មានពេលមួយ ខ្ញុំបានចំណាយពេលយ៉ាងយូរ នៅក្បែរការតាំងបង្ហាញចង្កៀងបុរាណ នៅក្នុងសារៈមន្ទីរមួយ។ ពេលខ្ញុំមើលទៅផ្លាកសញ្ញានៅជិតនោះ ខ្ញុំក៏បានដឹងថា គេបានយកពួកវាមកពីប្រទេសអ៊ីស្រាអែល។ ចង្កៀងទាំងនោះមានរាងមូលទ្រវែង ដែលមានការតុបតែងដោយចម្លាក់។ ពួកវាមានរន្ធពីរនៅសង្ខាង។ រន្ធមួយសម្រាប់ដាក់ប្រេង និងមួយទៀតសម្រាប់ដាក់ប្រឆេះ។ តាមធម្មតា ជនជាតិអ៊ីស្រាអែលបានដាក់ចង្កៀងប្រភេទនេះនៅលើធ្នើជាប់នឹងជញ្ជាំង ហើយពួកវាមានរូបរាងតូចល្មមនឹងអាចដាក់នៅក្នុងដៃមនុស្សធំបាន។
ពន្លឺភ្លើងដ៏តូចចេញពីចង្កៀងប្រភេទនេះ ប្រហែលជាបានបណ្តាលចិត្តស្តេចដាវីឌ ឲ្យនិពន្ធបទចម្រៀងសរសើរដំកើង ដែលក្នុងនោះទ្រង់បានច្រៀងថា “ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់ជាចង្កៀងនៃទូលបង្គំ ព្រះយេហូវ៉ាទ្រង់បំភ្លឺ ក្នុងទីងងឹតនៃទូលបង្គំ”(២សាំយ៉ូអែល ២២:២៩)។ ស្តេចដាវីឌបានបន្លឺសម្លេងច្រៀងយ៉ាងដូចនេះ បន្ទាប់ពីព្រះជាម្ចាស់ប្រទានជ័យជម្នះ នៅក្នុងសង្រ្គាម។ សត្រូវរបស់ទ្រង់ ទំាងក្នុង និងក្រៅប្រទេស បានតាមសម្លាប់ទ្រង់។ ដោយសារទ្រង់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ នោះទ្រង់មិនបានលាក់ខ្លួននៅក្នុងទីងងឹតឡើយ។ ទ្រង់បានចេញទៅតទល់នឹងខ្មាំងសត្រូវ ដោយទំនុកចិត្ត ដែលបានមកពីព្រះវត្តមានរបស់ព្រះ។ ជំនួយរបស់ព្រះអង្គ គឺជាពន្លឺ ដែលជួយឲ្យស្តេចដាវីឌមើលឃើញអ្វីៗច្បាស់ ហើយអាចធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ សម្រាប់ខ្លួនទ្រង់ កងទ័ព និងប្រទេសជាតិរបស់ទ្រង់។
ភាពងងឹតដែលស្តេចដាវីឌបាននិយាយ ក្នុងបទចម្រៀងទ្រង់ ទំនងជាសំដៅទៅលើភាពកម្សោយ បរាជ័យ និងសេចក្តីស្លាប់។ មនុស្សជាច្រើនកំពុងតែរស់នៅ ដោយការព្រួយបារម្ភស្រដៀងនេះដែរ ដែលនាំឲ្យមានការថប់បារម្ភ និងភាពតានតឹង។ ពេលដែលភាពងងឹតគ្របសង្កត់មកលើយើង យើងអាចរកឃើញសន្តិភាព ព្រោះយើងដឹងថា ព្រះជាម្ចាស់ក៏គង់នៅជាមួយយើងផងដែរ។ ភ្លើងរបស់ព្រះវិញ្ញាណបរិសុទ្ធបានបន្តឆេះនៅក្នុងយើង ដើម្បីបំភ្លឺផ្លូវយើង ទាល់តែយើងបានជួបព្រះយេស៊ូវមុខទល់នឹងមុខ។—JENNIFER BENSON SCHULDT