ពេលដែលកូនប្រុសខ្ញុំ ដែលមានឈ្មោះហ្សាវីយើរ(Xavier) កំពុងតែត្រៀមខ្លួន សម្រាប់ការសម្ភាស ចូលធ្វើការងារជាលើកដំបូង ស្វាមីខ្ញុំ ដែលមានឈ្មោះ អ័ឡិន(Alan) ក៏បានឲ្យកាតថ្លែងអំណរគុណមួយកញ្ចប់ ទៅគាត់ សម្រាប់ឲ្យគាត់ប្រើនៅក្នុងការសម្ភាសការងារ នៅពេលខាងមុខ។ បន្ទាប់មក ស្វាមីខ្ញុំក៏បានដើរតួជាអ្នកសម្ភាស ដោយប្រើបទពិសោធន៍ការងារជាអ្នកគ្រប់គ្រង អស់ជាច្រើនទសវត្សរ៍ ដើម្បីសួរសំណួរហ្សាវីយើរ។ បន្ទាប់ពីការសម្ភាសនេះចប់ កូនប្រុសខ្ញុំក៏បានយកប្រវត្តិរូបរបស់គាត់បីបួនច្បាប់ ដាក់ចូលទៅក្នុងសឺមីមួយ។ គាត់ក៏បានញញឹម ពេលដែលប៉ារបស់គាត់រំឭកគាត់ អំពីកាតថ្លែងអំណរគុណនោះ។ គាត់ក៏និយាយថា គាត់ដឹងថា កាតថ្លែងអំណរគុណដោយស្មោះអស់ពីចិត្តមួយសន្លឹក នឹងធ្វើឲ្យគាត់មានភាពខុសប្លែកពីអ្នកដាក់ពាក្យសុំធ្វើការដទៃទៀត។
ពេលដែលអ្នកគ្រប់គ្រងម្នាក់បានទូរស័ព្ទហៅហ្សាវីយើរឲ្យចាប់ផ្តើមចូលធ្វើការ គាត់ក៏អរគុណ សម្រាប់កាតថ្លែងអំណរគុណនោះ ដែលគាត់បានទទួល ជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ការប្រើពាក្យអរគុណ នាំឲ្យមានផលដ៏ល្អកើតចេញ ជាយូរអង្វែង។ កណ្ឌគម្ពីរទំនុកដំកើង បានចែងអំពីការអធិស្ឋានអស់ពីចិត្ត និងការថ្វាយបង្គំដោយការអរព្រះគុណរបស់អ្នកនិពន្ធកណ្ឌគម្ពីរនេះ។ កណ្ឌគម្ពីរទំនុកដំកើងមានទំនុកដំកើង១៥០បទ តែខ្ញុំសូមលើកយកខគម្ពីរមួយចំនួនដែល ដែលឆ្លុះបញ្ចាំងអំពីការអរព្រះគុណ ដូចដែលមានចែងថា “ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាអស់អំពីចិត្ត ទូលបង្គំនឹងនិទាន ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់។ ទូលបង្គំនឹងអរសប្បាយ ហើយរីករាយឡើងក្នុងទ្រង់
ឱព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងដំកើងដល់ព្រះនាមទ្រង់”(ទំនុកដំកើង ៩:១-២)។
យើងអាចបង្ហាញនូវការអរព្រះគុណ ជារៀងរហូត សម្រាប់ការដ៏អស្ចារ្យ ដែលព្រះទ្រង់បានធ្វើ។ ប៉ុន្តែ យើងអាចចាប់ផ្តើម ដោយអរព្រះគុណស្មោះអស់ពីចិត្ត តាមរយៈការអធិស្ឋានរបស់យើង។ ហើយទន្ទឹមនឹងនោះ យើងអាចរស់នៅ ដោយការថ្វាយបង្គំ ការសរសើរដំកើងព្រះ ដោយអរព្រះគុណទ្រង់ និងទទួលស្គាល់ ការទាំងអស់ដែលទ្រង់បានធ្វើ និងការទាំងអស់ ដែលទ្រង់សន្យាថា ទ្រង់នឹងធ្វើ។—XOCHITL DIXON