កាលពីក្មេង ជីដូនរបស់ខ្ញុំបានដាំផ្កាភែនស៊ី ដែលមានរូបរាងដូចមុខរបស់សត្វខ្លាឃ្មំភែនដា។ ខ្ញុំបានឃើញសត្វមេអំបៅហើរចេញចូល ក្នុងផ្កានោះ។ ខ្ញុំចង់ចាប់វាណាស់។ ខ្ញុំក៏បានប្រញាប់រត់ ពីទីធ្លាក្រោយផ្ទះ ចូលទៅក្នុងផ្ទះបាយ ហើយក៏បានចាប់កាន់ថូកញ្ចក់មួយ រួចប្រញាប់រត់មកវិញ ហើយក៏បានជំពប់ជើងដួលមួយទំហឹង នៅលើរានហាលដែលធ្វើពីបេតុង។ ថូនោះក៏បានបែក នៅក្រោមកដៃខ្ញុំ ហើយបន្សល់ទុកនូវស្នាមរយះដ៏អាក្រក់មួយ ដែលត្រូវដេរអស់១៨ថ្នេរ។ សព្វថ្ងៃនេះ ស្នាមសម្លាកដែលមានរូបរាងដូចសត្វដង្កូវបាក់ខ្នង បាននៅជាប់នឹងកដៃខ្ញុំ ជាការរំឭកអំពីរឿងស្នាមរបួស និងការប្រោសឲ្យជា។
ពេលដែលព្រះយេស៊ូវបង្ហាញអង្គទ្រង់ ឲ្យពួកសាវ័កឃើញ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏បានបង្ហាញស្នាមសម្លាករបស់ទ្រង់ផងដែរ។ កណ្ឌគម្ពីរយ៉ូហានបានចែងថា លោកថូម៉ាសចង់ឃើញ “ស្នាមដែកគោល នៅព្រះហស្តទ្រង់” ហើយព្រះយេស៊ូវក៏បានប្រាប់គាត់ឲ្យ លូកម្រាមដៃគាត់ ស្ទាបមើលដៃទ្រង់ ហើយលូកដៃមកក្នុងចំហៀងទ្រង់(យ៉ូហាន ២០:២៥-២៧)។ ដើម្បីបង្ហាញពួកគេឲ្យដឹងថា ទ្រង់ជាព្រះយេស៊ូវដែលបានសុគត ទ្រង់ក៏បានមានព្រះជន្មរស់ឡើងវិញ ដោយមានជាប់ស្នាមសម្លាក ដែលគេអាចមើលឃើញ គឺស្នាមសម្លាកដែលបន្សល់ទុកពីការរងទុក្ខវេទនារបស់ទ្រង់។
ស្នាមសម្លាករបស់ព្រះយេស៊ូវបង្ហាញថា ទ្រង់ជាព្រះអង្គសង្រ្គោះ និងប្រាប់យើង អំពីរឿងនៃសេចក្តីសង្រ្គោះរបស់យើង។ ស្នាមធ្លុះនៅលើព្រះហស្ត និងព្រះបាទទ្រង់ និងស្នាមចាក់នៅចំហៀងទ្រង់ បានបើកបង្ហាញនូវរឿងដ៏ឈឺចាប់ ដែលទ្រង់ទទួលរង អត់ទ្រាំ និងបានប្រោសឲ្យជាវិញ ដើម្បីយើងរាល់គ្នា។ ទ្រង់ធ្វើដូចនេះ ដើម្បីឲ្យយើងអាចផ្សះផ្សាទំនាក់ទំនង ឲ្យជានឹងទ្រង់ ហើយត្រូវបានស្តាឡើងទាំងស្រុង។
តើអ្នកធ្លាប់ពិចារណា អំពីរឿងដែលនិយាយអំពីស្នាមសម្លាករបស់ព្រះគ្រីស្ទឬទេ?—ELISA MORGAN