កាល​ពី​ល្ងាច​ថ្ងៃ​ណូអែល ឆ្នាំ១៩៤៤ បុរស​ម្នាក់ ដែល​គេ​បាន​ដាក់​រហ័ស​នាម​ឲ្យ​ថា “អូល ប្រ៊ីងឃ័រ(Old Brinker)” កំពុង​តែ​ដេកឈឺ​ជិត​ស្លាប់ នៅ​ក្នុង​មន្ទីរ​ពេទ្យ នៃ​មន្ទីរ​ឃុំឃាំង​មួយ ដោយ​រង់​ចាំ​កម្ម​វិធី​បុណ្យ​ណូអែល​តូច​មួយ ដែល​ត្រូវ​បាន​ដឹក​នាំ ដោយ​អ្នក​ទោស​ដទៃ​ទៀត នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ម៉ុនតុក នៅ​កោះ​ស៊ូម៉ាត្រា។ គាត់​ក៏​បាន​សួរ​លោក​វីលៀម មែកដូហ្គល(William McDougall) ដែល​ជា​អ្នក​ទោស​ដូច​គាត់​ដែរ​ថា “តើ​គេ​នឹង​ចាប់​ផ្តើម​ច្រៀង នៅ​ពេល​ណា?”។ លោក​វីលៀម​ក៏​បាន​ឆ្លើយ​ថា “បន្តិច​ទៀត គេ​ចាប់​ផ្តើម​ហើយ”។ បុរស​ដែល​ជិត​ស្លាប់​នោះ​ក៏​បាន​តប​ថា “ល្អ​ណាស់។ ពេល​នោះ ខ្ញុំ​នឹង​អាច​ប្រៀប​ធៀប​ក្រុម​ចម្រៀង​នោះ នឹង​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌ បន្ទាប់​ពី​ខ្ញុំ​ស្លាប់​ទៅ”។

កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន លោក​ប្រ៊ីងគ័រ បាន​ឈប់​ជឿ​ព្រះ តែ​នៅ​ថ្ងៃ​ដែល​គាត់​ជិត​ស្លាប់ គាត់​បាន​លន់​តួបាប​របស់​គាត់ ហើយ​ក៏​បាន​រក​ឃើញ​សន្តិ​ភាព​ជា​មួយ​ព្រះ​អង្គ។ លោក​វីលៀម​ក៏​បាន​មាន​ប្រសាសន៍​ថា “គាត់​មិន​បាន​ស្វាគមន៍​អ្នក​ដទៃ ដោយ​ទឹក​មុខ​ជូរ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​ញញឹម​ដាក់​គេ​គ្រប់​គ្នា។ ជីវិត​គាត់​បាន​ផ្លាស់​ប្រែ​ហើយ”។

លោក​ប្រ៊ីងឃ័រ​ក៏​បាន​លាចាក​លោក​ទៅ ដោយ​សន្តិ​ភាព បន្ទាប់​ពី​ក្រុម​អ្នក​ទោស​ដ៏​ស្គម​ស្គាំង​ទាំង​១១​នាក់ បាន​ច្រៀង​បទ​ “យប់​ដ៏សុខ​សាន្ត” តាម​សំណូម​ពរ​របស់​គាត់​។ លោក​វីលៀម​ដឹង​ថា លោក​ប្រ៊ីងឃ័រ បាន​ដើរ​តាម​ព្រះយេស៊ូវ​ឡើង​វិញ​ហើយ ហើយ​គាត់​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ​នៅ​នគរស្ថាន​សួគ៌។ លោក​វីលៀម​ក៏​បាន​មាន​ប្រសាសន៍​ថា “លោក​អូល ប្រ៊ីងឃ័រ​បាន​ទទួលអំណោយ​ដ៏​ថ្លៃ​ថ្លា​បំផុត នៅ​ថ្ងៃ​បុណ្យ​ណូអែល​ឆ្នាំ​នោះ មុន​ពេល​ព្រះ​អង្គ​ស្វាគម​ន៍គាត់ ទៅ​នៅ​នគរ​ស្ថាន​សួគ៌”។

លោក​ប៊្រីងឃ័រ​បាន​ទន្ទឹង​រង់​ចាំ ការ​ស្លាប់​របស់​គាត់ ហើយ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​ស៊ីម្មាន ដែល​ជា​បុរស​បរិសុទ្ធម្នាក់ ដែល​បាន​ទទួល​ការ​បើក​សម្តែង​ពី​ព្រះ​វិញ្ញាណ​បរិសុ​ទ្ធថា “គាត់​មិន​ស្លាប់​ឡើយ​ទាល់​តែ​បាន​ឃើញ​ព្រះគ្រីស្ទ​នៃ​ព្រះអម្ចាស់”(លូកា ២:២៦)។ ពេល​លោក​ស៊ីម្មាន​បាន​ឃើញ​ព្រះយេស៊ូវ ​នៅ​ព្រះវិហារ គាត់​ក៏​បាន​ពោល​ថា “ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើក​ឲ្យ​បាវ​បំរើ​ទ្រង់​ទៅ​ដោយ​សុខសាន្ត តាម​ព្រះបន្ទូល​ទ្រង់​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​សេចក្តី​សង្គ្រោះ​របស់​ផង​ទ្រង់”(ខ.២៩-៣០)។

អំណោយ​បុណ្យ​ណូអែល​ដែល​អស្ចារ្យ​បំផុត ដែល​យើង​អាច​ទទួល និង​ចែក​រំលែក​ជា​មួយ​អ្នក​ដទៃ គឺ​ជា​ជំនឿ​ក្នុង​ព្រះ​យេស៊ូវ ដែល​នាំ​ឲ្យ​ទទួល​សេចក្តី​សង្រ្គោះ។—AMY BOUCHER PYE