ក្នុង​រដ្ឋ​របស់​ខ្ញុំ នៅ​សហ​រដ្ឋ​អាមេរិក រដូវ​រងា​អាច​នាំ​ឲ្យ​មាន​ការ​ពិបាក​ខ្លាំង ដោយ​សារ​ស៊ីតុណ្ហ​ភាព​ក្រោម​សូន​អង្សា និង​ការ​ធ្លាក់ព្រឹល​មិន​ចេះ​ឈប់។ នៅ​ថ្ងៃ​មួយ ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង ខ្ញុំ​បាន​ចូក​ព្រឹល​នឹង​ប៉ែល​ម្តង​ហើយ​ម្តង​ទៀត ហាក់​ដូច​ជារាប់​ពាន់​ដង​ទៅ​ហើយ។ ពេល​នោះ​អ្នក​រត់​សំបុត្រ​ក៏​បាន​ឈប់​នៅ​មុខ​ផ្ទះ​ខ្ញុំ ហើយ​សួរ​សុខ​ទុក្ខ​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា​ ខ្ញុំ​ស្អប់​រដូវ​រងា ហើយ​មាន​ការ​ធុញ​ថប់​នឹង​ព្រឹល​ដែល​ធ្លាក់​ច្រើន​ពេក។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ពោល​សរសើរ អំពី​ការងារ​របស់​គាត់ ដែល​ប្រាកដ​ជា​ពិបាក​ណាស់​ហើយ ក្នុង​អំឡុង​ពេល​ដែល​មាន​អាកាស​ធាតុ​អាក្រក់​យ៉ាង​នេះ។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា គាត់​មាន​ការពិបាក​មែន តែ​អរ​ព្រះគុណ​ព្រះ​អង្គ ដែល​យ៉ាង​ហោច​ណាស់​គាត់​នៅ​មាន​ការងារ​ធ្វើ ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​គ្មាន​ការងារ​ធ្វើ។ ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ខ្ញុំ​នៅ​អាច​ធ្វើ​ការងារ។​

ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ដឹង​ថា គាត់​បាន​ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​ដែល​ដឹង​គុណ​ព្រះ។ យើង​ពិត​ជា​ងាយ​នឹង​មើល​រំលង​អ្វី​ៗ ដែល​យើង​មាន ហើយ​យើង​ត្រូវ​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ព្រះ​ពរ​របស់​ព្រះ​អង្គ ពេល​ដែល​កាលៈ​ទេសៈ​នៃ​ជីវិត​យើង​ប្រែ​ជា​អាប់​អួរ។

សាវ័ក​ប៉ុល​បាន​បង្គាប់​គ្រីស្ទ​បរិស័ទ​នៅ​ទីក្រុង​កូល៉ុស​ថា “ចូរ​ឲ្យ​សេចក្តី​មេត្រី​របស់​ព្រះគ្រីស្ទ​ត្រួត​ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​នោះ​ឯង ឲ្យ​មាន​រូបកាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង”(កូល៉ុស ៣:១៥)។ គាត់​ក៏​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនិច​ផង​ដែរ​​ថា “ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះគ្រីស្ទយេស៊ូវ”(១ថែស្សាឡូនិច ៥:១៨)។

សូម្បី​តែ​ក្នុង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់ យើង​នៅ​តែ​អាច​ស្គាល់​សន្តិ​ភាព​របស់​ព្រះ និង​អនុញ្ញាត​ឲ្យ​សន្តិភាព​ទ្រង់​គ្រប់​គ្រង​ចិត្ត​យើង។ ពេល​យើង​មាន​សន្តិ​ភាព​នោះ យើង​នឹង​នឹក​ចាំ អំពី​អ្វី​ៗ​ទាំង​អស់ ដែល​យើង​បាន​ទទួល ក្នុង​ព្រះ​គ្រីស្ទ ជា​ហេតុ​ដែល​នាំ​ឲ្យ​យើង​អរ​ព្រះ​គុណ​ព្រះ​អង្គ អស់​ពី​ចិត្ត។ —BILL CROWDER