កាល​ពី​ក្មេង ជី​ដូន​របស់​ខ្ញុំ​បាន​ដាំ​ផ្កា​ភែនស៊ី ដែល​មាន​រូប​រាង​ដូច​មុខ​របស់​សត្វ​ខ្លា​ឃ្មំ​ភែន​ដា។ ខ្ញុំ​បាន​ឃើញ​សត្វមេ​អំបៅ​ហើរ​ចេញ​ចូល ក្នុង​ផ្កា​នោះ។ ខ្ញុំ​ចង់​ចាប់​វា​ណាស់។ ខ្ញុំ​ក៏​បាន​ប្រញាប់​រត់ ពី​ទីធ្លា​ក្រោយ​ផ្ទះ​ ចូល​ទៅ​ក្នុង​ផ្ទះ​បាយ ហើយ​ក៏​បាន​ចាប់​កាន់​ថូ​កញ្ចក់​មួយ រួច​ប្រញាប់​រត់​មក​វិញ ហើយ​ក៏​បាន​ជំពប់​ជើង​ដួល​មួយ​ទំហឹង នៅ​លើ​រាន​ហាល​ដែល​ធ្វើ​ពី​បេតុង។ ថូ​នោះ​ក៏​បាន​បែក នៅ​ក្រោម​ក​ដៃ​ខ្ញុំ ហើយ​បន្សល់​ទុក​នូវ​ស្នាម​រយះ​ដ៏​អាក្រក់​មួយ ដែល​ត្រូវ​ដេរ​អស់១៨​ថ្នេរ។ សព្វ​ថ្ងៃ​នេះ ស្នាម​សម្លាក​ដែល​មាន​រូប​រាង​ដូច​សត្វ​ដង្កូវ​បាក់​ខ្នង បាន​នៅ​ជាប់​នឹង​កដៃ​ខ្ញុំ ជា​ការ​រំឭក​អំពី​រឿងស្នាម​របួស និង​ការ​ប្រោស​ឲ្យ​ជា។

ពេល​ដែល​ព្រះ​យេស៊ូវ​បង្ហាញ​អង្គ​ទ្រង់ ឲ្យ​ពួក​សាវ័ក​ឃើញ បន្ទាប់​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទ្រង់​ក៏​បាន​បង្ហាញ​ស្នាម​សម្លាក​របស់​ទ្រង់​ផង​ដែរ។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​ថា លោក​ថូម៉ាស​ចង់​ឃើញ “ស្នាម​ដែក​គោល នៅ​ព្រះហស្ត​ទ្រង់” ហើយ​ព្រះ​យេស៊ូវ​ក៏​បាន​ប្រាប់​គាត់​ឲ្យ ​លូក​ម្រាម​ដៃ​គាត់ ស្ទាប​មើល​ដៃ​ទ្រង់​ ហើយ​លូក​ដៃ​មក​ក្នុង​ចំហៀងទ្រង់(យ៉ូហាន ២០:២៥-២៧)។ ដើម្បី​បង្ហាញ​ពួក​គេ​ឲ្យ​ដឹង​ថា ទ្រង់​ជា​ព្រះ​យេស៊ូវ​ដែល​បាន​សុគត ទ្រង់​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​មាន​ជាប់​ស្នាម​សម្លាក ដែល​គេ​អាច​មើល​ឃើញ គឺ​ស្នាម​សម្លាក​ដែល​បន្សល់​ទុក​ពី​ការ​រង​ទុក្ខ​វេទនា​របស់​ទ្រង់។​

ស្នាម​សម្លាក​របស់​ព្រះ​យេស៊ូវ​បង្ហាញ​ថា ទ្រង់​ជា​ព្រះ​អង្គ​សង្រ្គោះ និង​ប្រាប់​យើង អំពី​រឿង​នៃ​សេចក្តី​សង្រ្គោះ​របស់​យើង​។ ស្នាម​ធ្លុះ​នៅ​លើ​ព្រះ​ហស្ត និង​ព្រះ​បាទ​ទ្រង់ និង​ស្នាម​ចាក់​នៅ​ចំហៀង​ទ្រង់ បាន​បើក​បង្ហាញ​នូវ​រឿង​ដ៏​ឈឺ​ចាប់ ដែល​ទ្រង់​ទទួល​រង អត់​ទ្រាំ និង​បាន​ប្រោស​ឲ្យ​ជា​វិញ ដើម្បី​យើង​រាល់​គ្នា។ ទ្រង់​ធ្វើ​ដូច​នេះ ដើម្បី​ឲ្យ​យើង​អាច​ផ្សះ​ផ្សា​ទំនាក់​ទំនង ​ឲ្យ​ជា​នឹង​ទ្រង់ ហើយ​ត្រូវ​បាន​ស្តា​ឡើង​ទាំង​ស្រុង។

តើ​អ្នក​ធ្លាប់​ពិចារណា អំពី​រឿង​ដែល​និយាយ​អំពី​ស្នាម​សម្លាក​របស់​ព្រះ​គ្រីស្ទ​ឬ​ទេ?—ELISA MORGAN