អេមា(Emma) ជាយុវតីអាយុ១៨ឆ្នាំ ដែលបានជជែកអំពីព្រះយេស៊ូវ ដោយចិត្តស្មោះត្រង់ នៅលើបណ្តាញសង្គម ទោះគេបានរិះគន់នាង ដោយសារនាងមានក្តីអំណរ និងសេចក្តីស្រឡាញ់ដ៏ឆេះឆួល ចំពោះព្រះគ្រីស្ទក៏ដោយ។ អ្នកខ្លះបានវាយប្រហារនាង ដោយទិទៀនរូបសម្រស់របស់នាង។ អ្នកខ្លះទៀតនិយាយថា នាងខ្វះបញ្ញា ដោយសារនាងមានចិត្តប្តូរផ្តាច់ចំពោះព្រះ។ ពាក្យសម្តីដ៏សាហាវទាំងនោះ បានចាក់ចូលជ្រៅទៅក្នុងចិត្តរបស់អេម៉ា តែនាងនៅតែបន្តផ្សាយដំណឹងល្អ ដោយជំនឿ និងសេចក្តីស្រឡាញ់ដ៏ក្លាហាន សម្រាប់ព្រះយេស៊ូវ និងអ្នកដទៃ។ ទោះជាយ៉ាងណាក៏ដោយ ជួនកាល នាងត្រូវបានល្បួងឲ្យជឿថា អត្តសញ្ញាណ និងតម្លៃរបស់នាង ត្រូវបានកំណត់ដោយការរិះគន់របស់អ្នកដទៃ។ ពេលដែលនាងមានអារម្មណ៍បែបនេះ នាងក៏បានទូលសូមជំនួយមកពីព្រះ ដោយអធិស្ឋានឲ្យអ្នកដែលបានបៀតបៀននាង និងជញ្ជឹងគិតព្រះបន្ទូល ក្នុងព្រះគម្ពីរ និងអត់ទ្រាំដោយសេចក្តីក្លាហាន និងទំនុកចិត្ត ដែលព្រះវិញ្ញាណបានបណ្តាលឡើង ក្នុងចិត្តនាង។
លោកគេឌានបានជួបការធ្វើទុក្ខបុកម្នេញដ៏សាហាវ ពីសាសន៍មីឌាន(ពួកចៅហ្វាយ ៦:១-១០)។ ព្រះទ្រង់បានហៅគាត់ថា “អ្នកក្លាហានដ៏ពូកែ” តែគាត់នៅតែមានការសង្ស័យ ការផ្តោតទៅលើចំណុចខ្វះខាតរបស់ខ្លួនឯង និងខ្លាចគ្រោះថ្នាក់(ខ.១១-១៥)។ គាត់បានទូលសួរព្រះអម្ចាស់ម្តងហើយម្តងទៀត អំពីព្រះវត្តមានរបស់ទ្រង់ និងលក្ខណៈសម្បត្តិរបស់គាត់ ប៉ុន្តែ ទីបំផុត គាត់ក៏បានចុះចូលចំពោះទ្រង់ ដោយជំនឿ។
ពេលណាយើងទុកចិត្តព្រះ យើងអាចរស់នៅ ដោយជឿជាក់ថា អ្វីដែលទ្រង់បានមានបន្ទូលអំពីយើង គឺសុទ្ធតែជាការពិត។ ការបៀតបៀននាំឲ្យយើងមានការសង្ស័យ អំពីអត្តសញ្ញាណរបស់យើង ប៉ុន្តែ ស្ថិតក្នុងពេលនោះ ព្រះវរបិតានៃសេចក្តីស្រឡាញ់របស់យើង នៅតែធានាថា ព្រះវត្តមានទ្រង់នៅជាប់ជាមួយយើងជានិច្ច ហើយទ្រង់កំពុងតែប្រយុទ្ធជំនួសយើង។ ទ្រង់បញ្ជាក់ថា យើងអាចដើរដូចអ្នកប្រយុទ្ធដ៏ខ្លាំងពូកែ ដែលបំពាក់ទៅដោយគ្រឿងសឹកនៃសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ទ្រង់ និងការពារដោយព្រះគុណដ៏បរិបូរ និងនៅជាប់ក្នុងសេចក្តីពិតរបស់ទ្រង់ ដែលយើងអាចជឿទុកចិត្ត។—XOCHITL DIXON