វិចិត្រករ ដូក មើឃី(Doug Merkey)បានឆ្លាក់រូបចម្លាក់ដ៏ល្អប្រណិតមួយ ដែលគាត់បានដាក់ចំណងជើងឲ្យថា ជំនឿអស់ពីចិត្ត ។ វាជារូបចម្លាក់មនុស្សម្នាក់ធ្វើពីលង្ហឹន ដែលកំពុងតែតោងឈើឆ្កាងមួយធ្វើពីឈើវលណាត់ ដោយចិត្តស្រេកឃ្លានយ៉ាងខ្លាំង។ គាត់បានសរសេរថា “រូបចម្លាក់នេះ គឺជាការឆ្លុះបញ្ចាំង អំពីឥរិយ៉ាបថដ៏ចាំបាច់ និងត្រឹមត្រូវ ដែលយើងត្រូវមានក្នុងជីវិត ដោយការពឹងផ្អែកដ៏ជិតស្និទ្ធ មកលើព្រះគ្រីស្ទ និងដំណឹងល្អ”។
រូបចម្លាក់នេះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីជំនឿ ដែលបានបង្ហាញចេញមក តាមរយៈសកម្មភាព និងពាក្យសម្តីរបស់ស្រ្តីម្នាក់ ដែលមិនបានបញ្ចេញឈ្មោះ ក្នុងបទគម្ពីរ ម៉ាកុស ៥:២៥-៣៤។ ជីវិតរបស់នាងបានជួបភាពច្របូកច្របល់អស់រយៈពេល១២ឆ្នាំមកហើយ(ខ.២៥)។ “នាងបានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ”(ខ.២៦)។ ប៉ុន្តែ គ្រាន់តែបានដឹងថា ព្រះយេស៊ូវកំពុងតែយាងមកតាមផ្លូវ នាងក៏បានប្រញាប់ទៅរកព្រះអង្គ ដោយគ្រាន់តែពាល់ជាយព្រះពស្តរបស់ព្រះអង្គ ហើយនាងក៏បាន “រួចពីសេចក្តីវេទនារបស់នាង”(ខ.២៧-២៩)។
តើអ្នកមានការទាល់ច្រកឬទេ? តើអ្នកបានចំណាយអស់កម្លាំង និងធនធានហើយឬ? តើអ្នកមានការថប់បារម្ភ អស់សង្ឃឹម វង្វេង និងពិបាកចិត្តឬទេ? អ្នកមិនចាំបាច់ត្រូវអស់សង្ឃឹមឡើយ។ ព្រះអម្ចាស់យេស៊ូវ នៅតែឆ្លើយតប ចំពោះជំនឿ ដ៏ស្រេកឃ្លានរបស់អ្នក គឺប្រភេទនៃជំនឿ ដែលបានបង្ហាញចេញក្នុងជីវិតរបស់ស្រ្តីដែលរងទុក្ខ ក្នុងកណ្ឌគម្ពីរម៉ាកុស ក៏ដូចជាបានបង្ហាញក្នុងអត្ថន័យនៃរូបចម្លាក់របស់លោកមើឃី។ ជំនឿប្រភេទនេះក៏បានបង្ហាញចេញ ក្នុងពាក្យពេចន៍នៃបទចម្រៀងទំនុកដំកើង របស់លោកឆាល វេសលី(Charles Wesley)ថា “ព្រះវរបិតា ទូលបង្គំសូមឈោងទៅរកព្រះអង្គ។ ទូលបង្គំគ្មានជំនួយអ្វីផ្សេងពីព្រះអង្គឡើយ”។ បើអ្នកមិនទាន់មានជំនឿប្រភេទនេះទេ ចូរទូលសូមព្រះអម្ចាស់ជួយអ្នក ឲ្យទុកចិត្តព្រះអង្គ។ បទទំនុកដំកើងរបស់លោកវេសលី ក៏បានបញ្ចប់ដោយការអធិស្ឋានថា “ឱព្រះ ដែលប្រទានសេចក្តីជំនឿ។ ទូលបង្គំសូមថ្វាយភាពនឿយព្រួយ និងស្រេកឃ្លានដល់ព្រះអង្គ។ សូមឲ្យជួយទូលបង្គំឲ្យមានជំនឿ! បើគ្មានជំនឿទេ នោះវិញ្ញាណទូលបង្គំនឹងស្លាប់ហើយ”។ —ARTHUR JACKSON