មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ដែល​មាន​ចិត្ត​សប្បុរស បាន​ស្ម័គ្រ​ចិត្ត​មើល​កូន​ឲ្យ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ និង​ភរិយា​ខ្ញុំ​អាច​ចេញ​ទៅ​ចំណាយ​ពេល​​ដ៏​រ៉ូមែនទិក​តែ​ពីរ​នាក់ នៅ​ក្រៅ​ផ្ទះ។ គាត់​ក៏​បាន​ឲ្យ​យោបល់​ថា យើង​គួរ​តែ​ទៅ​កន្លែង​ដែល​យើង​ចូល​ចិត្ត។ ដោយសារ​យើង​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​ៗ ដោយ​ផ្អែក​ទៅ​លើ​ការ​ពិត​ជាក់​ស្តែង យើង​ក៏​បាន​សម្រេច​ចិត្ត​ទៅ​ទិញ​គ្រឿង​ទេស។ ពេល​យើង​ត្រឡប់​ទៅ​មក​វិញ មិត្ត​ភក្តិ​របស់​យើង​ក៏​បាន​ឃើញ​យើង​យួរ​គ្រឿង​ទេស​ជា​ច្រើន​ថង់ គាត់​ក៏​បាន​សួរ​យើង​ថា ហេតុ​អ្វី​បាន​ជា​យើងមិន​បាន​ធ្វើ​អ្វី​មួយ​ដែល​ពិសេស? យើង​ក៏​បាន​ប្រាប់​គាត់​ថា ការ​ដែល​គូរ​ស្នេហ៍​ចេញ​ទៅ​ចំណាយ​ពេល​តែ​ពីរ​នាក់ គឺ​ជា​បទ​ពិសោធន៍​ដ៏​ពិសេស ដោយសារ​ពួក​គេ​បាន​នៅ​ក្បែរ​គ្នា តែ​ការ​អ្វី​ដែល​ពួក​គេ​ធ្វើ​ជា​មួយ​គ្នា មិន​សូវ​ធ្វើ​ឲ្យ​បទ​ពិសោធន៍​នោះ​ពិសេស​ប៉ុន្មាន​ទេ។​

មាន​កណ្ឌ​គម្ពីរ​តិច​ណាស់​ដែល​មិន​បាន​ដក​ស្រង់​ពាក្យ​ពេចន៍​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល​ដោយ​ផ្ទាល់ ឬ​ចែង​អំពី​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ដោយ​ផ្ទាល់។ កណ្ឌ​គម្ពីរ​នាង​រស់​ស្ថិត​ក្នុង​ចំណោម​កណ្ឌ​គម្ពីរ​ទំាង​នេះ​ឯង ហើយ​ក៏​ហាក់​ដូច​ជា​មាន​ភាព​សាមញ្ញ​គួរ​សម។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ខ្លះ​បាន​ចាត់​ទុក​កណ្ឌ​គម្ពីរ​នេះ ជា​រឿង​ស្នេហា​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​អាន​ប៉ះ​ពាល់​ចិត្ត គឺ​រឿង​របស់​មនុស្ស​ពីរ​នាក់ ដែល​ចាប់​ផ្តើម​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា។

ប៉ុន្តែ តាម​ពិត កណ្ឌ​គម្ពីរ​នាង​រស់ មិន​សាមញ្ញ​ដូច​គេ​គិត​នោះ​ឡើយ។ នៅ​ក្នុង​ជំពូក​ចុង​ក្រោយ​នៃ​កណ្ឌ​នាង​រស់ យើង​ឃើញ​ថា បន្ទាប់​ពី​នាង​រស់ និង​លោក​បូអូស​បាន​រៀប​ការ​ហើយ ពួក​គេ​ក៏​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អូបិឌ ដែល​ជា​ជីតា​របស់​ស្តេច​ដាវីឌ​(៤:១៧)។ ហើយ​តាម​បទ​គម្ពីរ​ម៉ាថាយ ១:១ យើង​ឃើញ​ថា ព្រះ​យេស៊ូវ​បាន​ប្រសូត្រ នៅ​ក្នុង​វង្ស​ត្រកូល​របស់​ស្តេច​ដាវីឌ។ ក្រោយ​មក ព្រះ​យេស៊ូវ​ក៏​បាន​ធ្វើ​ឲ្យ​រឿង​ស្នេហា​ដ៏​សាមញ្ញ​របស់​លោក​បូអូស និង​នាង​រស់ កាន់​តែ​មាន​ន័យ ហើយ​ព្រះ​អង្គ​ក៏​បាន​បើក​បង្ហាញ​ផែន​ការ និង​បំណង​ព្រះ​ទ័យ​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​ទ្រង់​មាន​សម្រាប់​មនុស្ស​ជាតិ។

ជា​ញឹក​ញាប់ យើង​ក៏​មាន​ទស្សនៈ​ដូច​នេះ ចំពោះ​ខ្លួន​យើង​ផង​ដែរ ពោល​គឺ​យើង​គិត​ថា យើង​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា និង​មិន​អាច​សម្រេច​គោល​បំណង​ដ៏​ពិសេស​អ្វី​ឡើយ។ ប៉ុន្តែ​ ពេល​ដែល​យើង​គិត​អំពី​ខ្លួន​យើង តាម​ទស្សនៈ​របស់​ព្រះ​គ្រីស្ទ យើង​ឃើញ​ថា នៅ​ក្នុង​ព្រះ​គ្រីស្ទ យើង​មាន​តម្លៃ​ដ៏​អស់​កល្ប សូម្បី​តែ​នៅ​ក្នុង​ស្ថាន​ភាព និង​ទំនាក់​ទំនង​ដែល​សាមញ្ញ​បំផុត​ក៏​ដោយ។  —PETER CHIN