លោកអ៊ី អ៊ែម បោន(E. M. Bounds ឆ្នាំ ១៨៣៥ ដល់ ១៩១៣) បាន​និពន្ធ​សៀវភៅ​ជា​ច្រើន​អំពី​ការ​អធិស្ឋាន ដែល​បាន​លើក​ទឹក​ចិត្ត​មនុស្ស​ជា​ច្រើន​ជំនាន់។ នៅ​ក្នុង​ការ​និពន្ធ​នោះ គាត់​បាន​សរសេរ​ថា “ការ​អធិស្ឋាន​មិន​ដែល​ចេះ​ស្លាប់​ឡើយ”។ ពាក្យ​មួយ​ឃ្លា​នេះ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍។ គាត់​បាន​លើក​ឡើង អំពី​អំណាច និង​លក្ខណៈ​ដ៏​ស្ថិត​ស្ថេរ​នៃ​ការអធិស្ឋាន​របស់​យើង ដោយ​រៀប​រាប់​ថា “បបូរ​មាត់ ដែល​បន្លឺ​សម្លេង​អធិស្ឋាន អាច​បិទ​ពេល​មនុស្ស​ស្លាប់ បេះ​ដូង​ដែល​ប៉ះ​ពាល់ដោយ​ការ​អធិស្ឋាន អាច​ឈប់​លោត ប៉ុន្តែ ការ​អធិស្ឋាន​នៅ​តែ​មាន​ជីវិត​រស់​នៅ​ចំពោះ​ព្រះ ហើយ​ព្រះទ័យ​របស់​ទ្រង់ ​នៅ​ជាប់​នឹង​ការ​អធិស្ឋាន​នោះ ហើយ​ការ​អធិស្ឋាន​ក៏​មាន​អាយុ​វែង​ជាង​មនុស្ស​ដែល​អធិស្ឋាន គឺ​មាន​អាយុ​វែង​ជាង​មនុស្ស​មួយ​ជំនាន់ វែង​ជាងសម័យ​កាល​មួយ ក៏​មាន​អាយុ​វែង​ជាង​ពិភព​លោក​ផង”។

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ការ​អធិស្ឋាន​របស់​អ្នក ជា​ពិសេស​ការ​អធិស្ឋាន​ដែល​កើត​ចេញ​ពី​ទុក្ខ​លំបាក ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​បានឮ​ដល់​ព្រះ​កាណ៍​ព្រះ​ឬទេ? ការ​អធិប្បាយ​ដ៏​មាន​ន័យ​របស់​លោក​បោន បាន​រំឭក​យើង អំពី​សារៈ​សំខាន់​នៃ​ការ​អធិស្ឋាន​របស់យើង គឺ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​បទ​គម្ពីរ​វិវរណៈ ៨:១-៥។ បទ​គម្ពីរ​នេះ​និយាយ​អំពី​នគរ​ស្ថាន​សួគ៌​(ខ.១) ជា​កន្លែង​ដែល​បល្ល័ង្ក​របស់​ព្រះ​តាំង​នៅ និង​ជា​កន្លែង​ដែល​ទ្រង់​គ្រប់​គ្រង​ចក្រ​វាល​ទំាង​មូល។ ពួក​ទេវតា​ឈរ​នៅ​ពី​មុខ​ព្រះ​វត្ត​មាន​ទ្រង់​(ខ.២) ហើយមាន​ទេវតា​មួយ​អង្គ ដែល​មាន​សណ្ឋាន​ដូច​ពួក​សង្ឃពី​សម័យ​ដើម បាន​នាំ​គ្រឿង​ក្រអូប និង​ការ​អធិស្ឋាន​របស់​រាស្រ្ត​ទ្រង់(ខ.៣)។ យើង​ពិត​ជា​មាន​ការ​ភ្លឺ​ភ្នែក និង​ការ​លើក​ទឹក​ចិត្ត​ណាស់ ដែល​បាន​ស្តាប់​ការ​ពិពណ៌នា អំពី​ទិដ្ឋ​ភាព​នៃ​ការ​អធិស្ឋាន​ដែល​មនុស្ស​បាន​ទូល​ថ្វាយ​ពី​ផែន​ដី ឡើង​ទៅ​ដល់​ព្រះ​ជា​ម្ចាស់​នៅ​ស្ថាន​សួគ៌​(ខ.៤)។ ពេល​ដែល​យើង​គិត​ថា ការ​អធិស្ឋាន​របស់​យើង​ប្រហែល​ជា​បាត់ ឬ​ភ្លេច នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​រក​ព្រះ​ជា​ម្ចាស់ នោះ​សូម​យើង​ទទួល​ការ​កម្សាន្ត​ចិត្ត និង​ជំរុញ​ចិត្ត ពី​បទ​គម្ពីរ​នេះ ដើម្បី​តស៊ូ​នៅ​ក្នុង​ការ​អធិស្ឋាន ដ្បិត​ការ​អធិស្ឋាន​របស់​យើង មាន​តម្លៃ​ដ៏​វិសេស​ចំពោះ​ព្រះ។ —ARTHUR JACKSON