មាន​ពេល​មួយ​ចៅ​ប្រុស​របស់​ខ្ញុំ ដែល​មាន​អាយុ​២​ឆ្នាំ បាន​ស្រែក​ឡើង ដោយ​ចិត្ត​រំភើប​រីក​រាយ​ថា “ចៅ​មាន​អំណោយ​មួយ សម្រាប់​លោក​តា!” គាត់​ក៏​បាន​ដាក់​ប្រអប់​មួយ​នៅ​ក្នុង​ដៃ​ខ្ញុំ។ ភរិយា​របស់​ខ្ញុំ​ក៏​បាន​ញញឹម ហើយ​និយាយ​ថា ចៅប្រុស​យើង​បាន​រើស​អំណោយ​នោះ​សម្រាប់​ខ្ញុំ ​ដោយ​ខ្លួន​ឯង។

ខ្ញុំ​ក៏​បាន​បើក​ប្រអប់​នោះ ឃើញ​រូប​តុក្កតា​សម្រាប់​តាំង​លម្អ​ក្នុង​ផ្ទះ នៅ​ថ្ងៃ​បុណ្យ​ណូអែល គឺ​រូប​តុក្កតា ក្នុង​រឿង​គំនូរ​ជីវ​ចល​ដែលគាត់​ចូល​ចិត្ត​មើល។ គាត់​ក៏​បាន​សួរ​ខ្ញុំ​ដោយ​ចិត្ត​អន្ទះសារ​ថា “តើ​ចៅ​អាច​មើល​វា​បាន​ទេ?” បន្ទាប់​មក គាត់​ក៏​បាន​លេង​ជា​មួយ​នឹង​អំណោយ​ដែល​គាប់​បាន “ឲ្យ​មក​ខ្ញុំ”នោះ ពេញ​មួយ​ថ្ងៃ ហើយ​ខ្ញុំ​ក៏​បាន​មើល​គាត់​លេង ដោយ​ទឹក​មុខ​ញញឹម។

ខ្ញុំ​ញញឹម ព្រោះ​ខ្ញុំ​បាន​នឹក​ចំា អំពី​អំណោយ​ដែល​ខ្ញុំ​បាន​ឲ្យ​មនុស្ស​ជា​ទី​ស្រឡាញ់ កាល​ពី​មុន ដែល​មាន​ដូច​ជា​អាល់​ប៊ុម​បទ​ចម្រៀង​ជា​ដើម ដែល​ខ្ញុំ​បាន​ឲ្យ​បង​ប្រុស​ខ្ញុំ នៅ​ថ្ងៃ​ណូអែល កាល​ពី​ឆ្នំា​មួយ​នោះ។ កាល​នោះ ខ្ញុំ​នៅ​រៀន​នៅ​វិទ្យា​ល័យ ខ្ញុំ​ចង់​ស្តាប់បទ​ចម្រៀង​ទាំង​នោះ​ណាស់​(ហើយ​ខ្ញុំ​ក៏​បាន​ស្តាប់)។ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា ជា​ច្រើន​ឆ្នំា​ក្រោយ​មក ព្រះ​ជា​ម្ចាស់​នៅ​តែ​បន្ត​កែ​ប្រែ និង​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​ឲ្យ​អំណោយ​ដល់​អ្នក​ដទៃ ដោយ​ចិត្ត​ដែល​កាន់​តែ​ជ្រះ​ថ្លា។

ការ​ឲ្យ​ជា​អ្វី​ដែល​យើង​ត្រូវ​រៀន​ធ្វើ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស ឲ្យ​មាន​ការ​ចម្រើន​ឡើង នៅ​ក្នុង​ការ​ឲ្យ ​ដូច​ដែល​ពួក​គេ​បាន​ចម្រើន​ឡើង​គ្រប់​ជំពូក​(២កូរិនថូស ៨:៧)។ អំពើ​សប្បុរស​របស់​យើង មាន​ពេញ​ដោយ​ព្រះ​គុណ ពេល​ដែល​យើង​ដឹង​ថា អ្វី​ៗ​ដែល​យើង​មាន គឺ​សុទ្ធ​តែ​មក​ពី​ព្រះ ហើយ​ព្រះ​អង្គ​ក៏​បាន​បង្ហាញ​យើង​ហើយ​ថា “ដែល​ឲ្យ​នោះ​មាន​ពរ​ជាង​ទទួល”(កិច្ចការ ២០:៣៥)។

ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​យើង នូវ​អំណោយ​ដោយ​ការ​លះ​បង់​ធំ​បំផុត គឺ​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​មួយ ដែល​នឹង​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​ព្រះ​អង្គ​ក៏​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ អំណោយ​ដ៏​ល្អ​បំផុត​នេះ មាន​តម្លៃ​លើស​អ្វី​ៗ​ទាំង​អស់។ កាល​ណា​ចិត្ត​យើង​ផ្តោត​ទៅ​លើ​ព្រះ​អង្គ ដៃ​យើង​ក៏​បើក​ចំហរ ដោយ​សេចក្តី​ស្រឡាញ់ ទៅ​រក​អ្នក​ដទៃ។​—JAMES BANKS