មានពេលមួយចៅប្រុសរបស់ខ្ញុំ ដែលមានអាយុ២ឆ្នាំ បានស្រែកឡើង ដោយចិត្តរំភើបរីករាយថា “ចៅមានអំណោយមួយ សម្រាប់លោកតា!” គាត់ក៏បានដាក់ប្រអប់មួយនៅក្នុងដៃខ្ញុំ។ ភរិយារបស់ខ្ញុំក៏បានញញឹម ហើយនិយាយថា ចៅប្រុសយើងបានរើសអំណោយនោះសម្រាប់ខ្ញុំ ដោយខ្លួនឯង។
ខ្ញុំក៏បានបើកប្រអប់នោះ ឃើញរូបតុក្កតាសម្រាប់តាំងលម្អក្នុងផ្ទះ នៅថ្ងៃបុណ្យណូអែល គឺរូបតុក្កតា ក្នុងរឿងគំនូរជីវចលដែលគាត់ចូលចិត្តមើល។ គាត់ក៏បានសួរខ្ញុំដោយចិត្តអន្ទះសារថា “តើចៅអាចមើលវាបានទេ?” បន្ទាប់មក គាត់ក៏បានលេងជាមួយនឹងអំណោយដែលគាប់បាន “ឲ្យមកខ្ញុំ”នោះ ពេញមួយថ្ងៃ ហើយខ្ញុំក៏បានមើលគាត់លេង ដោយទឹកមុខញញឹម។
ខ្ញុំញញឹម ព្រោះខ្ញុំបាននឹកចំា អំពីអំណោយដែលខ្ញុំបានឲ្យមនុស្សជាទីស្រឡាញ់ កាលពីមុន ដែលមានដូចជាអាល់ប៊ុមបទចម្រៀងជាដើម ដែលខ្ញុំបានឲ្យបងប្រុសខ្ញុំ នៅថ្ងៃណូអែល កាលពីឆ្នំាមួយនោះ។ កាលនោះ ខ្ញុំនៅរៀននៅវិទ្យាល័យ ខ្ញុំចង់ស្តាប់បទចម្រៀងទាំងនោះណាស់(ហើយខ្ញុំក៏បានស្តាប់)។ ហើយខ្ញុំក៏បានដឹងថា ជាច្រើនឆ្នំាក្រោយមក ព្រះជាម្ចាស់នៅតែបន្តកែប្រែ និងបង្រៀនខ្ញុំ ឲ្យចេះឲ្យអំណោយដល់អ្នកដទៃ ដោយចិត្តដែលកាន់តែជ្រះថ្លា។
ការឲ្យជាអ្វីដែលយើងត្រូវរៀនធ្វើ។ សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំនៅក្រុងកូរិនថូស ឲ្យមានការចម្រើនឡើង នៅក្នុងការឲ្យ ដូចដែលពួកគេបានចម្រើនឡើងគ្រប់ជំពូក(២កូរិនថូស ៨:៧)។ អំពើសប្បុរសរបស់យើង មានពេញដោយព្រះគុណ ពេលដែលយើងដឹងថា អ្វីៗដែលយើងមាន គឺសុទ្ធតែមកពីព្រះ ហើយព្រះអង្គក៏បានបង្ហាញយើងហើយថា “ដែលឲ្យនោះមានពរជាងទទួល”(កិច្ចការ ២០:៣៥)។
ព្រះជាម្ចាស់បានប្រទានយើង នូវអំណោយដោយការលះបង់ធំបំផុត គឺប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដែលនឹងសុគតនៅលើឈើឆ្កាង ដើម្បីលោះយើងឲ្យរួចពីបាប ហើយព្រះអង្គក៏មានព្រះជន្មរស់ឡើងវិញ។ អំណោយដ៏ល្អបំផុតនេះ មានតម្លៃលើសអ្វីៗទាំងអស់។ កាលណាចិត្តយើងផ្តោតទៅលើព្រះអង្គ ដៃយើងក៏បើកចំហរ ដោយសេចក្តីស្រឡាញ់ ទៅរកអ្នកដទៃ។—JAMES BANKS