មានគេសួរខ្ញុំថា តើខ្ញុំមានផែនការសម្រាប់រយៈពេល៥ឆ្នាំទេ? តើធ្វើដូចម្តេចឲ្យខ្ញុំអាចមានផែនការប្រាំឆ្នំា ដោយងាយៗ ដោយធ្វើដំណើរតាមផ្លូវដែលខ្ញុំមិនធ្លាប់ធ្វើដំណើរ?
ខ្ញុំក៏បានគិតដល់ទសវត្សរ៍ឆ្នាំ១៩៦០ ដែលកាលនោះ ខ្ញុំកំពុងធ្វើការឈោងចាប់និស្សិត នៅសកលវិទ្យាល័យស្ទេនហ្វ៊ត។ កាលនៅរៀននៅមហាវិទ្យាល័យ ខ្ញុំបានជ្រើសរើសមុខជំនាញផ្នែកកាយវប្បកម្ម ហើយមានការសប្បាយច្រើន ប៉ុន្តែ ខ្ញុំមិនមានប្រវត្តិជាអ្នករៀនបានជ្រៅជ្រះនោះទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានចំណុចខ្វះខាតទាំងស្រុង សម្រាប់មុខតំណែងថ្មីរបស់ខ្ញុំ។ ភាគច្រើន ខ្ញុំដើរចុះឡើងៗនៅក្នុងទីធ្លាសាលា ដូចមនុស្សខ្វាក់ដែលដើររាវ នៅក្នុងភាពងងឹត ហើយបានទូលសូមព្រះទ្រង់បង្ហាញឲ្យខ្ញុំដឹងថា ខ្ញុំត្រូវធ្វើអ្វីខ្លះ។ ថ្ងៃមួយ មាននិស្សិតម្នាក់បានមកជួបខ្ញុំ ដោយមិនបានឲ្យដំណឹងជាមុន ហើយក៏បានសុំឲ្យខ្ញុំដឹកនាំការសិក្សាព្រះគម្ពីរ នៅក្នុងសមាគមន៍បុរសរបស់គាត់។ ដំណើរបេសកកម្មរបស់ខ្ញុំក៏បានចាប់ផ្តើម។
ព្រះជាម្ចាស់មិនឈរនៅផ្លូវប្រសប់ ហើយចង្អុលបង្ហាញផ្លូវនោះឡើយ ព្រោះទ្រង់ជាអ្នកនាំផ្លូវយើង មិនមែនជាផ្លាកសញ្ញាប្រាប់ផ្លូវនោះទេ។ ទ្រង់យាងទៅជាមួយយើង ដោយដឹកនាំយើងទៅតាមផ្លូវ ដែលយើងមិនធ្លាប់ស្គាល់។ អ្វីដែលយើងត្រូវធ្វើនោះគឺត្រូវដើរទន្ទឹមនឹងទ្រង់។
ផ្លូវនោះមិនស្រួលធ្វើដំណើរទេ។ វានឹងមានការរលាក់។ ប៉ុន្តែ ព្រះទ្រង់បានសន្យាថា ទ្រង់នឹងកែប្រែភាពងងឹត ឲ្យក្លាយជាពន្លឺ ហើយ “នឹងមិនបោះបង់យើងចោល” ឡើយ(អេសាយ ៤២:១៦)។ ទ្រង់នឹងយាងទៅនៅជាមួយយើង ចាប់ពីដើមទី រហូតដល់ចប់។
សាវ័កប៉ុលមានប្រសាសន៍ថា ព្រះទ្រង់ “អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី”(អេភេសូរ ៣:២០)។ យើងអាចរៀបផែនការ និងមានចក្ខុវិស័យ ប៉ុន្តែ ការរៀបចំរបស់ព្រះអម្ចាស់ ល្អលើសផែនការរបស់យើង។ យើងត្រូវតែបើកចំហរចិត្ត ដើម្បីទទួលការបើកសម្តែងពីព្រះអង្គ។—DAVID H. ROPER