វិចិត្រករ ដូក មើឃី(Doug Merkey)បាន​ឆ្លាក់​រូប​ចម្លាក់​ដ៏​ល្អ​ប្រណិត​មួយ ដែល​គាត់​បាន​ដាក់​ចំណង​ជើង​ឲ្យ​ថា ជំនឿ​អស់​ពី​ចិត្ត ។ វា​ជា​រូប​ចម្លាក់​មនុស្ស​ម្នាក់​ធ្វើ​ពី​លង្ហឹន ដែល​កំពុង​តែ​តោង​ឈើ​ឆ្កាង​មួយ​ធ្វើ​ពី​ឈើ​វលណាត់ ដោយ​ចិត្ត​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង។ គាត់​បាន​សរសេរ​ថា “រូប​ចម្លាក់​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង អំពី​ឥរិយ៉ាបថ​ដ៏​ចាំ​បាច់ និង​ត្រឹម​ត្រូវ ដែល​យើង​ត្រូវ​មាន​ក្នុង​ជីវិត ដោយ​ការ​ពឹង​ផ្អែក​ដ៏​ជិត​ស្និទ្ធ មក​លើ​ព្រះ​គ្រីស្ទ និង​ដំណឹង​ល្អ”។

រូប​ចម្លាក់​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ជំនឿ ដែល​បាន​បង្ហាញ​ចេញ​មក តាម​រយៈ​សកម្ម​ភាព និង​ពាក្យ​សម្តី​របស់​ស្រ្តី​ម្នាក់ ដែលមិន​បាន​បញ្ចេញ​ឈ្មោះ ក្នុង​បទ​គម្ពីរ ម៉ាកុស ៥:២៥-៣៤។ ជីវិត​របស់​នាង​បាន​ជួប​ភាព​ច្របូក​ច្របល់​អស់​រយៈ​ពេល​១២​ឆ្នាំ​មកហើយ​(ខ.២៥)។ “នាង​បាន​ឈឺ​សន្ធឹក នៅ​ដៃ​គ្រូពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មានៗ តែ​មិន​បាន​គ្រាន់​បើ​សោះ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង​វិញ”(ខ.២៦)។ ប៉ុន្តែ គ្រាន់​តែ​បាន​ដឹង​ថា ព្រះ​យេស៊ូវ​កំពុង​តែ​យាង​មក​តាម​ផ្លូវ នាង​ក៏​បាន​ប្រញាប់​ទៅ​រក​ព្រះ​អង្គ ដោយ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ​ពស្ត​របស់​ព្រះ​អង្គ ហើយ​នាង​ក៏​បាន “រួច​ពី​សេចក្តី​វេទនា​របស់​នាង”(ខ.២៧-២៩)។

តើ​អ្នក​មាន​ការ​ទាល់​ច្រក​ឬ​ទេ? តើ​អ្នក​បាន​ចំណាយ​អស់​កម្លាំង និង​ធន​ធាន​ហើយ​ឬ? តើ​អ្នក​មាន​ការ​ថប់​បារម្ភ អស់​សង្ឃឹម វង្វេង និង​ពិបាក​ចិត្ត​ឬ​ទេ? អ្នក​មិន​ចាំ​បាច់​ត្រូវ​អស់​សង្ឃឹម​ឡើយ។ ព្រះ​អម្ចាស់​យេស៊ូវ នៅ​តែ​ឆ្លើយ​តប ចំពោះ​ជំនឿ ដ៏​ស្រេក​ឃ្លាន​របស់​អ្នក គឺ​ប្រភេទ​នៃ​ជំនឿ ដែល​បាន​បង្ហាញ​ចេញ​ក្នុង​ជីវិត​របស់​ស្រ្តី​ដែល​រង​ទុក្ខ ក្នុង​កណ្ឌ​គម្ពីរ​ម៉ាកុស ក៏​ដូច​ជា​បានបង្ហាញ​ក្នុង​អត្ថ​ន័យ​នៃ​រូប​ចម្លាក់​របស់​លោក​មើឃី។ ជំនឿ​ប្រភេទ​នេះ​ក៏​បាន​បង្ហាញ​ចេញ ក្នុង​ពាក្យ​ពេចន៍​នៃ​បទ​ចម្រៀង​ទំនុក​ដំកើង របស់​លោក​ឆាល វេសលី(Charles Wesley)ថា “ព្រះ​វរបិតា ទូល​បង្គំ​សូម​ឈោង​ទៅ​រក​ព្រះ​អង្គ។ ទូល​បង្គំ​គ្មាន​ជំនួយ​អ្វី​ផ្សេង​ពី​ព្រះ​អង្គ​ឡើយ”។ បើ​អ្នក​មិន​ទាន់​មាន​ជំនឿ​ប្រភេទ​នេះ​ទេ ចូរ​ទូល​សូម​ព្រះ​អម្ចាស់​ជួយ​អ្នក ឲ្យ​ទុក​ចិត្ត​ព្រះ​អង្គ។ បទ​ទំនុក​ដំកើង​របស់​លោក​វេសលី ក៏​បាន​បញ្ចប់​ដោយ​ការ​អធិស្ឋាន​ថា “ឱ​ព្រះ ដែល​ប្រទាន​សេចក្តី​ជំនឿ។ ទូល​បង្គំ​សូម​ថ្វាយ​ភាព​នឿយព្រួយ និង​ស្រេក​ឃ្លាន​ដល់​ព្រះអង្គ។ សូម​ឲ្យ​ជួយ​ទូល​បង្គំ​ឲ្យ​មាន​ជំនឿ! បើ​គ្មាន​ជំនឿ​ទេ​ នោះ​វិញ្ញាណ​ទូល​បង្គំ​នឹង​ស្លាប់​ហើយ”។ —ARTHUR JACKSON