នៅថ្ងៃបុណ្យណូអែល កាលឆ្នាំមួយនោះ ជីដូនរបស់ខ្ញុំបានឲ្យខ្សែកគុជខ្យង់ដ៏ស្រស់ស្អាតមួយខ្សែ។ គ្រាប់គុជខ្យងដ៏ស្រស់ស្អាតបានបញ្ចេញពន្លឺភ្លឺផ្លេក នៅលើករបស់ខ្ញុំ រហូតដល់ថ្ងៃមួយ ខ្សែកនោះក៏បានដាច់។ គ្រាប់គុជមូលៗក៏បានជ្រុះ ហើយលោតប្រសាច នៅលើរនាបផ្ទះរបស់យើង ដែលធ្វើពីឈើប្រណិត។ ខ្ញុំក៏បានលូនពីលើរនាបផ្ទះ ដើម្បីរើសគ្រាប់គុជដ៏តូចល្អិតទំាងនោះឲ្យអស់។ ពេលដែលគ្រាប់គុជខ្យងនីមួយៗនៅដាច់ពីគ្នា ពួកវាមានរាងតូចល្អិតមិនសូវស្អាតទេ ប៉ុន្តែ ពេលដែលយើងតភ្ជាប់ពួកវាធ្វើជាខ្សែក គ្រាប់គុជខ្យងទំាងនោះបានបង្កើតនូវសម្រស់ដែលគួរឲ្យស្ងើចសរសើរ
ជួនកាល ខ្ញុំមានអារម្មណ៍ថា ការឆ្លើយតបរបស់ខ្ញុំចំពោះព្រះជាម្ចាស់ ដោយពាក្យថា “ចាស” ហាក់ដូចជាមិនសូវសំខាន់សោះ គឺប្រៀបដូចជាគ្រាប់គុជនីមួយៗ ដែលនៅដាច់ពីគ្នា។ ខ្ញុំក៏បានប្រៀបធៀបខ្លួនខ្ញុំ នឹងនាងម៉ារាដែលជាមាតារបស់ព្រះយេស៊ូវ ដែលមានការស្តាប់បង្គាប់ដ៏អស្ចារ្យ ចំពោះព្រះជាម្ចាស់។ នាងបានឆ្លើយថា “ចាស” ចំពោះការត្រាស់ហៅរបស់ព្រះ ដែលបានឲ្យនាងធ្វើជាម្តាយបង្កើតរបស់ព្រះមែស៊ី។ ពេលដែលទេវតានាំព្រះរាជសាររបស់ព្រះ មកប្រាប់នាង នាងក៏បានឆ្លើយថា “ខ្ញុំនេះជាអ្នកបំរើរបស់ព្រះអម្ចាស់ ដូច្នេះ សូមឲ្យបានសំរេចដូចពាក្យលោកចុះ”(លូកា ១:៣៨)។ តើនាងដឹងទេថា នាងនឹងត្រូវលះបង់អ្វីខ្លះ? តើនាងដឹងទេថា ការឆ្លើយថា “ចាស” កាន់តែពិបាកជាងមុន ពេលដែលនាងត្រូវលះបង់បុត្រារបស់នាង នៅលើឈើឆ្កាង នៅពេលខាងមុខ?
បទគម្ពីរលូកា ២:១៩ បានប្រាប់យើងថា បន្ទាប់ពីពួកទេវតាបានលេចមក ហើយពួកអ្នកគង្វាលបានចូលមកថ្វាយបង្គំបុត្រតូចហើយ “នាងរក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត”។ ត្រង់ចំណុចនេះ ពាក្យថា រំពឹងគិត គឺមានន័យថា ចងភ្ជាប់ ឬផ្សំគ្នា នៅក្នុងចិត្ត។ ក្រោយមក បទគម្ពីរលូកា ២:៥១ ក៏បានចែងដូចនេះទៀតថា “ឯមាតាទ្រង់ បានកំណត់រឿងទាំងនោះទុកនៅតែក្នុងចិត្ត”។ ដូចនេះ នាងម៉ារាបានស្ម័គ្រចិត្តឆ្លើយថា “ចាស” ជាច្រើនលើកច្រើនសារ ចំពោះការត្រាសហៅរបស់ព្រះ ពេញមួយជីវិតរបស់នាង។
គន្លឹះនៃការស្តាប់បង្គាប់របស់យើង គឺជាការឆ្លើយតបថា “បាទ ឬចាស” ម្តងហើយ ម្តងទៀត ចំពោះការត្រាស់ហៅរបស់ព្រះវរបិតា ម្តងមួយៗ ទាល់តែពាក្យថា “បាទ ឬចាស” នោះ បានផ្សំចូលគ្នាបានច្រើន ក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃ នៃជីវិតដែលចុះចូលស្តាប់បង្គាប់ព្រះ។ —ELISA MORGAN