មាន​ពេល​មួយ ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​យូរ នៅ​ក្បែរ​ការ​តាំង​បង្ហាញ​ចង្កៀង​បុរាណ នៅ​ក្នុង​សារៈ​មន្ទីរ​មួយ។ ពេល​ខ្ញុំ​មើល​ទៅផ្លាក​សញ្ញា​នៅ​ជិត​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា គេ​បាន​យក​ពួក​វា​មក​ពី​ប្រទេស​អ៊ីស្រាអែល។ ចង្កៀង​ទាំង​នោះ​មាន​រាង​មូល​ទ្រវែង ដែល​មាន​ការ​តុប​តែង​ដោយ​ចម្លាក់។ ពួក​វា​មាន​រន្ធ​ពីរ​នៅ​សង្ខាង។ រន្ធ​មួយ​សម្រាប់​ដាក់​ប្រេង និង​មួយ​ទៀត​សម្រាប់​ដាក់​ប្រ​ឆេះ។ តាម​ធម្មតា ជន​ជាតិ​អ៊ីស្រាអែល​បាន​ដាក់​ចង្កៀង​ប្រភេទ​នេះ​នៅ​លើ​ធ្នើ​ជាប់​នឹង​ជញ្ជាំង ហើយ​ពួក​វា​មាន​រូប​រាង​តូច​ល្មម​នឹង​អាច​ដាក់នៅ​ក្នុង​ដៃ​មនុស្ស​ធំ​បាន។

ពន្លឺ​ភ្លើង​ដ៏​តូច​ចេញ​ពី​ចង្កៀង​ប្រភេទ​នេះ ប្រហែល​ជា​បាន​បណ្តាល​ចិត្ត​ស្តេច​ដាវីឌ ឲ្យ​និពន្ធ​បទ​ចម្រៀង​សរសើរ​ដំកើង ដែល​ក្នុង​នោះ​ទ្រង់​បាន​ច្រៀង​ថា “ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ចង្កៀង​នៃ​ទូលបង្គំ ព្រះយេហូវ៉ា​ទ្រង់​បំភ្លឺ ក្នុង​ទី​ងងឹត​នៃ​ទូលបង្គំ”(២សាំយ៉ូអែល ២២:២៩)។ ស្តេច​ដាវីឌ​បាន​បន្លឺ​សម្លេង​ច្រៀង​យ៉ាង​ដូច​នេះ បន្ទាប់​ពី​ព្រះ​ជា​ម្ចាស់​ប្រទាន​ជ័យ​ជម្នះ នៅ​ក្នុង​សង្រ្គាម​។ សត្រូវ​របស់​ទ្រង់ ទំាង​ក្នុង និង​ក្រៅ​ប្រទេស បាន​តាម​សម្លាប់​ទ្រង់។ ដោយ​សារ​ទ្រង់​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជាម្ចាស់ នោះទ្រង់​មិន​បាន​លាក់​ខ្លួន​នៅ​ក្នុង​ទីងងឹត​ឡើយ។ ទ្រង់​បាន​ចេញ​ទៅ​តទល់​នឹង​ខ្មាំង​សត្រូវ ដោយ​ទំនុក​ចិត្ត ដែល​បាន​មក​ពី​ព្រះ​វត្ត​មាន​របស់​ព្រះ។ ជំនួយ​របស់​ព្រះ​អង្គ គឺ​ជា​ពន្លឺ ដែល​ជួយ​ឲ្យ​ស្តេច​ដាវីឌ​មើល​ឃើញ​អ្វី​ៗ​ច្បាស់ ហើយ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ សម្រាប់​ខ្លួន​ទ្រង់ កង​ទ័ព និង​ប្រទេស​ជាតិ​របស់​ទ្រង់។

ភាព​ងងឹត​ដែល​ស្តេច​ដាវីឌ​បាន​និយាយ ក្នុង​បទ​ចម្រៀង​ទ្រង់ ទំនង​ជា​សំដៅ​ទៅ​លើ​ភាព​កម្សោយ បរាជ័យ និង​សេចក្តី​ស្លាប់។ មនុស្ស​ជា​ច្រើន​កំពុង​តែ​រស់​នៅ ដោយ​ការ​ព្រួយ​បារម្ភ​ស្រដៀង​នេះ​ដែរ ដែល​នាំ​ឲ្យ​មាន​ការ​ថប់​បារម្ភ និង​ភាព​តាន​តឹង។ ពេល​ដែល​ភាព​ងងឹត​គ្រប​សង្កត់​មក​លើ​យើង យើង​អាច​រក​ឃើញ​សន្តិ​ភាព ព្រោះ​យើង​ដឹង​ថា​ ព្រះជា​ម្ចាស់​ក៏​គង់​នៅ​ជា​មួយ​យើង​ផង​ដែរ។ ភ្លើង​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បន្ត​ឆេះ​នៅ​ក្នុង​យើង ដើម្បី​បំភ្លឺ​ផ្លូវ​យើង​ ទាល់​តែ​យើង​បាន​ជួប​ព្រះយេស៊ូវ​មុខ​ទល់​នឹង​មុខ​។—JENNIFER BENSON SCHULDT