រឿងបុរាណមួយបានដំណាលថា មានបុរសម្នាក់ឈ្មោះនីកូឡាស(Nicholas កើតនៅគ.ស ២៧០) បានឮគេនិយាយថា បុរសជាឪពុកម្នាក់មានភាពទាល់ក្រយ៉ាងខ្លាំង បានជាមិនអាចផ្គត់ផ្គង់អាហារដល់កូនស្រីរបស់ខ្លួនទាំងបីនាក់ ហើយរឹតតែគ្មានលុយសម្រាប់មង្គលការរបស់ពួកគេ នៅពេលអនាគតទៀត។ លោកនីកូឡាសចង់ជួយបុរសជាឪពុកនោះ តែគាត់មិនចង់ឲ្យគេដឹងថា គាត់ជាអ្នកជួយទេ។ គាត់ក៏បានបោះមាសមួយថង់ចូលតាមបង្អូចផ្ទះបុរសនោះ ដែលបើកចំហរ ហើយថង់មាសនោះក៏បានធ្លាក់ចូលទៅក្នុងស្រោមជើង ឬស្បែកជើងដែលបុរសនោះបានសម្ងួតនៅលើកម្រាលឥដ្ឋនៅមុខឡកំដៅក្នុងផ្ទះ។ គេក៏បានហៅសប្បុរសជនរូបនេះថា សេន នីកូឡាស់ ដែលក្រោយមកគេក៏បានប្រើឈ្មោះគាត់ ដើម្បីនិពន្ធរឿងប្រឌិត អំពីលោកសាន់តា ក្លូស ឬតាណូអែល។
ពេលដែលខ្ញុំស្តាប់រឿង ដែលនិយាយអំពីអំណោយ ដែលធ្លាក់ចុះពីលើមក ខ្ញុំក៏បានគិតអំពីព្រះវរបិតា ដែលមានសេចក្តីស្រឡាញ់ និងក្តីអាណឹតចំពោះមនុស្សទាំងអស់ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់ ធ្វើជាអំណោយដ៏ល្អអស្ចារ្យបំផុត តាមរយៈការប្រសូត្រដោយការអស្ចារ្យ។ យោងតាមកណ្ឌគម្ពីរដំណឹងល្អម៉ាថាយ ព្រះយេស៊ូវបានសម្រេចបទទំនាយសញ្ញាចាស់ ដែលបានចែងថា ស្រ្តីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយប្រសូត្របានបុត្រាមួយអង្គ ដែលគេនឹងហៅទ្រង់ថា អេម៉ាញូអែល ដែលមានន័យថា “ព្រះគង់ជាមួយយើងខ្ញុំ”(១:២៣)។
បើអំណោយរបស់លោកនីកូឡាសល្អយ៉ាងនេះហើយ តើអំណោយរបស់ព្រះយេស៊ូវមានភាពអស្ចារ្យជាងអម្បាលម្មាន។ ទ្រង់បានយាងចុះពីស្ថានសួគ៌ មកប្រសូត្រជាមនុស្ស ទ្រង់បានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ហើយទ្រង់ជាព្រះដែលគង់នៅជាមួយយើង។ ទ្រង់ប្រទានការកម្សាន្តចិត្ត ពេលដែលយើងមានការឈឺចាប់ និងពិបាកចិត្ត។ ទ្រង់លើកទឹកចិត្តយើង ពេលដែលយើងបាក់ទឹកចិត្ត។ ទ្រង់បង្ហាញសេចក្តីពិតដល់យើង ដើម្បីកុំឲ្យយើងចាញ់ការបោកបញ្ឆោត។—AMY BOUCHER PYE