រឿង​និទាន​ដែល​មាន​ចំណង​ជើង​ថា ក្មេង​ប្រុស និង​គ្រាប់​សណ្តែក គឺ​ជា​រឿង​និទាន​បុរាណ​ដ៏​ពេញ​និយម។ រឿង​នេះ​បាន​ដំណាលថា មាន​ក្មេង​ប្រុស​ម្នាក់​បាន​លូក​ដៃ​ចូល​ទៅ​ក្នុង​ក្រឡ​ដាក់​គ្រាប់​សណ្តែក ហើយ​វា​ក៏​បាន​ក្តាប់​គ្រាប់​សណ្តែក​នោះ​ពេញ​ក្នុង​ដៃ​វា។ ប៉ុន្តែ វា​បាន​ដក​ដៃ​ចេញ​ពី​មាត់​ក្រឡ​នោះ​មិន​រួច ដោយ​សារ​នៅ​ក្នុង​ដៃ​វា​មាន​ពេញ​ដោយ​គ្រាប់​សណ្តែក​ច្រើន​ពេក។ វា​មិន​ព្រម​ទម្លាក់​គ្រាប់​សណ្តែក​ចេញ​ពី​ដៃ​របស់​វា​សូម្បី​តែ​មួយ​គ្រាប់ ហើយ​វា​ក៏​បាន​ចាប់​ផ្តើម​យំ។ ទី​បំផុត គេ​ក៏​បាន​ប្រាប់​វា ​ឲ្យ​ទម្លាក់​គ្រាប់សណ្តែក​ខ្លះ ចេញ​ពី​ដៃ​របស់​វា ទើប​វា​អាច​ដក​ដៃ​ចេញ​ពី​ក្រឡ​នោះ។ រឿង​នេះ​បាន​បង្រៀន​យើង​ថា ភាព​លោភ​លន់​អាច​នាំ​ឲ្យ​យើង​ជាប់​អន្ទាក់ ​ដក​ខ្លួន​ចេញមិន​រួច។

គ្រូ​ប្រកប​ដោយ​ប្រាជ្ញា នៅ​ក្នុង​កណ្ឌ​គម្ពីរ​សាស្តា បាន​ពន្យល់​អំពី​រឿង​នេះ ដោយ​ធ្វើការ​ប្រៀប​ធៀប​ជាក់​ស្តែង សម្រាប់​ឲ្យ​យើង​យក​មក​ពិចារ​ណា។ គាត់​បាន​ប្រៀប​ធៀប​មនុស្ស​ខ្ជិល ជា​មួយ​នឹង​មនុស្ស​លោភ​លន់ ដោយ​សរសេរ​ថា​ “មនុស្ស​ល្ងីល្ងើ​គេ​ឱប​ដៃ ហើយ​ស៊ី​សាច់​របស់​ខ្លួន​គេ។ បើ​មាន​តែ​១​ក្តាប់ទាំង​ប្រកប​ដោយ​សេចក្តី​សុខ នោះ​វិសេស​ជាង​មាន​២​ក្តាប់ ហើយ​មាន​ទាំង​ការ​នឿយ​ហត់​នឹង​ការ​ខំ​ជា​អសារ​ឥត​ការ​ផង”(៤:៥-៦)។ មនុស្ស​ខ្ជិល​មាន​ការ​ស្ទាក់​ស្ទើរ ទាល់​តែ​ខ្លួន​ត្រូវ​ខាត​បង់​អស់ តែ​អ្នក​ដែលដេញ​តាម​ទ្រព្យ​សម្បត្តិ​ដោយ​ភាព​លោភ​លន់ ក៏​បាន​ដឹង​ថា ការ​ប្រឹង​ប្រែង​របស់​ខ្លួន ​គឺការ​ឥត​ប្រយោជន៍ ​ហើយ​វេទនា(ខ.៨)។

យោង​តាម​ការ​បង្រៀន​នេះ នៅ​ក្នុង​កណ្ឌ​គម្ពីរ​សាស្តា អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ឈប់​ហត់​នឿយ ដោយ​ការ​ស្រវ៉ា​ស្រទេញ​ដ៏លោភ​លន់ ដើម្បី​ឲ្យ​យើង​អាច​រក​ឃើញ​ភាព​ស្កប់​ចិត្ត នៅ​ក្នុង​ការ​អ្វី​ដែល​យើង​ពិត​ជា​មាន​ស្រាប់ ហើយ​ស្ថិត​ស្ថេរ។ គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា “ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ”(ម៉ាកុស ៨:៣៦)។ —REMI OYEDELE