រឿង​បុរាណ​មួយ​បាន​ដំណាល​ថា មាន​បុរស​ម្នាក់​ឈ្មោះ​នីកូឡាស(Nicholas កើត​នៅ​គ.ស ២៧០) បាន​ឮ​គេ​និយាយ​ថា ​បុរសជា​ឪពុក​ម្នាក់​មាន​ភាព​ទាល់​ក្រ​យ៉ាង​ខ្លាំង បាន​ជា​មិន​អាច​ផ្គត់​ផ្គង់​អាហារ​ដល់​កូន​ស្រី​របស់​ខ្លួន​ទាំង​បី​នាក់ ហើយ​រឹត​តែ​គ្មាន​លុយ​សម្រាប់​មង្គល​ការ​របស់​ពួក​គេ នៅ​ពេល​អនាគត​ទៀត។ លោក​នីកូឡាស​ចង់​ជួយ​បុរស​ជា​ឪពុក​នោះ តែ​គាត់​មិន​ចង់​ឲ្យ​គេ​ដឹង​ថា គាត់​ជា​អ្នក​ជួយ​ទេ។ គាត់​ក៏​បាន​បោះ​មាស​មួយ​ថង់​ចូល​តាម​បង្អូច​ផ្ទះ​បុរស​នោះ ដែល​បើក​ចំហរ ហើយ​ថង់​មាស​នោះ​ក៏​បាន​ធ្លាក់ចូល​ទៅ​ក្នុង​ស្រោម​ជើង ឬ​ស្បែក​ជើង​ដែល​បុរស​នោះ​បាន​សម្ងួត​នៅ​លើ​កម្រាល​ឥដ្ឋ​នៅ​មុខ​ឡ​កំដៅ​ក្នុង​ផ្ទះ។ គេ​ក៏​បាន​ហៅសប្បុរស​ជន​រូប​នេះ​ថា សេន នីកូឡាស់ ដែល​ក្រោយ​មក​គេ​ក៏​បាន​ប្រើ​ឈ្មោះ​គាត់ ដើម្បី​និពន្ធ​រឿង​ប្រឌិត អំពី​លោក​សាន់តា ក្លូស ឬ​តាណូអែល។​

ពេល​ដែល​ខ្ញុំ​ស្តាប់​រឿង ដែល​និយាយ​អំពី​អំណោយ ដែល​ធ្លាក់​ចុះ​ពី​លើ​មក ខ្ញុំ​ក៏​បាន​គិត​អំពី​ព្រះ​វរបិតា ដែល​មាន​សេចក្តី​ស្រឡាញ់ និង​ក្តី​អាណឹត​ចំពោះ​មនុស្ស​ទាំង​អស់ បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់ ធ្វើ​ជា​អំណោយ​ដ៏​ល្អ​អស្ចារ្យ​បំផុត តាម​រយៈ​ការ​ប្រសូត្រ​ដោយ​ការ​អស្ចារ្យ។ យោង​តាម​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាថាយ ព្រះយេស៊ូវ​បាន​សម្រេច​បទ​ទំនាយ​សញ្ញា​ចាស់ ដែល​បាន​ចែង​ថា​ ស្រ្តី​ព្រហ្មចារី​ម្នាក់​នឹង​មាន​ផ្ទៃ​ពោះ ហើយ​ប្រសូត្រ​បាន​បុត្រា​មួយ​អង្គ ដែល​គេ​នឹង​ហៅ​ទ្រង់​ថា អេម៉ាញូអែល ដែល​មាន​ន័យ​ថា “ព្រះ​គង់​ជា​មួយ​យើង​ខ្ញុំ”(១:២៣)។

បើ​អំណោយ​របស់​លោក​នីកូឡាស​ល្អ​យ៉ាង​នេះ​ហើយ តើ​អំណោយ​របស់​ព្រះ​យេស៊ូវ​មាន​ភាព​អស្ចារ្យ​ជាង​អម្បាល​ម្មាន។ ទ្រង់​បាន​យាង​ចុះ​ពី​ស្ថាន​សួគ៌ មក​ប្រសូត្រ​ជា​មនុស្ស ទ្រង់​បាន​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ទ្រង់​ជា​ព្រះ​ដែល​គង់​នៅជា​មួយ​យើង។ ទ្រង់​ប្រទាន​ការ​កម្សាន្ត​ចិត្ត ពេល​ដែល​យើង​មាន​ការ​ឈឺ​ចាប់ និង​ពិបាក​ចិត្ត។ ទ្រង់​លើក​ទឹក​ចិត្ត​យើង ពេល​ដែល​យើង​បាក់​ទឹក​ចិត្ត។ ទ្រង់​បង្ហាញ​សេចក្តី​ពិត​ដល់​យើង ដើម្បី​កុំ​ឲ្យ​យើង​ចាញ់​ការ​បោក​បញ្ឆោត។—AMY BOUCHER PYE