ព្រះ​ជា​ម្ចាស់​យល់​ចិត្ត​យើង។ ព្រះ​អង្គ​បាន​ឃ្វាល​ជន​ជាតិ​អ៊ីស្រាអែល ដោយ​សេចក្តី​ស្រឡាញ់ ប៉ុន្តែ ពេល​ដែល​ទ្រង់​សួរ​ពួក​គេ​ថា តើ​ទ្រង់​មាន​តម្លៃ​ប៉ុណ្ណា សម្រាប់​ពួក​គេ ពួក​គេ​ក៏​បាន​បង់ “ប្រាក់​៣០​ដួង សម្រាប់​ជា​ឈ្នួល” ដែល​ទ្រង់​ឃ្វាល​ពួក​គេ​(សាការី ១១:១២)។ នេះ​ជា​ថ្លៃ​ឈ្នួល​សម្រាប់​ទាសករ​ម្នាក់​ប៉ុណ្ណោះ គឺ​ថ្លៃ​ឈ្នួល​ដែល​ចៅ​ហ្វាយ​ត្រូវ​បង់​ឲ្យ ក្នុង​ករណី​ដែល​ទាសករ​ណា​ម្នាក់​បាន​បាត់​បង់​ជីវិត ជាយថា​ហេតុ​(និក្ខមនំ ២១:៣២)។ ការ​ឲ្យ​តម្លៃ​ដ៏​តិច​បំផុត​នេះ ដល់​ព្រះ​ជា​ម្ចាស់ គឺ​ការ​ប្រមាថ​ព្រះ​អង្គ។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​ចម្អក​ឲ្យ​ពួក​គេ​ថា “វា​ជា​ដំឡៃ​យ៉ាង​ល្អ ដែល​គេ​បាន​កាត់​ថ្លៃ​ដល់​ខ្ញុំ”(សាការី ១១:១៣)។ ព្រះ​អង្គ​ក៏​បានឲ្យ​លោក​សាការី​បោះ​ប្រាក់​នោះ ឲ្យ​ទៅ​ជាង​ស្មូន​វិញ។

ព្រះ​យេស៊ូវ​ក៏​យល់​អំពី​បញ្ហា​នេះ​ដែរ។ ព្រះ​អង្គ​មិន​គ្រាន់​តែ​ត្រូវ​មិត្ត​សំឡាញ់​ក្បត់​ឡើយ តែ​គេ​ថែម​ទាំង​មាន​ចិត្ត​ស្អប់​ខ្ពើម​ព្រះ​អង្គ​ទៀត​ផង។ ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា បាន​ស្អប់​ខ្ពើម​ព្រះ​យេស៊ូវ បាន​ជា​ពួក​គេ​ឲ្យ​ប្រាក់​យូដាស​តែ​៣០​ស្លឹង គឺ​តម្លៃ​ខ្លួន​ទាបបំផុត​សម្រាប់​មនុស្ស​ម្នាក់ ហើយ​គាត់​ក៏​បាន​ទទួល​ប្រាក់​នោះ​(ម៉ាថាយ ២៦:១៤-១៥ ២៧:៩)។ យូដា​សមិន​សូវ​ឲ្យ​តម្លៃ​ព្រះយេស៊ូវ​ទេ បាន​ជា​គាត់​ក្បត់​ព្រះ​អង្គ ដើម្បី​ប្រាក់​ដែល​ស្ទើរ​តែ​គ្មាន​តម្លៃ​ទាល់​តែ​សោះ។

បើ​មនុស្ស​មិន​ឲ្យ​តម្លៃ​ព្រះយេស៊ូវ​ទៅ​ហើយ នោះ​ចូរ​កុំ​ភ្ញាក់​ផ្អើល​ឡើយ បើ​សិន​ជា​ពួក​គេ​មិន​ឲ្យ​តម្លៃ​អ្នក។ តម្លៃ​របស់​អ្នក​គឺ​មិនស្រេច​ទៅ​លើ​ពួក​គេ​ជា​អ្នក​ឲ្យ​នោះ​ទេ។ អ្វី​ដែល​ពួក​គេ​និយាយ ឬ​គិត​ គឺ​មិន​សំខាន់​សោះ​ឡើយ។ អ្វី​ដែល​ព្រះ​មាន​បន្ទូល​អំពី​អ្នក ​ទើប​សំខាន់។ ព្រះ​អង្គ​បាន​រាប់​អ្នក​ជា​មនុស្ស ដែល​សក្តិ​សម​នឹង​ឲ្យ​ព្រះ​អង្គ​ស្លាប់​ជំនួស។—MIKE WITTMER