ការងារដែលលោកថម(Tom) និងលោកម៉ាក(Mark)បានធ្វើថ្វាយព្រះ បាននំាឲ្យជីវិតមនុស្សជាច្រើនមានភាពស្រស់ថ្លាឡើង។ យើងអាចដឹងច្បាស់ អំពីការងាររបស់ពួកគេ តាមរយៈវីដេអូមួយ ដែលពួកគេបានចែករំលែក ដែលនិយាយអំពីក្មេងៗមួយក្រុម កំពុងតែសើច និងរាំយ៉ាងសប្បាយរីករាយ នៅក្រោមទឹកផ្កាឈូកបាញ់ចេញមក នៅក្នុងទីធ្លាមួយ ដោយមិនបានផ្លាស់សំលៀកបំពាក់សម្រាប់ងូតទឹក។ វាជាលើកទីមួយហើយ ដែលពួកគេបានងួតទឹកផ្កាឈូក។ បុរសទាំងពីរនាក់នេះបានធ្វើការជាមួយព្រះវិហារក្នុងតំបន់ ដើម្បីដំឡើងប្រព័ន្ធចម្រោះទឹក នៅតាមអណ្តូងទំាងឡាយ ក្នុងប្រទេសហៃទី ដោយបានជួយសម្រួល និងពន្យាជីវិតរបស់ប្រជាជននៅទីនោះ ដោយប្រព័ន្ធចម្រោះទឹកនេះបានជួយបង្ការជម្ងឺជាច្រើន ដែលកើតឡើងពីទឹកកខ្វក់។ ប្រព័ន្ធទឹកស្អាតនេះ បានជួយឲ្យប្រជាជនក្នុងតំបន់ មានក្តីសង្ឃឹម សម្រាប់ពេលអនាគត។
ព្រះយេស៊ូវបានមានបន្ទូលអំពី “ទឹកដ៏រស់” ក្នុងបទគម្ពីរយ៉ូហាន ជំពូក៤ ដើម្បីត្រាស់ហៅយើង ឲ្យចូលមករកប្រភពនៃភាពស្រស់ថ្លា ដែលមិនចេះរីងស្ងួត។ មានពេលមួយ ទ្រង់បានសុំទឹកពីស្រ្តីសាសន៍សាំម៉ារីម្នាក់ ដើម្បីបំបាត់ការស្រេកទឹក(ខ.៤-៨)។ ការស្នើរសុំនោះ ក៏បាននាំឲ្យមានការសន្ទនាដ៏មានន័យមួយ ដែលក្នុងនោះ ទ្រង់បានប្រទាន “ទឹកដ៏រស់” ដល់ស្រ្តីនោះ(ខ.៩-១៥) គឺជាទឹកដែលនឹងក្លាយជាប្រភពនៃជីវិត និងក្តីសង្ឃឹម ដល់មនុស្សម្នាក់ៗ ដូចជារន្ធទឹកដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច(ខ.១៤)។
ក្រោយមក កណ្ឌគម្ពីរយ៉ូហានបានចែងជាបន្ថែមទៀត អំពីទឹកដ៏រស់នោះ ដោយព្រះយេស៊ូវបានមានបន្ទូលថា “បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ”។ “អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ”។ តែសេចក្តីនេះ គឺទ្រង់មានព្រះបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល (៧:៣៧-៣៩)។
តាមរយៈព្រះវិញ្ញាណ នោះអ្នកជឿទំាងអស់មានការរួបរួមនឹងព្រះគ្រីស្ទ ហើយមានផ្លូវចូលទៅរកអំណាច ក្តីសង្ឃឹម និងក្តីអំណរដែលគ្មានព្រំដែន ក្នុងព្រះជាម្ចាស់។ ព្រះវិញ្ញាណដែលគង់នៅក្នុងអ្នកជឿ គឺជាទឹកដ៏រស់ ដែលនាំមកនូវភាពស្រស់ថ្លា និងការចាប់ផ្តើមជាថ្មីដល់យើងរាល់គ្នា។—ALYSON KIEDA