កាលពីឆ្នាំ២០០៩ សាលាក្រុងឡូស អ៊ែនជែលេស បានឈប់តម្រូវឲ្យក្រុមគ្រួសារទាំងឡាយបង់ប្រាក់ សម្រាប់រយៈពេលនៃការជាប់ឃុំខ្លួនរបស់កូនៗរបស់ពួកគេ។ ទោះការបង់ប្រាក់ថ្មីៗ មិនត្រូវបានគេតម្រូវឲ្យធ្វើក៏ដោយ អ្នកដែលជំពាក់ប្រាក់រដ្ឋ មុនពេលគេចាប់ផ្តើមអនុវត្តច្បាប់ថ្មីនេះ នៅតែត្រូវសងបំណុលឲ្យអស់។ បន្ទាប់មក នៅឆ្នាំ២០១៨ សាលាក្រុងក៏បានសម្រេចលប់បំណុលទាំងអស់ ដែលគេបានជំពាក់ សម្រាប់រយៈពេលនៃការឃុំខ្លួនកូនៗរបស់ពួកគេ។
សម្រាប់ក្រុមគ្រួសារខ្លះ ការលុបបំណុលបានជួយសម្រាលបន្ទុកជាច្រើន នៅក្នុងការរស់នៅដ៏ពិបាក ដោយមិនចាំបាច់ត្រូវគេរឹបអូសទ្រព្យសម្បត្តិ ឬកាត់ប្រាក់ខែទៀត បានសេចក្តីថា ពួកគេអាចមានអាហារបរិភោគច្រើនជាងមុន។ ដោយសារតែមានទុក្ខលំបាកយ៉ាងដូចនេះហើយ បានជាព្រះអម្ចាស់បង្គាប់ឲ្យសាសន៍អ៊ីសា្រអែលលុបបំណុល រៀងរាល់៧ឆ្នាំ(ចោទិយកថា ១៥:២)។ ទ្រង់មិនសព្វព្រះទ័យឲ្យនរណាម្នាក់ រងទុក្ខជារៀងរហូត ដោយសារការជំពាក់បំណុលនោះឡើយ។
ដោយសារក្រឹត្យវិន័យបានហាមឃាត់ពួកអ៊ីស្រាអែលមិនឲ្យយកការប្រាក់ ពីជនរួមជាតិរបស់ខ្លួន(និក្ខមនំ ២២:២៥) នោះពួកគេត្រូវឲ្យអ្នកជិតខាងខ្លួនខ្ចីលុយ មិនមែនដើម្បីរកប្រាក់ចំណេញនោះទេ តែដើម្បីជួយអ្នកដែលកំពុងជួបការលំបាក ប្រហែលដោយសារការប្រមូលផលមិនបានល្អជាដើម។ ពួកគេត្រូវលប់បំណុលចោល រៀងរាល់៧ឆ្នាំ។ ជាលទ្ធផល ភាពក្រីក្រក៏បានថយចុះ ក្នុងចំណោមពួកបណ្តាជន(ចោទិយកថា ១៥:៤)។
សព្វថ្ងៃនេះ អ្នកជឿព្រះយេស៊ូវមិនស្ថិតនៅក្រោមក្រឹត្យវិន័យនេះទេ។ តែជួនកាល ព្រះទ្រង់អាចធ្វើការក្នុងចិត្តយើង ឲ្យលុបបំណុលដែលគេជំពាក់យើង ឬអត់ឱនទោសឲ្យគេ ដើម្បីឲ្យអ្នកដែលកំពុងជួបទុក្ខលំបាក អាចមានការចាប់ផ្តើមជាថ្មី ក្នុងនាមជាសមាជិកដ៏មានប្រយោជន៍របស់សង្គម។ ពេលណាយើងបង្ហាញសេចក្តីមេត្តា និងសប្បុរសធម៌យ៉ាងដូចនេះ ដល់អ្នកដទៃ គឺមានន័យថា យើងកំពុងតែលើកដំកើងចរិកលក្ខណៈរបស់ព្រះជាម្ចាស់ ហើយផ្តល់ក្តីសង្ឃឹមដល់អ្នកដទៃ។—KIRSTEN HOLMBERG