រឿងនិទានដែលមានចំណងជើងថា ក្មេងប្រុស និងគ្រាប់សណ្តែក គឺជារឿងនិទានបុរាណដ៏ពេញនិយម។ រឿងនេះបានដំណាលថា មានក្មេងប្រុសម្នាក់បានលូកដៃចូលទៅក្នុងក្រឡដាក់គ្រាប់សណ្តែក ហើយវាក៏បានក្តាប់គ្រាប់សណ្តែកនោះពេញក្នុងដៃវា។ ប៉ុន្តែ វាបានដកដៃចេញពីមាត់ក្រឡនោះមិនរួច ដោយសារនៅក្នុងដៃវាមានពេញដោយគ្រាប់សណ្តែកច្រើនពេក។ វាមិនព្រមទម្លាក់គ្រាប់សណ្តែកចេញពីដៃរបស់វាសូម្បីតែមួយគ្រាប់ ហើយវាក៏បានចាប់ផ្តើមយំ។ ទីបំផុត គេក៏បានប្រាប់វា ឲ្យទម្លាក់គ្រាប់សណ្តែកខ្លះ ចេញពីដៃរបស់វា ទើបវាអាចដកដៃចេញពីក្រឡនោះ។ រឿងនេះបានបង្រៀនយើងថា ភាពលោភលន់អាចនាំឲ្យយើងជាប់អន្ទាក់ ដកខ្លួនចេញមិនរួច។
គ្រូប្រកបដោយប្រាជ្ញា នៅក្នុងកណ្ឌគម្ពីរសាស្តា បានពន្យល់អំពីរឿងនេះ ដោយធ្វើការប្រៀបធៀបជាក់ស្តែង សម្រាប់ឲ្យយើងយកមកពិចារណា។ គាត់បានប្រៀបធៀបមនុស្សខ្ជិល ជាមួយនឹងមនុស្សលោភលន់ ដោយសរសេរថា “មនុស្សល្ងីល្ងើគេឱបដៃ ហើយស៊ីសាច់របស់ខ្លួនគេ។ បើមានតែ១ក្តាប់ទាំងប្រកបដោយសេចក្តីសុខ នោះវិសេសជាងមាន២ក្តាប់ ហើយមានទាំងការនឿយហត់នឹងការខំជាអសារឥតការផង”(៤:៥-៦)។ មនុស្សខ្ជិលមានការស្ទាក់ស្ទើរ ទាល់តែខ្លួនត្រូវខាតបង់អស់ តែអ្នកដែលដេញតាមទ្រព្យសម្បត្តិដោយភាពលោភលន់ ក៏បានដឹងថា ការប្រឹងប្រែងរបស់ខ្លួន គឺការឥតប្រយោជន៍ ហើយវេទនា(ខ.៨)។
យោងតាមការបង្រៀននេះ នៅក្នុងកណ្ឌគម្ពីរសាស្តា អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវឈប់ហត់នឿយ ដោយការស្រវ៉ាស្រទេញដ៏លោភលន់ ដើម្បីឲ្យយើងអាចរកឃើញភាពស្កប់ចិត្ត នៅក្នុងការអ្វីដែលយើងពិតជាមានស្រាប់ ហើយស្ថិតស្ថេរ។ គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ”(ម៉ាកុស ៨:៣៦)។ —REMI OYEDELE