នៅ​ថ្ងៃ​បុណ្យ​ណូអែល កាល​ឆ្នាំ​មួយ​នោះ ជី​ដូន​របស់​ខ្ញុំ​បាន​ឲ្យ​ខ្សែក​គុជ​ខ្យង់​ដ៏​ស្រស់​ស្អាត​មួយ​ខ្សែ។ គ្រាប់​គុជ​ខ្យង​ដ៏​ស្រស់​ស្អាត​បាន​បញ្ចេញ​ពន្លឺ​ភ្លឺ​ផ្លេក នៅ​លើ​ក​របស់​ខ្ញុំ រហូត​ដល់​ថ្ងៃ​មួយ ខ្សែ​ក​នោះ​ក៏​បាន​ដាច់។ គ្រាប់​គុជ​មូល​ៗ​ក៏​បាន​ជ្រុះ ហើយ​លោត​ប្រសាច នៅ​លើ​រនាប​ផ្ទះ​របស់​យើង ដែល​ធ្វើ​ពី​ឈើ​ប្រណិត។ ខ្ញុំ​ក៏​បាន​លូន​ពី​លើ​រនាប​ផ្ទះ ដើម្បី​រើស​គ្រាប់​គុជ​ដ៏​តូច​ល្អិត​ទំាង​នោះ​ឲ្យ​អស់។ ពេល​ដែល​គ្រាប់​គុជ​ខ្យង​នី​មួយ​ៗ​នៅ​ដាច់​ពី​គ្នា ពួក​វា​មាន​រាង​តូច​ល្អិត​មិន​សូវ​ស្អាត​ទេ ប៉ុន្តែ ពេល​ដែល​យើង​ត​ភ្ជាប់​ពួក​វា​ធ្វើ​ជា​ខ្សែក គ្រាប់​គុជ​ខ្យង​ទំាង​នោះ​បាន​បង្កើត​នូវ​សម្រស់​ដែល​គួរ​ឲ្យ​ស្ងើច​សរសើរ

ជួន​កាល ខ្ញុំ​មាន​អារម្មណ៍​ថា ការ​ឆ្លើយ​តប​របស់​ខ្ញុំ​ចំពោះ​ព្រះ​ជា​ម្ចាស់ ដោយ​ពាក្យ​ថា “ចាស”​ ហាក់​ដូច​ជា​មិន​សូវ​សំខាន់​សោះ គឺប្រៀប​ដូច​ជា​គ្រាប់​គុជ​នីមួយ​ៗ ដែល​នៅ​ដាច់​ពី​គ្នា។ ខ្ញុំ​ក៏​បាន​ប្រៀប​ធៀប​ខ្លួន​ខ្ញុំ នឹង​នាង​ម៉ារា​ដែល​ជា​មាតា​របស់​ព្រះយេស៊ូវ ដែល​មាន​ការ​ស្តាប់​បង្គាប់​ដ៏​អស្ចារ្យ ចំពោះ​ព្រះ​ជា​ម្ចាស់។ នាង​បាន​ឆ្លើយ​ថា “ចាស” ចំពោះ​ការ​ត្រាស់​ហៅ​របស់​ព្រះ ដែល​បាន​ឲ្យ​នាងធ្វើ​ជា​ម្តាយ​បង្កើត​របស់​ព្រះ​មែស៊ី។ ពេល​ដែល​ទេវតា​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ ​មក​ប្រាប់​នាង នាង​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​នេះ​ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់ ដូច្នេះ សូម​ឲ្យ​បាន​សំរេច​ដូច​ពាក្យ​លោក​ចុះ”(លូកា ១:៣៨)។ តើ​នាង​ដឹង​ទេ​ថា នាង​នឹង​ត្រូវ​លះ​បង់​អ្វី​ខ្លះ? តើ​នាង​ដឹង​ទេ​ថា ការ​ឆ្លើយ​ថា “ចាស” ​កាន់​តែ​ពិបាក​ជាង​មុន ពេល​ដែល​នាង​ត្រូវ​លះ​បង់​បុត្រា​របស់​នាង នៅ​លើ​ឈើ​ឆ្កាង នៅ​ពេល​ខាង​មុខ? ​

បទ​គម្ពីរ​លូកា ២:១៩ បាន​ប្រាប់​យើង​ថា បន្ទាប់​ពី​ពួក​ទេវតា​បាន​លេច​មក ហើយ​ពួក​អ្នក​គង្វាល​បាន​ចូល​មក​ថ្វាយ​បង្គំ​បុត្រ​តូច​ហើយ “នាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត”។ ត្រង់​ចំណុច​នេះ ពាក្យ​ថា រំពឹង​គិត គឺ​មាន​ន័យ​ថា ចង​ភ្ជាប់ ឬ​ផ្សំ​គ្នា  នៅ​ក្នុង​ចិត្ត។  ក្រោយ​មក បទ​គម្ពីរ​លូកា ២:៥១ ក៏​បាន​ចែង​ដូច​នេះ​ទៀត​ថា “ឯ​មាតា​ទ្រង់ បាន​កំណត់​រឿង​ទាំង​នោះ​ទុក​នៅ​តែ​ក្នុង​ចិត្ត”។ ដូច​នេះ នាង​ម៉ារា​បាន​ស្ម័គ្រ​ចិត្ត​ឆ្លើយ​ថា “ចាស” ជា​ច្រើន​លើក​ច្រើន​សារ ចំពោះ​ការ​ត្រាស​ហៅ​របស់​ព្រះ ពេញ​មួយ​ជីវិត​របស់​នាង។

គន្លឹះ​នៃ​ការ​ស្តាប់​បង្គាប់​របស់​យើង គឺ​ជា​ការ​ឆ្លើយ​តប​ថា “បាទ ឬចាស” ម្តង​ហើយ ម្តង​ទៀត ចំពោះ​ការ​ត្រាស់​ហៅ​របស់​ព្រះ​វរ​បិតា ម្តង​មួយ​ៗ ទាល់​តែ​ពាក្យ​ថា “បាទ ឬចាស” នោះ បាន​ផ្សំ​ចូល​គ្នា​បាន​ច្រើន ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ នៃ​ជីវិត​ដែល​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះ។ —ELISA MORGAN