ក្នុង​ពួក​ជំនុំ​របស់​ខ្ញុំ មាន​សមាជិក​ខ្លះ​មាន​ទំនាក់​ទំនង​ល្អក់​កករ​ជា​មួយ​ឪពុក​របស់​ខ្លួន។ ថ្មី​ៗ​នេះ ពួក​គេ​បាន​សុំ​ឲ្យ​ខ្ញុំ​ដើរ​តួ​ជា​ឪពុក​ដែល​មាន​ក្តី​ស្រឡាញ់ ជំនួស​ឪពុក​របស់​ពួក​គេ ហើយ​អធិស្ឋាន​សូម​ព្រះ​ពរ​សម្រាប់​ពួក​គេ។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​សូម​ព្រះ​ពរ សម្រាប់​ពួក​គេ ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​អត់​ទោស ឲ្យ​ឪពុក​ដែល​អាច​ធ្វើ​ឲ្យ​កូន​ខ្លួន​ឈឺ​ចាប់ ដោយ​មាន​ការ​រំពឹង​ខ្ពស់​ពេក ចំពោះ​កូន​ខ្លួន​ឯង ឬមិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន ឬ​មិន​បាន​នៅ​ក្បែរ ថ្នាក់​ថ្នម និង​លើក​ទឹក​ចិត្ត​កូន។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ទូល​សូម ឲ្យ​ឪពុក​របស់​ពួក​គេ​ផ្តល់​ឲ្យ​នូវ​ក្តី​អំណរ ការ​សរសើរ និង​សេចក្តី​ស្រឡាញ់​ដ៏​បរិបូរ​ចំពោះ​ពួក​គេ​ផង​ដែរ។ ខណៈ​ពេលដែល​ខ្ញុំ​អធិស្ឋាន​សូម​ព្រះ​ពរ​សម្រាប់​ពួក​គេ ខ្ញុំក៏​បាន​ស្រក់​ទឹក​ភ្នែក។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ក៏​នៅ​តែ​ត្រូវ​ការ​អ្នក​ដទៃ​អធិស្ឋាន​សូម​ព្រះ​ពរសម្រាប់​ខ្ញុំ ហើយ​កូន​ៗ​របស់​ខ្ញុំ​ក៏​ត្រូវ​ការ​ខ្ញុំ​អធិស្ឋាន​សូម​ព្រះ​ពរ​សម្រាប់​ពួក​គេ​ផង​ដែរ។

ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា ព្រះជា​ម្ចាស់ គឺ​ជា​ឪពុក​របស់​យើង ហើយ​សេចក្តី​ពិត​នេះ​បាន​កែ​ប្រែ​ទស្សនៈ​ខុស​ឆ្គង ដែល​យើង​មាន​ចំពោះ​ឪពុក​ទាំង​ឡាយ។ ព្រះ​ដ៏​ជា​ព្រះ​វរបិតា​ដ៏​អស់​កល្ប​នៃ​យើង បាន​ប្រទាន​សេចក្តី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ មក​យើង​រាល់​គ្នា ដោយ​ឥត​សំចៃ ដោយ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា “កូន​ព្រះ​អង្គ”(១យ៉ូហាន ៣:១)។ អត្ត​សញ្ញាណ​របស់​យើង ជា​កូន​របស់​ព្រះ បាន​ជួយ​ឲ្យ​យើង​ឈរ​យ៉ាង​មាំ​មួន នៅ​ក្នុង​លោកិយ ដែល​មាន​ភាព​មិន​ច្បាស់​លាស់ និង​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។ សាវ័ក​យ៉ូហាន​បាន​មាន​ប្រសាសន៍​ថា “យើង​រាល់​គ្នា​ជា​កូន​ព្រះ​ហើយ តែ​ដែល​យើង​រាល់​គ្នា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា​ទៀត នោះ​មិន​ទាន់​សំដែង​មក​នៅ​ឡើយ”(ខ.២)។ យើង​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ក្នុង​ជីវិត តែ​យើង​ពិត​ជា​អាច​ពឹង​ផ្អែក​ព្រះ​វរបិតា​នៃ​យើង ដែល​ស្រឡាញ់ និង​ផ្គត់​ផ្គង់​យើង​ជា​រៀង​រហូត​។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​កណ្ឌ​គម្ពីរ​យ៉ូហាន​ថា “កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង”(ខ.២)។

ក្នុង​ពេល​ដែល​មាន​ការ​ថប់​បារម្ភ របួស និង​បរាជ័យ ព្រះ ដែល​ជា​ឪពុក​ដ៏​ល្អ​បាន​មាន​បន្ទូល​ឲ្យ​ពរ​យើង ដោយ​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​រីង​ស្ងួត។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ​ជា​កូន​របស់​ព្រះ​អង្គ។—WINN COLLIER