បទ​ចម្រៀង​មាន​ចំណង​ជើង​ថា “នេះ​គឺ​ជា​ខ្ញុំ” ជា​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​ណាស់ ដែល​គេ​បាន​ចាក់​នៅ​ក្នុងខ្សែ​ភាព​យន្ត​ដ៏​ល្បី​មួយ ដែល​មាន​ចំណង​ជើង​ថា អ្នក​សម្តែង​ដ៏​អស្ចារ្យ​បំផុត ។ រឿង​នេះ​ត្រូវ​បាន​គេ​ផលិត ដោយ​ផ្អែក​ទៅ​លើ​ជីវិត​ពិត​របស់​លោក​ភី ធី បានុម(P.T. Barnum) និង​ក្រុម​សៀក​ចល័ត​របស់​គាត់។ ទំនុក​ច្រៀង​របស់​បទ​ចម្រៀង​នេះ ត្រូវ​បាន​យក​មក​ច្រៀង ដោយ​តួរ​អង្គ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​នេះ ដែល​បាន​ជួប​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី និង​ពាក្យ​ចម្អក​ឡក​ឡឺយ ដោយសារ​ពួក​គេ​មិន​បាន​ត្រាប់​តាម​សង្គម។ ទំនុក​ច្រៀង​នោះ​បាន​រៀប​រាប់​ថា ពាក្យ​សម្តីអាច​គ្រោះ​ថ្នាក់​ដូច​គ្រាប់​កំា​ភ្លើង និង​កាំបិត​ដែល​បំផ្លាញ​ជីវិត ដោយ​បន្សល់​ទុក​នូវ​ស្នាម​សម្លាក។

ដោយសារ​បទ​ចម្រៀង​នេះ​មាន​ភាព​ពេញ​និយម នោះ​មនុស្ស​ជា​ច្រើន​មាន​របួស ដោយ​សារ​ពាក្យ​សម្តី​ដែល​គ្រោះ​ថ្នាក់​ដូច​អាវុធ ហើយ​វា​ជា​របួស​ដែល​មាន​ពិត​មែន ទោះ​គេ​មើល​វា​មិន​ឃើញ​ក៏​ដោយ។

លោក​យ៉ាកុប​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​ពាក្យ​សម្តី​របស់​យើង ដែល​នាំ​ឲ្យ​មាន​ការ​ខូច​ខាត ដែល​មាន​រយៈ​ពេល​យូរ បាន​ជា​គាត់​មាន​ប្រសាសន៍​ថា អណ្តាត “​ជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស ដែល​នាំ​ឲ្យ​ស្លាប់” (យ៉ាកុប ៣:៨)។ លោក​យ៉ាកុប​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ ដើម្បី​ឲ្យ​អ្នក​ជឿ​ទាំង​ឡាយ​ទទួល​ស្គាល់​ថា ពាក្យ​សម្តី​របស់​ពួក​គេ ពិត​ជា​មាន​អំណាច​ដ៏​លើស​លប់។ ជាង​នេះ​ទៅ​ទៀត គាត់​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​អណ្តាត​ដែល​សរសើរ​ដំកើង​ព្រះ​មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ក៏​បាន​ងាក​មក​ពោល​ពាក្យ​ដែល​នាំ​ឲ្យ​មាន​របួស​ដល់​អ្នក​ដែល​ព្រះទ្រង់​បាន​បង្កើត ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់(ខ.៩-១០)។

បទ​ចម្រៀង​ក្នុង​ខ្សែ​ភាព​យន្ត​នោះ ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី ដោយ​លើក​ឡើង​ថា យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​តម្លៃ គឺ​ដូច​ដែល​ព្រះ​គម្ពីរ​បាន​បញ្ជាក់​រួច​ហើយ។ ព្រះ​គម្ពីរ​លើក​ឡើង​អំពី​ភាព​ថ្លៃ​ថ្នូរ និង​សម្រស់​របស់​ជីវិត​មនុស្ស​ម្នាក់​ៗ មិន​មែន​ដោយ​សារ​រូប​ភាព​នៅ​សម្បក​ក្រៅ ឬ​ដោយ​សារ​ការ​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​ទេ តែ​គឺ​ដោយ​សារ​យើង​ម្នាក់​ៗ សុទ្ធ​តែ​ត្រូវ​បាន​ព្រះ​ទ្រង់​រចនា​មក ឲ្យ​មាន​ភាព​ស្រស់​ស្អាត និង​តម្លៃ ជា​ស្នា​ព្រះហស្ត​ដ៏ល្អ​ឯក​របស់​ទ្រង់​(ទំនុកដំកើង ១៣៩:១៤)។ ហើយ​ពាក្យ​សម្តី​ដែល​យើង​និយាយ​គ្នា និង​និយាយ​អំ​ពី​គ្នា​ទៅ​វិញ​មក គឺមាន​អំណាច ដូច​ដែល​មាន​ចែង​ក្នុង​សេចក្តី​ពិត។—LISA SAMRA