មុនពេលដែលថ្ងៃណូអែលមកដល់ ស្រ្តីម្នាក់មានបញ្ហាជាមួយកូនៗរបស់គាត់ ដោយសារពួកគេមិនមានការដឹងគុណ។ គាត់ដឹងថា កូនរបស់គាត់ងាយនឹងមានផ្នត់គំនិតបែបនេះ ប៉ុន្តែ គាត់ក៏ចង់ឲ្យពួកគេមានការផ្លាស់ប្តូរចិត្តគំនិតឲ្យបានល្អ។ ដូចនេះ គាត់ក៏បានយកបូរពណ៌ក្រហមមកបិទពីលើកុងតាក់ភ្លើង ទ្វារទូចាន និងទូទឹកកក ម៉ាស៊ីនបោកខោអាវ និងម៉ាស៊ីនសម្ងួតខោអាវ និងក្បាលរូប៊ីណេ។ បូរនីមួយៗមានភ្ជាប់ក្រដាស់តូចៗមួយសន្លឹក ដែលមានសរសេរអក្សរពីលើថា “យើងងាយនឹងមើលរំលេងអំណោយមួយចំនួន ដែលព្រះប្រទានយើង ដូចនេះ ម៉ាក់ក៏បានយកបូរមកចងពីលើវា។ ព្រះអង្គល្អចំពោះក្រុមគ្រួសារយើងណាស់។ ដូចនេះ ចូរយើងកុំភ្លេចឲ្យសោះថា អំណោយទាំងនោះមកពីណា”។
ក្នុងបទគម្ពីរចោទិយកថា ជំពូក៦ យើងឃើញថា អនាគតរបស់ប្រជាជាតិអ៊ីស្រាអែល គឺបានរាប់បញ្ចូលការចូលកាន់កាប់ទឹកដីដែលមានស្រាប់។ ដូចនេះ ពួកគេនឹងផ្លាស់ទៅចូលរស់នៅ ក្នុងទីក្រុងធំៗ ដែលមានភាពសម្បូរសប្បាយ ដែលពួកគេមិនបានកសាង(ខ.១០) និងចូលទៅក្នុងផ្ទះជាច្រើន ដែលមានរបស់ល្អៗ ដែលពួកគេបានរក ហើយបានទទួលផលពីអណ្តូងទឹក និងចំការទំពាំងបាយជូរ និងដើមអូលីវ ដែលពួកគេមិនបានជីក ឬដាំ(ខ.១១)។ ពួកគេអាចដឹងយ៉ាងងាយថា ព្រះពរទាំងអស់នេះ មានប្រភពតែមួយប៉ុណ្ណោះ គឺ “ព្រះអម្ចាស់ ដែលជាព្រះរបស់ពួកគេ”(ខ.១០)។ ហើយខណៈពេលដែលព្រះជាម្ចាស់បានប្រទានរបស់ទាំងនេះ ដោយសេចក្តីស្រឡាញ់ លោកម៉ូសេចង់ឲ្យពួកគេមានការប្រុងប្រយ័ត្ន គឺមិនត្រូវភ្លេចប្រភពនៃអំណោយទាំងនោះឡើយ(ខ.១២)។
ក្នុងរដូវកាលខ្លះ នៃជីវិតយើង យើងងាយនឹងភ្លេចប្រភពនៃព្រះពរ។ ប៉ុន្តែ ចូរយើងកុំមើលរំលងសេចក្តីល្អរបស់ព្រះ ដែលជាប្រភពនៃព្រះពរទាំងអស់ដែលយើងបានទទួលនោះឡើយ។—JOHN BLASÉ