មិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលមានចិត្តសប្បុរស បានស្ម័គ្រចិត្តមើលកូនឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំ និងភរិយាខ្ញុំអាចចេញទៅចំណាយពេលដ៏រ៉ូមែនទិកតែពីរនាក់ នៅក្រៅផ្ទះ។ គាត់ក៏បានឲ្យយោបល់ថា យើងគួរតែទៅកន្លែងដែលយើងចូលចិត្ត។ ដោយសារយើងជាមនុស្សដែលចូលចិត្តធ្វើអ្វីៗ ដោយផ្អែកទៅលើការពិតជាក់ស្តែង យើងក៏បានសម្រេចចិត្តទៅទិញគ្រឿងទេស។ ពេលយើងត្រឡប់ទៅមកវិញ មិត្តភក្តិរបស់យើងក៏បានឃើញយើងយួរគ្រឿងទេសជាច្រើនថង់ គាត់ក៏បានសួរយើងថា ហេតុអ្វីបានជាយើងមិនបានធ្វើអ្វីមួយដែលពិសេស? យើងក៏បានប្រាប់គាត់ថា ការដែលគូរស្នេហ៍ចេញទៅចំណាយពេលតែពីរនាក់ គឺជាបទពិសោធន៍ដ៏ពិសេស ដោយសារពួកគេបាននៅក្បែរគ្នា តែការអ្វីដែលពួកគេធ្វើជាមួយគ្នា មិនសូវធ្វើឲ្យបទពិសោធន៍នោះពិសេសប៉ុន្មានទេ។
មានកណ្ឌគម្ពីរតិចណាស់ដែលមិនបានដកស្រង់ពាក្យពេចន៍ដែលព្រះទ្រង់មានបន្ទូលដោយផ្ទាល់ ឬចែងអំពីអ្វីដែលព្រះទ្រង់បានធ្វើដោយផ្ទាល់។ កណ្ឌគម្ពីរនាងរស់ស្ថិតក្នុងចំណោមកណ្ឌគម្ពីរទំាងនេះឯង ហើយក៏ហាក់ដូចជាមានភាពសាមញ្ញគួរសម។ ហេតុនេះហើយបានជាអ្នកខ្លះបានចាត់ទុកកណ្ឌគម្ពីរនេះ ជារឿងស្នេហាដែលបានធ្វើឲ្យអ្នកអានប៉ះពាល់ចិត្ត គឺរឿងរបស់មនុស្សពីរនាក់ ដែលចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយគ្នា។
ប៉ុន្តែ តាមពិត កណ្ឌគម្ពីរនាងរស់ មិនសាមញ្ញដូចគេគិតនោះឡើយ។ នៅក្នុងជំពូកចុងក្រោយនៃកណ្ឌនាងរស់ យើងឃើញថា បន្ទាប់ពីនាងរស់ និងលោកបូអូសបានរៀបការហើយ ពួកគេក៏បង្កើតបានកូនប្រុសម្នាក់ឈ្មោះ អូបិឌ ដែលជាជីតារបស់ស្តេចដាវីឌ(៤:១៧)។ ហើយតាមបទគម្ពីរម៉ាថាយ ១:១ យើងឃើញថា ព្រះយេស៊ូវបានប្រសូត្រ នៅក្នុងវង្សត្រកូលរបស់ស្តេចដាវីឌ។ ក្រោយមក ព្រះយេស៊ូវក៏បានធ្វើឲ្យរឿងស្នេហាដ៏សាមញ្ញរបស់លោកបូអូស និងនាងរស់ កាន់តែមានន័យ ហើយព្រះអង្គក៏បានបើកបង្ហាញផែនការ និងបំណងព្រះទ័យដ៏អស្ចារ្យរបស់ព្រះ ដែលទ្រង់មានសម្រាប់មនុស្សជាតិ។
ជាញឹកញាប់ យើងក៏មានទស្សនៈដូចនេះ ចំពោះខ្លួនយើងផងដែរ ពោលគឺយើងគិតថា យើងគ្រាន់តែជាមនុស្សធម្មតា និងមិនអាចសម្រេចគោលបំណងដ៏ពិសេសអ្វីឡើយ។ ប៉ុន្តែ ពេលដែលយើងគិតអំពីខ្លួនយើង តាមទស្សនៈរបស់ព្រះគ្រីស្ទ យើងឃើញថា នៅក្នុងព្រះគ្រីស្ទ យើងមានតម្លៃដ៏អស់កល្ប សូម្បីតែនៅក្នុងស្ថានភាព និងទំនាក់ទំនងដែលសាមញ្ញបំផុតក៏ដោយ។ —PETER CHIN