នៅ​ក្នុង​សៀវ​ភៅ​មាន​ចំណង​ជើង​ថា ​ជំនាន់​នៃ​គ្រួសារ​ខ្ញុំ  លោក​បេ(Bae) បាន​ពិពណ៌នា អំពី​សេចក្តី​ស្មោះ​ត្រង់​របស់ព្រះ និង​អំណាច​នៃ​ដំណឹង​ល្អ ដែល​បាន​ទម្លុះ​ភាព​ងងឹត។ ជីតា ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ បាន​ទទួល​រង​ការ​បៀត​បៀន ដោយ​សារ​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ជំនឿ​លើ​ព្រះ​គ្រីស្ទ។​ ប៉ុន្តែ មាន​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍មួយ​បាន​កើត​ឡើង ពេល​ដែល​លោក​បេ ត្រូវ​គេ​ចាប់​ដាក់​គុក ដោយសារ​គាត់​បាន​និយាយ​ប្រាប់​មិត្ត​ភក្តិ​ម្នាក់ អំពី​ព្រះ។ ពេល​នោះ ជំនឿ​របស់​គាត់​កាន់​តែ​រឹង​មាំ​ឡើង។ រឿង​នេះ​ក៏​បាន​កើត​ឡើង​ចំពោះ​ឪពុក​ម្តាយ​របស់​គាត់​ដែរ ពេល​ដែលគេ​កាត់​ទោស​ពួក​គាត់ ឲ្យ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ជំរុំ​ប្រមូល​ផ្តុំ។ ពេល​នោះ ពួក​គាត់​បន្ត​ផ្សាយ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ កាន់​តែ​ច្រើន​ជាង​មុន​ទៀត នៅ​ក្នុង​កន្លែង​ឃុំ​ខ្លួន​នោះ។ លោក​បេ​បាន​ជឿ​ព្រះ​បន្ទូល​សន្យា​ក្នុង​បទ​គម្ពីរ យ៉ូហាន ១:៥ ដែល​បាន​ចែង​ថា “ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ”។

មុន​ពេល​ការ​ចាប់​ខ្លួន និង​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះ​យេស៊ូវ​បាន​ដាស់​តឿន​ពួក​សិស្ស​របស់​ទ្រង់ អំពី​បញ្ហា​ដែល​ពួក​គេ​នឹង​ជួប​ប្រទះ។ ពួក​គេ​នឹង​ត្រូវ​គេ​បដិសេធ ព្រោះ​គេ​មិន​បាន​ស្គាល់​ព្រះ​យេស៊ូវ ឬ​ព្រះ​វរបិតា​ឡើយ​(១៦:៣)។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​កម្សាន្ត​ចិត្ត​ថា “នៅ​លោកីយ៍​នេះ ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ”(ខ.៣៣)។

អ្នក​ជឿ​ជា​ច្រើន មិន​ដែល​បាន​ជួប​ការ​បៀត​បៀន ក្នុង​កំរិត​ដែល​ក្រុម​គ្រួសារ​របស់​លោក​បេ​បាន​ទទួល​រង​ឡើយ តែ​យើង​អាច​រំពឹង​ថា យើង​នឹង​ជួប​បញ្ហា ដោយ​សារ​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ។ យើង​មិន​ចាំ​បាច់​ត្រូវ​បាក់​ទឹក​ចិត្ត ឬ​មានកំហឹង​នោះ​ឡើយ។ យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​យេស៊ូវ​បាន​ចាត់​ឲ្យ​យាង​ចុះ​មក តាម​ការ​សន្យា​របស់​ទ្រង់។ យើង​អាច​ងាក​ទៅ​រក​ទ្រង់ ដើម្បី​សូម​ការ​ដឹក​នាំ និង​ការ​កម្សាន្ត​ចិត្ត​(ខ.៧)។ អំណាច​នៃ​ព្រះវត្ត​មាន​ព្រះ អាច​ជួយ​ទប់​យើង ឲ្យ​មាន​ជំហរ​រឹង​មាំ នៅ​ក្នុង​ពេល​ដ៏​ខ្មៅ​ងងឹត។—LINDA WASHINGTON