មុន​ពេល​ដែល​ថ្ងៃ​ណូអែល​មក​ដល់ ស្រ្តី​ម្នាក់​មាន​បញ្ហា​ជា​មួយ​កូន​ៗ​របស់​គាត់ ដោយ​សារ​ពួក​គេ​មិន​មាន​ការ​ដឹង​គុណ។ គាត់​ដឹង​ថា កូន​របស់​គាត់​ងាយ​នឹង​មាន​ផ្នត់​គំនិត​បែប​នេះ ប៉ុន្តែ គាត់​ក៏​ចង់​ឲ្យ​ពួក​គេ​មាន​ការ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ។ ដូច​នេះ គាត់ក៏​បាន​យក​បូរ​ពណ៌​ក្រហម​មក​បិទ​ពី​លើ​កុង​តាក់​ភ្លើង ទ្វារ​ទូចាន និង​ទូទឹកកក ម៉ាស៊ីន​បោក​ខោអាវ និង​ម៉ាស៊ីន​សម្ងួត​ខោ​អាវ និង​ក្បាល​រូប៊ីណេ។​ បូរ​នីមួយ​ៗ​មាន​ភ្ជាប់​ក្រដាស់​តូច​ៗ​មួយ​សន្លឹក ដែល​មាន​សរសេរ​អក្សរ​ពី​លើ​ថា “យើង​ងាយ​នឹង​មើល​រំលេង​អំណោយ​មួយ​ចំនួន ដែល​ព្រះ​ប្រទាន​យើង ដូច​នេះ ម៉ាក់​ក៏​បាន​យក​បូរ​មក​ចង​ពី​លើ​វា។ ព្រះ​អង្គ​ល្អ​ចំពោះ​ក្រុម​គ្រួសារ​យើង​ណាស់​។ ដូច​នេះ ចូរ​យើង​កុំ​ភ្លេច​ឲ្យ​សោះ​ថា​ អំណោយ​ទាំង​នោះ​មក​ពី​ណា”។

ក្នុង​បទ​គម្ពីរ​ចោទិយកថា ជំពូក៦ យើង​ឃើញ​ថា អនាគត​របស់​ប្រជាជាតិ​អ៊ីស្រាអែល គឺ​បាន​រាប់​បញ្ចូល​ការ​ចូល​កាន់​កាប់​ទឹក​ដីដែល​មាន​ស្រាប់។ ដូច​នេះ ពួក​គេ​នឹង​ផ្លាស់​​ទៅចូល​រស់​នៅ ក្នុង​ទីក្រុង​ធំ​ៗ ដែល​មាន​ភាព​សម្បូរ​សប្បាយ ដែល​ពួក​គេ​មិន​បាន​កសាង​(ខ.១០) និង​ចូល​ទៅ​ក្នុង​ផ្ទះ​ជា​ច្រើន ដែល​មាន​របស់​ល្អ​ៗ ដែល​ពួក​គេ​បាន​រក ហើយ​បាន​ទទួល​ផល​ពី​អណ្តូង​ទឹក និង​ចំការ​ទំពាំង​បាយ​ជូរ និង​ដើម​អូលីវ ដែល​ពួក​គេ​មិន​បាន​ជីក ឬ​ដាំ(ខ.១១)។ ពួក​គេ​អាច​ដឹង​យ៉ាង​ងាយ​ថា ព្រះ​ពរ​ទាំង​អស់​នេះ មាន​ប្រភព​តែ​មួយ​ប៉ុណ្ណោះ គឺ “ព្រះ​អម្ចាស់ ដែល​ជា​ព្រះ​របស់​ពួក​គេ”(ខ.១០)។ ហើយ​ខណៈ​ពេល​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​របស់​ទាំង​នេះ ដោយ​សេចក្តី​ស្រឡាញ់ លោក​ម៉ូសេ​ចង់​ឲ្យ​ពួក​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន គឺ​មិន​ត្រូវ​ភ្លេច​ប្រភព​នៃ​អំណោយ​ទាំង​នោះ​ឡើយ(ខ.១២)។

ក្នុង​រដូវ​កាល​ខ្លះ នៃ​ជីវិត​យើង យើង​ងាយ​នឹង​ភ្លេច​ប្រភព​នៃ​ព្រះ​ពរ។ ប៉ុន្តែ ចូរ​យើង​កុំ​មើល​រំលង​សេចក្តី​ល្អ​របស់​ព្រះ ដែល​ជាប្រភព​នៃ​ព្រះពរ​ទាំង​អស់​ដែល​យើង​បាន​ទទួល​នោះ​ឡើយ។—JOHN BLASÉ