លោកអ៊ី អ៊ែម បោន(E. M. Bounds ឆ្នាំ ១៨៣៥ ដល់ ១៩១៣) បាននិពន្ធសៀវភៅជាច្រើនអំពីការអធិស្ឋាន ដែលបានលើកទឹកចិត្តមនុស្សជាច្រើនជំនាន់។ នៅក្នុងការនិពន្ធនោះ គាត់បានសរសេរថា “ការអធិស្ឋានមិនដែលចេះស្លាប់ឡើយ”។ ពាក្យមួយឃ្លានេះបាននាំឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍។ គាត់បានលើកឡើង អំពីអំណាច និងលក្ខណៈដ៏ស្ថិតស្ថេរនៃការអធិស្ឋានរបស់យើង ដោយរៀបរាប់ថា “បបូរមាត់ ដែលបន្លឺសម្លេងអធិស្ឋាន អាចបិទពេលមនុស្សស្លាប់ បេះដូងដែលប៉ះពាល់ដោយការអធិស្ឋាន អាចឈប់លោត ប៉ុន្តែ ការអធិស្ឋាននៅតែមានជីវិតរស់នៅចំពោះព្រះ ហើយព្រះទ័យរបស់ទ្រង់ នៅជាប់នឹងការអធិស្ឋាននោះ ហើយការអធិស្ឋានក៏មានអាយុវែងជាងមនុស្សដែលអធិស្ឋាន គឺមានអាយុវែងជាងមនុស្សមួយជំនាន់ វែងជាងសម័យកាលមួយ ក៏មានអាយុវែងជាងពិភពលោកផង”។
តើអ្នកធ្លាប់ឆ្ងល់ទេថា ការអធិស្ឋានរបស់អ្នក ជាពិសេសការអធិស្ឋានដែលកើតចេញពីទុក្ខលំបាក ការឈឺចាប់ និងទុក្ខវេទនាបានឮដល់ព្រះកាណ៍ព្រះឬទេ? ការអធិប្បាយដ៏មានន័យរបស់លោកបោន បានរំឭកយើង អំពីសារៈសំខាន់នៃការអធិស្ឋានរបស់យើង គឺដូចដែលមានចែងនៅក្នុងបទគម្ពីរវិវរណៈ ៨:១-៥។ បទគម្ពីរនេះនិយាយអំពីនគរស្ថានសួគ៌(ខ.១) ជាកន្លែងដែលបល្ល័ង្ករបស់ព្រះតាំងនៅ និងជាកន្លែងដែលទ្រង់គ្រប់គ្រងចក្រវាលទំាងមូល។ ពួកទេវតាឈរនៅពីមុខព្រះវត្តមានទ្រង់(ខ.២) ហើយមានទេវតាមួយអង្គ ដែលមានសណ្ឋានដូចពួកសង្ឃពីសម័យដើម បាននាំគ្រឿងក្រអូប និងការអធិស្ឋានរបស់រាស្រ្តទ្រង់(ខ.៣)។ យើងពិតជាមានការភ្លឺភ្នែក និងការលើកទឹកចិត្តណាស់ ដែលបានស្តាប់ការពិពណ៌នា អំពីទិដ្ឋភាពនៃការអធិស្ឋានដែលមនុស្សបានទូលថ្វាយពីផែនដី ឡើងទៅដល់ព្រះជាម្ចាស់នៅស្ថានសួគ៌(ខ.៤)។ ពេលដែលយើងគិតថា ការអធិស្ឋានរបស់យើងប្រហែលជាបាត់ ឬភ្លេច នៅតាមផ្លូវឆ្ពោះទៅរកព្រះជាម្ចាស់ នោះសូមយើងទទួលការកម្សាន្តចិត្ត និងជំរុញចិត្ត ពីបទគម្ពីរនេះ ដើម្បីតស៊ូនៅក្នុងការអធិស្ឋាន ដ្បិតការអធិស្ឋានរបស់យើង មានតម្លៃដ៏វិសេសចំពោះព្រះ។ —ARTHUR JACKSON