មាន​គេ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មាន​ផែន​ការ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ទេ? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​មាន​ផែន​ការ​ប្រាំ​ឆ្នំា ដោយ​ងាយ​ៗ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​ខ្ញុំ​មិន​ធ្លាប់​ធ្វើ​ដំណើរ?

ខ្ញុំ​ក៏​បាន​គិត​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដែល​កាល​នោះ ខ្ញុំ​កំពុង​ធ្វើ​ការ​ឈោង​ចាប់​និស្សិត នៅ​សកល​វិទ្យាល័យ​ស្ទេនហ្វ៊ត​។ កាល​នៅ​រៀន​នៅ​មហា​វិទ្យា​ល័យ ខ្ញុំ​បាន​ជ្រើស​រើស​មុខ​ជំនាញ​ផ្នែក​កាយ​វប្ប​កម្ម ហើយ​មាន​ការ​សប្បាយ​ច្រើន ប៉ុន្តែ ខ្ញុំ​មិន​មាន​ប្រវត្តិ​ជា​អ្នក​រៀន​បាន​ជ្រៅ​ជ្រះ​នោះ​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ចំណុច​ខ្វះ​ខាត​ទាំង​ស្រុង សម្រាប់​មុខ​តំណែង​ថ្មី​របស់​ខ្ញុំ។​ ភាគ​ច្រើន ខ្ញុំ​ដើរ​ចុះ​ឡើង​ៗ​នៅ​ក្នុង​ទី​ធ្លា​សាលា ដូច​មនុស្ស​ខ្វាក់​ដែល​ដើរ​រាវ នៅ​ក្នុង​ភាព​ងងឹត ហើយ​បាន​ទូល​សូម​ព្រះ​ទ្រង់​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ។ ថ្ងៃ​មួយ មាន​និស្សិត​ម្នាក់​បាន​មក​ជួប​ខ្ញុំ ដោយ​មិន​បាន​ឲ្យ​ដំណឹង​ជា​មុន ហើយ​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ នៅ​ក្នុង​សមាគមន៍​បុរស​របស់​គាត់។ ដំណើរ​បេសក​កម្ម​របស់​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម។

ព្រះ​ជា​ម្ចាស់​មិន​ឈរ​នៅ​ផ្លូវ​ប្រសប់ ហើយ​ចង្អុល​បង្ហាញ​ផ្លូវ​នោះ​ឡើយ ព្រោះ​ទ្រង់​ជា​អ្នក​នាំ​ផ្លូវ​យើង មិន​មែន​ជា​ផ្លាក​សញ្ញា​ប្រាប់​ផ្លូវ​នោះ​ទេ។ ទ្រង់​យាង​ទៅ​ជា​មួយ​យើង ដោយ​ដឹក​នាំ​យើង​ទៅ​តាម​ផ្លូវ ដែល​យើង​មិន​ធ្លាប់​ស្គាល់។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ដើរ​ទន្ទឹម​នឹង​ទ្រង់។

ផ្លូវ​នោះ​មិន​ស្រួល​ធ្វើ​ដំណើរ​ទេ។ វា​នឹង​មាន​ការ​រលាក់។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​កែ​ប្រែ​ភាព​ងងឹត ឲ្យ​ក្លាយ​ជា​ពន្លឺ ហើយ “នឹង​មិន​បោះ​បង់​យើង​ចោល​” ឡើយ(អេសាយ ៤២:១៦)។ ទ្រង់​នឹង​យាង​ទៅ​នៅ​ជា​មួយ​យើង ចាប់​ពី​ដើម​ទី រហូត​ដល់​ចប់។

សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា ព្រះ​ទ្រង់ “អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី”(អេភេសូរ ៣:២០)។ យើង​អាច​រៀប​ផែន​ការ និង​មាន​ចក្ខុ​វិស័យ ប៉ុន្តែ ការ​រៀប​ចំ​របស់​ព្រះ​អម្ចាស់ ល្អ​លើស​ផែន​ការ​របស់​យើង។ យើង​ត្រូវ​តែ​បើក​ចំហរ​ចិត្ត ដើម្បី​ទទួល​ការ​បើក​សម្តែង​ពី​ព្រះ​អង្គ។—DAVID H. ROPER