ការ​ងារ​ដែល​លោក​ថម(Tom) និង​លោក​ម៉ាក(Mark)បាន​ធ្វើ​ថ្វាយ​ព្រះ បាន​នំា​ឲ្យ​ជីវិត​មនុស្ស​ជា​ច្រើន​មាន​ភាព​ស្រស់​ថ្លា​ឡើង​។ យើង​អាច​ដឹង​ច្បាស់ អំពី​ការងារ​របស់​ពួក​គេ តាម​រយៈ​វីដេអូ​មួយ ដែល​ពួក​គេ​បាន​ចែក​រំលែក ដែល​និយាយ​អំពី​ក្មេង​ៗ​មួយ​ក្រុម កំពុង​តែ​សើច និង​រាំ​យ៉ាង​សប្បាយ​រីក​រាយ នៅ​ក្រោម​ទឹក​ផ្កា​ឈូក​បាញ់​ចេញ​មក នៅ​ក្នុង​ទីធ្លា​មួយ ដោយ​មិន​បាន​ផ្លាស់​សំលៀក​បំពាក់​សម្រាប់​ងូត​ទឹក។ វា​ជា​លើក​ទីមួយ​ហើយ ដែល​ពួក​គេ​បាន​ងួត​ទឹក​ផ្កា​ឈូក។​ បុរស​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ការ​ជា​មួយ​ព្រះ​វិហារ​ក្នុង​តំបន់ ដើម្បី​ដំឡើង​ប្រព័ន្ធ​ចម្រោះ​ទឹក នៅ​តាម​អណ្តូង​ទំាង​ឡាយ ក្នុង​ប្រទេស​ហៃទី ដោយ​បាន​ជួយ​សម្រួល និង​ពន្យា​ជីវិត​របស់​ប្រជាជន​នៅ​ទីនោះ ដោយ​ប្រព័ន្ធ​ចម្រោះ​ទឹក​នេះ​បាន​ជួយ​បង្ការ​ជម្ងឺ​ជា​ច្រើន ដែល​កើត​ឡើង​ពី​ទឹក​កខ្វក់។ ប្រ​ព័ន្ធ​ទឹក​ស្អាត​នេះ បាន​ជួយ​ឲ្យ​ប្រជាជន​ក្នុង​តំបន់ មាន​ក្តី​សង្ឃឹម សម្រាប់​ពេល​អនាគត។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី “ទឹក​ដ៏​រស់” ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​៤ ដើម្បី​ត្រាស់​ហៅ​យើង ឲ្យ​ចូល​មក​រក​ប្រភព​នៃ​ភាព​ស្រស់​ថ្លា ដែល​មិន​ចេះ​រីង​ស្ងួត។ មាន​ពេល​មួយ ទ្រង់​បាន​សុំ​ទឹក​ពី​ស្រ្តី​សាសន៍​សាំម៉ារី​ម្នាក់ ដើម្បី​បំបាត់​ការ​ស្រេក​ទឹក(ខ.៤-៨)។ ការ​ស្នើរ​សុំ​នោះ ក៏​បាន​នាំ​ឲ្យ​មាន​ការ​សន្ទនា​ដ៏​មាន​ន័យ​មួយ ដែល​ក្នុង​នោះ ទ្រង់​បាន​ប្រទាន “ទឹក​ដ៏​រស់” ដល់​ស្រ្តី​នោះ​(ខ.៩-១៥) គឺ​ជា​ទឹក​ដែល​នឹង​ក្លាយ​ជា​ប្រភព​នៃ​ជីវិត និង​ក្តី​សង្ឃឹម ដល់​មនុស្ស​ម្នាក់​ៗ ដូច​ជា​រន្ធ​ទឹក​ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច(ខ.១៤)។

ក្រោយ​មក កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​ជា​បន្ថែម​ទៀត អំពី​ទឹក​ដ៏​រស់​នោះ ដោយ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ”។ “អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក ដូច​ជា​គម្ពីរ​សំដែង​ហើយ”។ តែ​សេចក្តី​នេះ គឺ​ទ្រង់​មាន​ព្រះបន្ទូល​ពី​ព្រះវិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល (៧:៣៧-៣៩)។

តាម​រយៈ​ព្រះ​វិញ្ញាណ នោះ​អ្នក​ជឿ​ទំាង​អស់​មាន​ការ​រួប​រួម​នឹង​ព្រះ​គ្រីស្ទ ហើយ​មាន​ផ្លូវ​ចូល​ទៅ​រក​អំណាច ក្តី​សង្ឃឹម និង​ក្តី​អំណរដែល​គ្មាន​ព្រំដែន ក្នុង​ព្រះ​ជា​ម្ចាស់។ ព្រះ​វិញ្ញាណ​ដែល​គង់​នៅ​ក្នុង​អ្នក​ជឿ គឺ​ជា​ទឹក​ដ៏​រស់ ដែល​នាំ​មក​នូវ​ភាព​ស្រស់​ថ្លា និង​ការ​ចាប់​ផ្តើម​ជា​ថ្មី​ដល់​យើង​រាល់​គ្នា។—ALYSON KIEDA