជីវិតពិតរបស់លោកភី ធី បានុម(P.T. Barnum) និងក្រុមសៀកចល័តរបស់គាត់។ ទំនុកច្រៀងរបស់បទចម្រៀងនេះ ត្រូវបានយកមកច្រៀង ដោយតួរអង្គនៅក្នុងខ្សែភាពយន្តនេះ ដែលបានជួបការវាយប្រហារដោយពាក្យសម្តី និងពាក្យចម្អកឡកឡឺយ ដោយសារពួកគេមិនបានត្រាប់តាមសង្គម។ ទំនុកច្រៀងនោះបានរៀបរាប់ថា ពាក្យសម្តីអាចគ្រោះថ្នាក់ដូចគ្រាប់កំាភ្លើង និងកាំបិតដែលបំផ្លាញជីវិត ដោយបន្សល់ទុកនូវស្នាមសម្លាក។
ដោយសារបទចម្រៀងនេះមានភាពពេញនិយម នោះមនុស្សជាច្រើនមានរបួស ដោយសារពាក្យសម្តីដែលគ្រោះថ្នាក់ដូចអាវុធ ហើយវាជារបួសដែលមានពិតមែន ទោះគេមើលវាមិនឃើញក៏ដោយ។
លោកយ៉ាកុបបានដឹងអំពីគ្រោះថ្នាក់នៃពាក្យសម្តីរបស់យើង ដែលនាំឲ្យមានការខូចខាត ដែលមានរយៈពេលយូរ បានជាគាត់មានប្រសាសន៍ថា អណ្តាត “ជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិស ដែលនាំឲ្យស្លាប់” (យ៉ាកុប ៣:៨)។ លោកយ៉ាកុបបានធ្វើការប្រៀបធៀបដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ដើម្បីឲ្យអ្នកជឿទាំងឡាយទទួលស្គាល់ថា ពាក្យសម្តីរបស់ពួកគេ ពិតជាមានអំណាចដ៏លើសលប់។ ជាងនេះទៅទៀត គាត់បាននិយាយសង្កត់ធ្ងន់ អំពីអណ្តាតដែលសរសើរដំកើងព្រះមិនទាន់បានយូរប៉ុន្មានផង ក៏បានងាកមកពោលពាក្យដែលនាំឲ្យមានរបួសដល់អ្នកដែលព្រះទ្រង់បានបង្កើត ឲ្យមានរូបភាពដូចទ្រង់(ខ.៩-១០)។
បទចម្រៀងក្នុងខ្សែភាពយន្តនោះ ក៏បានឆ្លុះបញ្ចាំងអំពីគ្រោះថ្នាក់នៃការវាយប្រហារដោយពាក្យសម្តី ដោយលើកឡើងថា យើងរាល់គ្នាសុទ្ធតែមានតម្លៃ គឺដូចដែលព្រះគម្ពីរបានបញ្ជាក់រួចហើយ។ ព្រះគម្ពីរលើកឡើងអំពីភាពថ្លៃថ្នូរ និងសម្រស់របស់ជីវិតមនុស្សម្នាក់ៗ មិនមែនដោយសាររូបភាពនៅសម្បកក្រៅ ឬដោយសារការអ្វីដែលយើងបានធ្វើនោះទេ តែគឺដោយសារយើងម្នាក់ៗ សុទ្ធតែត្រូវបានព្រះទ្រង់រចនាមក ឲ្យមានភាពស្រស់ស្អាត និងតម្លៃ ជាស្នាព្រះហស្តដ៏ល្អឯករបស់ទ្រង់(ទំនុកដំកើង ១៣៩:១៤)។ ហើយពាក្យសម្តីដែលយើងនិយាយគ្នា និងនិយាយអំពីគ្នាទៅវិញមក គឺមានអំណាច ដូចដែលមានចែងក្នុងសេចក្តីពិត។—LISA SAMRA