ពេលខ្ញុំកំពុងចូលទៅក្នុងឡានរបស់ខ្ញុំ ពន្លឺផ្លេកៗបានទាក់ភ្នែករបស់ខ្ញុំ។ ខ្ញុំក៏បានងាកមើលវា ហើយក៏បានឃើញដែកគោលមួយ នៅជាប់នឹងចំហៀងកង់ខាងក្រោយឡានរបស់ខ្ញុំ។ ខ្ញុំប្រឹងផ្ទៀងត្រចៀកស្តាប់ ក្រែងលោបានឮសម្លេងខ្យល់បាញ់ចេញពីក្នុងកង់ឡានដូចសម្លេងហួច។ តែអរព្រះគុណព្រះអង្គ ដែលដែកគោលនោះបានជាប់នៅក្នុងកង់នោះណែនល្អ គឺមិនបានធ្វើឲ្យកង់នោះធូរអស់ខ្យល់ទេ។
ពេលខ្ញុំបើកឡានទៅកន្លែងលក់កង់ឡាន ខ្ញុំឆ្ងល់ថា តើដែកគោលនោះ បានជាប់នឹងកង់ឡានខ្ញុំ យូរប៉ុណ្ណាហើយ? តើប៉ុន្មានថ្ងៃ? ប៉ុន្មានសប្តាហ៍ហើយ? តើព្រះជាម្ចាស់បានការពារខ្ញុំ ឲ្យរួចពីការគម្រាមកំហែង ដែលខ្ញុំមិនបានដឹង តាំងពីពេលណា?
ជួនកាល យើងរស់នៅ ដោយយល់ច្រឡំថា យើងអាចគ្រប់គ្រងស្ថានភាពរបស់យើង។ ប៉ុន្តែ ដែកគោលដែលជាប់កង់ឡាននោះ បានរំឭកខ្ញុំថា យើងមិនអាចគ្រប់គ្រងស្ថានភាពរបស់យើងឡើយ។
ប៉ុន្តែ ពេលដែលយើងមានអារម្មណ៍ថា ជីវិតយើងកំពុងបាត់បង់ម្ចាស់ការ មិននឹងនរ យើងអាចពឹងផ្អែកលើព្រះជាម្ចាស់ ដ្បិតយើងអាចទុកចិត្តព្រះអង្គបាន។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៨ ស្តេចដាវីឌបានសរសើរដំកើងព្រះ សម្រាប់ការថែរក្សារបស់ព្រះអង្គ (ខ.៣៤-៣៥)។ ស្តេចដាវីឌបានសារភាពថា “គឺជាព្រះដែលក្រវាត់ទូលបង្គំដោយកំឡាំង … ទ្រង់បានធ្វើឲ្យជំហានទូលបង្គំបានទូលាយចេញទៅ ហើយជើងទូលបង្គំមិនបានរឥលភ្លាត់ឡើយ”(ខ.៣២,៣៦)។ ក្នុងបទកំណាព្យសរសើរដំកើងនេះ ស្តេចដាវីឌបានសរសើរព្រះវត្តមានរបស់ព្រះអម្ចាស់ ដែលបានជួយទ្រទ្រង់ជីវិតរបស់ទ្រង់(ខ.៣៥)។
សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនមានចិត្តក្លាហានដើរចូលទីលានប្រយុទ្ធដូចស្តេចដាវីឌឡើយ ព្រោះខ្ញុំមិនចូលចិត្តការប្រឈមមុខនឹងគ្រោះថ្នាក់ឡើយ។ តែជីវិតរបស់ខ្ញុំនៅតែជួបភាពវឹកវរជាញឹកញាប់។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំអាចសម្រាក ដោយដឹងថា ព្រះអង្គតែងតែគង់នៅជាមួយខ្ញុំជានិច្ច ទោះជីវិតខ្ញុំនៅតែជួបបញ្ហា នៅលើផែនដីនេះយ៉ាងណាក៏ដោយ។ ព្រះអង្គជ្រាបថា ខ្ញុំនឹងទៅកន្លែងណា ហើយខ្ញុំនឹងជួបប្រទះអ្វីខ្លះ។ ហើយព្រះអង្គជាម្ចាស់លើគ្រប់អ្វីៗទាំងអស់ សូម្បីតែ “ដែកគោល” នៃជីវិតយើងក៏ដោយ។—ADAM HOLZ