ពេល​ដែល​ស្វាមី​ខ្ញុំ​ទៅ​ពិនិត្យ​សុខភាព​រក​ឃើញ​ថា មាន​ជម្ងឺ​មហារីក ខ្ញុំ​មិន​ដឹង​ថា ត្រូវ​អធិស្ឋាន​យ៉ាង​ដូច​ម្តេច ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​សូម​ព្រះ​ទ្រង់​ប្រោស​គាត់​ឲ្យ​ជា។ តាម​ទស្សនៈ​របស់​ខ្ញុំ ដែល​មាន​កំណត់ ខ្ញុំ​ដឹង​ថា មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ កំពុង​តែ​ជួប​បញ្ហា​ធ្ងន់​ៗ​ដូច​នេះ​ផង​ដែរ ដែល​មាន​ដូច​ជា សង្រ្គាម ភាព​អត់​ឃ្លាន ភាព​ក្រីក្រ និង​គ្រោះ​ធម្មជាតិ​ជា​ដើម។ ក្រោយ​មក ថ្ងៃ​មួយ ក្នុង​អំឡុង​ពេល​នៃ​ការ​អធិស្ឋាន​នៅ​ពេល​ព្រឹក ខ្ញុំ​បាន​ឮ​ស្វាមី​ខ្ញុំ​ទូល​សូម​ដោយ​ការ​បន្ទាប​ខ្លួន​ថា “​ឱ​ព្រះ​អម្ចាស់ សូម​ប្រោស​ជម្ងឺ​ទូល​បង្គំ​ឲ្យ​ជា”។

នេះ​ជា​ការ​អធិស្ឋាន​ដ៏​សាមញ្ញ តែ​អស់​ពី​ចិត្ត ដែល​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​ឈប់​ធ្វើ​ឲ្យមា​នភាព​ស្មុគ្រ​ស្មាញ នៅ​ក្នុង​ការ​ទូល​សូម​អ្វី​មួយ​ពី​ព្រះ ដ្បិត​ព្រះ​អង្គ​បាន​ស្តាប់​ឮ​ការ​ទូល​សូម​ដ៏​សុចរិត​របស់​យើង។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ទូល​សូម ដោយ​ពាក្យ​ពេចន៍​ដ៏​សាមញ្ញ​ថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​យាង​មក​វិញ ហើយ​ប្រោស​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ ដោយ​យល់​ដល់​សេចក្តី​សប្បុរស​នៃ​ទ្រង់”(ទំនុកដំកើង ៦:៤)។

នោះ​ជា​អ្វី​ដែល​ស្តេច​ដាវីឌ​បាន​ពោល​ឡើង ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​ភ័ន្ត​ភាំង និង​ភាព​អស់​សង្ឃឹម​ខាង​វិញ្ញាណ។ ទ្រង់​មិន​បាន​ពន្យល់​អំពី​ស្ថាន​ភាព​របស់​ទ្រង់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ទូល​អង្វរ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​ស្រេក​ឃ្លាន​ជំនួយ និង​ការ​ស្អាង​ឡើង​វិញ ពី​ព្រះ​ជា​ម្ចាស់។ គឺដូច​ដែល​ទ្រង់​បាន​សរសេរ​ថា ទ្រង់​បាន​អស់​កម្លាំង ទាំង​ថ្ងូរ​ផង(ខ.៦)។

តែ​ស្តេច​ដាវីឌ​មិន​បាន​បណ្តោយ​ឲ្យ​បញ្ហា​របស់​ទ្រង់ ជា​ពិសេស​អំពើ​បាប​របស់​ទ្រង់ រារាំង​ទ្រង់​មិន​ឲ្យ​ចូល​ទៅ​រក​ព្រះ ​ទូល​ថ្វាយ អំពី​សេចក្តី​ត្រូវ​ការ​របស់​ទ្រង់​ឡើយ។ ហេតុ​នេះ​ហើយ មុន​ពេល​ដែល​ព្រះ​ទ្រង់​ឆ្លើយ​តប ស្តេច​ដាវីឌ​នៅ​តែ​អាច​បន្លឺ​សម្លេង ដោយ​អំណរ​ថា ព្រះ​អម្ចាស់​ឮ​សម្លេង​ទ្រង់​យំ ព្រះ​អម្ចាស់​បាន​ស្តាប់​ពាក្យ​ដែល​ទ្រង់​ទូល​អង្វរ​ហើយ ព្រះ​អម្ចាស់​នឹង​ទទួល​ពាក្យ​ដែល​​ទ្រង់​អធិស្ឋាន​(ខ.៨-៩)។

ទោះ​យើង​មាន​ការ​ភ័ន្ត​ភាំង និង​ភាព​មិន​ច្បាស់​លាស់​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះ​ទ្រង់​នៅ​តែ​ស្តាប់ និង​ទទួល​យក​ការ​ទូល​អង្វរ​របស់​កូន​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​ផ្ទៀង​ព្រះកាណ៍​ស្តាប់​យើង ជា​ពិសេស នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ព្រះ​អង្គ​បំផុត។​—PATRICIA RAYBON