ក្នុងរដ្ឋរបស់ខ្ញុំ នៅសហរដ្ឋអាមេរិក រដូវរងាអាចនាំឲ្យមានការពិបាកខ្លាំង ដោយសារស៊ីតុណ្ហភាពក្រោមសូនអង្សា និងការធ្លាក់ព្រឹលមិនចេះឈប់។ នៅថ្ងៃមួយ ដែលមានអាកាសធាតុត្រជាក់ខ្លាំង ខ្ញុំបានចូកព្រឹលនឹងប៉ែលម្តងហើយម្តងទៀត ហាក់ដូចជារាប់ពាន់ដងទៅហើយ។ ពេលនោះអ្នករត់សំបុត្រក៏បានឈប់នៅមុខផ្ទះខ្ញុំ ហើយសួរសុខទុក្ខខ្ញុំ។ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំស្អប់រដូវរងា ហើយមានការធុញថប់នឹងព្រឹលដែលធ្លាក់ច្រើនពេក។ បន្ទាប់មក ខ្ញុំក៏បានពោលសរសើរ អំពីការងាររបស់គាត់ ដែលប្រាកដជាពិបាកណាស់ហើយ ក្នុងអំឡុងពេលដែលមានអាកាសធាតុអាក្រក់យ៉ាងនេះ។ គាត់ក៏បានឆ្លើយតបថា គាត់មានការពិបាកមែន តែអរព្រះគុណព្រះអង្គ ដែលយ៉ាងហោចណាស់គាត់នៅមានការងារធ្វើ ខណៈពេលដែលមនុស្សជាច្រើនកំពុងតែគ្មានការងារធ្វើ។ ខ្ញុំអរព្រះគុណព្រះអង្គ ដែលខ្ញុំនៅអាចធ្វើការងារ។
ខ្ញុំទទួលស្គាល់ថា ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានដឹងថា គាត់បានប្រកាន់ខ្ជាប់នូវចិត្តដែលដឹងគុណព្រះ។ យើងពិតជាងាយនឹងមើលរំលងអ្វីៗ ដែលយើងមាន ហើយយើងត្រូវអរព្រះគុណព្រះអង្គ សម្រាប់ព្រះពររបស់ព្រះអង្គ ពេលដែលកាលៈទេសៈនៃជីវិតយើងប្រែជាអាប់អួរ។
សាវ័កប៉ុលបានបង្គាប់គ្រីស្ទបរិស័ទនៅទីក្រុងកូល៉ុសថា “ចូរឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីនោះឯង ឲ្យមានរូបកាយតែ១ ហើយត្រូវដឹងគុណផង”(កូល៉ុស ៣:១៥)។ គាត់ក៏បានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងថែស្សាឡូនិចផងដែរថា “ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ”(១ថែស្សាឡូនិច ៥:១៨)។
សូម្បីតែក្នុងពេលដែលយើងមានទុក្ខលំបាក និងការឈឺចាប់ យើងនៅតែអាចស្គាល់សន្តិភាពរបស់ព្រះ និងអនុញ្ញាតឲ្យសន្តិភាពទ្រង់គ្រប់គ្រងចិត្តយើង។ ពេលយើងមានសន្តិភាពនោះ យើងនឹងនឹកចាំ អំពីអ្វីៗទាំងអស់ ដែលយើងបានទទួល ក្នុងព្រះគ្រីស្ទ ជាហេតុដែលនាំឲ្យយើងអរព្រះគុណព្រះអង្គ អស់ពីចិត្ត។ —BILL CROWDER