កាលពីល្ងាចថ្ងៃណូអែល ឆ្នាំ១៩៤៤ បុរសម្នាក់ ដែលគេបានដាក់រហ័សនាមឲ្យថា “អូល ប្រ៊ីងឃ័រ(Old Brinker)” កំពុងតែដេកឈឺជិតស្លាប់ នៅក្នុងមន្ទីរពេទ្យ នៃមន្ទីរឃុំឃាំងមួយ ដោយរង់ចាំកម្មវិធីបុណ្យណូអែលតូចមួយ ដែលត្រូវបានដឹកនាំ ដោយអ្នកទោសដទៃទៀត នៅក្នុងមន្ទីរឃុំឃាំងម៉ុនតុក នៅកោះស៊ូម៉ាត្រា។ គាត់ក៏បានសួរលោកវីលៀម មែកដូហ្គល(William McDougall) ដែលជាអ្នកទោសដូចគាត់ដែរថា “តើគេនឹងចាប់ផ្តើមច្រៀង នៅពេលណា?”។ លោកវីលៀមក៏បានឆ្លើយថា “បន្តិចទៀត គេចាប់ផ្តើមហើយ”។ បុរសដែលជិតស្លាប់នោះក៏បានតបថា “ល្អណាស់។ ពេលនោះ ខ្ញុំនឹងអាចប្រៀបធៀបក្រុមចម្រៀងនោះ នឹងពួកទេវតានៅស្ថានសួគ៌ បន្ទាប់ពីខ្ញុំស្លាប់ទៅ”។
កាលពីប៉ុន្មានទសវត្សរ៍មុន លោកប្រ៊ីងគ័រ បានឈប់ជឿព្រះ តែនៅថ្ងៃដែលគាត់ជិតស្លាប់ គាត់បានលន់តួបាបរបស់គាត់ ហើយក៏បានរកឃើញសន្តិភាពជាមួយព្រះអង្គ។ លោកវីលៀមក៏បានមានប្រសាសន៍ថា “គាត់មិនបានស្វាគមន៍អ្នកដទៃ ដោយទឹកមុខជូរទេ ផ្ទុយទៅវិញ គាត់បានញញឹមដាក់គេគ្រប់គ្នា។ ជីវិតគាត់បានផ្លាស់ប្រែហើយ”។
លោកប្រ៊ីងឃ័រក៏បានលាចាកលោកទៅ ដោយសន្តិភាព បន្ទាប់ពីក្រុមអ្នកទោសដ៏ស្គមស្គាំងទាំង១១នាក់ បានច្រៀងបទ “យប់ដ៏សុខសាន្ត” តាមសំណូមពររបស់គាត់។ លោកវីលៀមដឹងថា លោកប្រ៊ីងឃ័រ បានដើរតាមព្រះយេស៊ូវឡើងវិញហើយ ហើយគាត់នឹងបានទៅនៅជាមួយព្រះអង្គនៅនគរស្ថានសួគ៌។ លោកវីលៀមក៏បានមានប្រសាសន៍ថា “លោកអូល ប្រ៊ីងឃ័របានទទួលអំណោយដ៏ថ្លៃថ្លាបំផុត នៅថ្ងៃបុណ្យណូអែលឆ្នាំនោះ មុនពេលព្រះអង្គស្វាគមន៍គាត់ ទៅនៅនគរស្ថានសួគ៌”។
លោកប៊្រីងឃ័របានទន្ទឹងរង់ចាំ ការស្លាប់របស់គាត់ ហើយរឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកស៊ីម្មាន ដែលជាបុរសបរិសុទ្ធម្នាក់ ដែលបានទទួលការបើកសម្តែងពីព្រះវិញ្ញាណបរិសុទ្ធថា “គាត់មិនស្លាប់ឡើយទាល់តែបានឃើញព្រះគ្រីស្ទនៃព្រះអម្ចាស់”(លូកា ២:២៦)។ ពេលលោកស៊ីម្មានបានឃើញព្រះយេស៊ូវ នៅព្រះវិហារ គាត់ក៏បានពោលថា “ឱព្រះដ៏ជាម្ចាស់អើយ សូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្ត តាមព្រះបន្ទូលទ្រង់ចុះ ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្តីសង្គ្រោះរបស់ផងទ្រង់”(ខ.២៩-៣០)។
អំណោយបុណ្យណូអែលដែលអស្ចារ្យបំផុត ដែលយើងអាចទទួល និងចែករំលែកជាមួយអ្នកដទៃ គឺជាជំនឿក្នុងព្រះយេស៊ូវ ដែលនាំឲ្យទទួលសេចក្តីសង្រ្គោះ។—AMY BOUCHER PYE