ព្រះជាម្ចាស់យល់ចិត្តយើង។ ព្រះអង្គបានឃ្វាលជនជាតិអ៊ីស្រាអែល ដោយសេចក្តីស្រឡាញ់ ប៉ុន្តែ ពេលដែលទ្រង់សួរពួកគេថា តើទ្រង់មានតម្លៃប៉ុណ្ណា សម្រាប់ពួកគេ ពួកគេក៏បានបង់ “ប្រាក់៣០ដួង សម្រាប់ជាឈ្នួល” ដែលទ្រង់ឃ្វាលពួកគេ(សាការី ១១:១២)។ នេះជាថ្លៃឈ្នួលសម្រាប់ទាសករម្នាក់ប៉ុណ្ណោះ គឺថ្លៃឈ្នួលដែលចៅហ្វាយត្រូវបង់ឲ្យ ក្នុងករណីដែលទាសករណាម្នាក់បានបាត់បង់ជីវិត ជាយថាហេតុ(និក្ខមនំ ២១:៣២)។ ការឲ្យតម្លៃដ៏តិចបំផុតនេះ ដល់ព្រះជាម្ចាស់ គឺការប្រមាថព្រះអង្គ។ គឺដូចដែលព្រះអង្គបានចម្អកឲ្យពួកគេថា “វាជាដំឡៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃដល់ខ្ញុំ”(សាការី ១១:១៣)។ ព្រះអង្គក៏បានឲ្យលោកសាការីបោះប្រាក់នោះ ឲ្យទៅជាងស្មូនវិញ។
ព្រះយេស៊ូវក៏យល់អំពីបញ្ហានេះដែរ។ ព្រះអង្គមិនគ្រាន់តែត្រូវមិត្តសំឡាញ់ក្បត់ឡើយ តែគេថែមទាំងមានចិត្តស្អប់ខ្ពើមព្រះអង្គទៀតផង។ ពួកអ្នកដឹកនាំសាសនាយូដា បានស្អប់ខ្ពើមព្រះយេស៊ូវ បានជាពួកគេឲ្យប្រាក់យូដាសតែ៣០ស្លឹង គឺតម្លៃខ្លួនទាបបំផុតសម្រាប់មនុស្សម្នាក់ ហើយគាត់ក៏បានទទួលប្រាក់នោះ(ម៉ាថាយ ២៦:១៤-១៥ ២៧:៩)។ យូដាសមិនសូវឲ្យតម្លៃព្រះយេស៊ូវទេ បានជាគាត់ក្បត់ព្រះអង្គ ដើម្បីប្រាក់ដែលស្ទើរតែគ្មានតម្លៃទាល់តែសោះ។
បើមនុស្សមិនឲ្យតម្លៃព្រះយេស៊ូវទៅហើយ នោះចូរកុំភ្ញាក់ផ្អើលឡើយ បើសិនជាពួកគេមិនឲ្យតម្លៃអ្នក។ តម្លៃរបស់អ្នកគឺមិនស្រេចទៅលើពួកគេជាអ្នកឲ្យនោះទេ។ អ្វីដែលពួកគេនិយាយ ឬគិត គឺមិនសំខាន់សោះឡើយ។ អ្វីដែលព្រះមានបន្ទូលអំពីអ្នក ទើបសំខាន់។ ព្រះអង្គបានរាប់អ្នកជាមនុស្ស ដែលសក្តិសមនឹងឲ្យព្រះអង្គស្លាប់ជំនួស។—MIKE WITTMER