មានពេលមួយ ខ្យល់ព្យុះកំបុតត្បូងផ្លូរិន កំពុងតែបក់បោកមកលើទីក្រុងវីលមីងតុន រដ្ឋឃែរ៉ូឡាយណាខាងជើង ដោយកម្លាំងដ៏វិនាសកម្ម។ ពេលនោះ កូនស្រីរបស់ខ្ញុំបានត្រៀមខ្លួនចាកចេញពីផ្ទះរបស់នាង។ នាងបានរង់ចំារហូតដល់ពេលចុងក្រោយ ដោយសង្ឃឹមថា ខ្យល់ព្យុះនឹងផ្លាស់ប្តូរទិសដៅរបស់វា។ ប៉ុន្តែ មិនយូរប៉ុន្មាន នាងក៏បានប្រញ៉ាប់ប្រញ៉ាល់ប្រមូលក្រដាស់ រូបថត និងរបស់ទ្រព្យសំខាន់ៗ ដោយសម្រេចចិត្តថា អ្វីត្រូវទុក អ្វីត្រូវយកទៅ។ ក្រោយមក នាងក៏បានប្រាប់ខ្ញុំថា នាងមិននឹកស្មានថា នាងមានការពិបាកនៅក្នុងការចាកចេញសោះ ប៉ុន្តែ នៅពេលនោះ នាងមិនដឹងថា នឹងមានអ្វីខ្លះនៅសេសសល់ពេលដែលនាងត្រឡប់មកវិញ។
ខ្យល់ព្យុះនៃជីវិតបានចូលមករកយើង តាមទម្រង់ខុសៗគ្នាជាច្រើន ដូចជា ខ្យល់ព្យុះកំបុតត្បូង ខ្យល់កូចយក្សថូនេដូ រញ្ជួយដី ទឹកជំនន់ និងបញ្ហាដែលមិននឹកស្មានដល់ ក្នុងទំនាក់ទំនងជាមួយប្តីប្រពន្ធ ឬជាមួយកូន បញ្ហាសុខភាព ឬហិរញ្ញវត្ថុដែលកើតឡើងភ្លាមៗ។ របស់ជាច្រើនដែលយើងឲ្យតម្លៃ អាចត្រូវខ្យល់ព្យុះទាំងនោះបក់នាំយកទៅបាត់ ក្នុងពេលតែមួយពព្រិចភ្នែក។
ព្រះគម្ពីរបានចង្អុលបង្ហាញយើង ឲ្យងាកទៅរកកន្លែងដែលមានសុវត្ថិភាពបំផុត ពេលដែលយើងជួបខ្យល់ព្យុះនៃជីវិត។ គឺដូចមានសេចក្តីចែងថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន។ ហេតុនោះ យើងខ្ញុំនឹងមិនខ្លាចឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើធ្លាក់ចុះ នៅកណ្តាលសមុទ្រក៏ដោយ”(ទំនុកដំកើង ៤៦:១-២)។
អ្នកនិពន្ធនៃទំនុកដំកើងនេះ ជាកូនចៅជំនាន់ក្រោយរបស់បុរសម្នាក់ដែលធ្លាប់បម្រើព្រះ តែក្រោយមកក៏បានបះបោរប្រឆាំងនឹងទ្រង់ ហើយក៏ជួបសេចក្តីហិនវិនាស នៅក្នុងគ្រោះរញ្ជួយដី(មើលជនគណនា ២៦:៩-១១)។ បទគម្ពីរទំនុកដំកើងទាំងនោះបានបង្ហាញចេញនូវការបន្ទាបខ្លួន និងការយល់ដឹងស៊ីជម្រៅ អំពីភាពធំប្រសើរ ក្តីអាណឹត និងសេចក្តីស្រឡាញ់របស់ព្រះ ដែលបានប្រោសលោះពួកគេ។
បញ្ហាចូលមកក្នុងជីវិតយើងមិនឈប់ឈរ តែព្រះទ្រង់ធំជាងបញ្ហាទាំងអស់នោះ។ អស់អ្នកដែលរត់ទៅរកព្រះអង្គសង្រ្គោះ នឹងបានដឹងថា គ្មានអ្វីដែលអាចធ្វើឲ្យព្រះអង្គរង្គោះរង្គើរនោះឡើយ។ នៅក្នុងព្រះហស្តនៃសេចក្តីស្រឡាញ់ដ៏អស់កល្បរបស់ទ្រង់ យើងអាចរកឃើញកន្លែងដ៏សុខសាន្ត។—JAMES BANKS