មាន​ពេល​មួយ មន្ត្រី​សុខា​ភិបាល​របស់​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ បាន​ផ្តល់​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ ដល់​ជន​អនាថា ​ដែល​កំពុង​ញៀន​ថ្នាំ។ កម្ម​វិធី​នេះ​បាន​ចាប់​ផ្តើម ដើម្បី​ឆ្លើយ​តប ចំពោះ​កំណើន​នៃ​ជន​អនាថា​ដែល​បាន​ចាក់​ថ្នាំ​ញៀន។ តាម​ធម្មតា វេជ្ជ​បណ្ឌិត​រង់​ចាំ​អ្នក​ជម្ងឺ​មក​គ្លីនិក ដើម្បី​ទទួល​ការ​ព្យាបាល។ ប៉ុន្តែ ពេល​ដែល​គេ​នាំ​ការ​ព្យាបាល ទៅ​រក​អ្នក​ជម្ងឺ នោះ​អ្នក​ជម្ងឺ​មិន​ចាំ​បាច់​ត្រូវ​ជម្នះ​ការ​លំបាក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ឬ​មិន​ពិបាក​ភ្លេច​ការ​ណាត់​ជួប​ឡើយ។

មន្រ្តី​សុខា​ភិបាល ដែល​បាន​ស្ម័គ្រ​ចិត្ត​ទៅ​រក​មនុស្ស​ដែល​ត្រូវ​ការ​ការ​ព្យាបាល​យ៉ាង​ដូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​យាង​មក​រក​យើង នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ​ពី​ទ្រង់។ កាល​ព្រះយេស៊ូវ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​ទ្រង់​នៅ​លើ​ផែន​ដី ទ្រង់​បាន​ស្វែង​រក​មនុស្ស ដែល​អ្នក​ដឹក​នាំ​សាសនា​បាន​រើស​អើង។ ពួក​គេ​បាន​រិះ​គន់​ទ្រង់​ថា ទ្រង់​បាន​សោយ​អាហារ​ជា​មួយ​មនុស្ស​មាន​បាប និង​អ្នក​យក​ពន្ធ​(ខ.១៦)។ ពេល​គេ​សួរ​ទ្រង់​ថា ហេតុ​អ្វី​ទ្រង់​ធ្វើ​ដូចនេះ ទ្រង់​ក៏​បាន​ឆ្លើយ​ថា “ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ គេ​មិន​ត្រូវ​ការ​នឹង​គ្រូពេទ្យ​ទេ គឺ​ជា​មនុស្ស​ដែល​មាន​ជំងឺ​វិញ​ទេ​តើ”(ខ.១៧) ។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ទៀត​ថា ទ្រង់​មិន​បាន​មក ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប​ ឲ្យ​មាន​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ទ្រង់។

ពេល​ដែល​យើង​ដឹង​ថា យើង​រាល់​គ្នា​សុទ្ធ​តែ “ឈឺ” ហើយ​ត្រូវ​ការ​គ្រូ​ពេទ្យ(រ៉ូម ៣:១០) នោះ​យើង​អាច​សរសើរ និង​អរព្រះ​គុណ​ព្រះ​យេស៊ូវ សម្រាប់​ការ​ដែល​ទ្រង់​បាន​សព្វ​ព្រះទ័យ​នឹង​បរិភោគ​អាហារ​ជា​មួយ “មនុស្ស​មាន​បាប និង​អ្នក​យក​ពន្ធ” ដូច​យើង​រាល់​គ្នា។ បន្ទាប់​ពី​យើង​បាន​ទទួល​ការ​សង្រ្គោះពី​ទ្រង់​ហើយ ទ្រង់​បាន​ចាត់​យើង​ឲ្យ​ចេញ​ទៅ​ធ្វើ​ការជា​ក្រុម​នៅ​តាម​ដង​ផ្លូវ​ទំាង​ឡាយ ដើម្បី​នាំ​ព្រះ​រាជ​សារ​នៃ​សេចក្តី​សង្រ្គោះ​របស់​ទ្រង់ ទៅ​រក​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពីទ្រង់។—KIRSTEN HOLMBERG