សៀវភៅ​ដែល​លោក​រ៉ូបឺត ខូល(Robert Coles) បាន​និពន្ធ មាន​ចំណង​ជើង​ថា​ “ការ​ត្រាស​ហៅ​ឲ្យ​បម្រើ” បាន​នាំ​អ្នក​អាន​ឲ្យ​ស្វែង​យល់ អំពី​មូល​ហេតុ​ដែល​យើង​ត្រូវ​បម្រើ។ ក្នុង​សៀវភៅ​នេះ គាត់​បាន​ចែក​ចាយ​រឿង ដែល​និយាយ​អំពី​ការ​បម្រើ​របស់​ស្រ្តី​ចំណាស់​ម្នាក់។ វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​ណាស់។ ស្រ្តី​ចំណាស់​នោះ​ជា​អ្នក​បើក​ឡាន​ក្រុង ដែល​បាន​បង្ហាញ​ចេញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ចំពោះ​ក្មេង​ៗ ដែល​គាត់​ដឹក​ទៅ​រៀន​ជា​រៀង​រាល់​ថ្ងៃ ដោយ​ចោទ​សួរ​ពួក​គេ​អំពី​កិច្ច​ការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​នៅផ្ទះ​ និង​អបអរ​ជោគ​ជ័យ​របស់​ពួក​គេ។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា មូល​ហេតុ​ដែល​គាត់​ធ្វើ​ដូច​នេះ គឺ​ដោយ​សារ​គាត់​ចង់​ឃើញពួក​គេ​មាន​ជោគ​ជ័យ​ក្នុង​ជីវិត។ ប៉ុន្តែ គាត់​នៅ​មាន​ហេតុ​ផល​មួយ​ទៀត។

កាល​គាត់​នៅ​ក្មេង ពាក្យ​សម្តី​របស់​ម្តាយ​មីង​គាត់ បាន​ជំរុញ​ចិត្ត​គាត់​យ៉ាង​ខ្លាំង។ ម្តាយ​មីង​របស់​គាត់​បាន​ប្រាប់​គាត់​ថា គាត់​ត្រូវ​ធ្វើ​អំពើ​ល្អ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ព្រះ​ទ្រង់​កត់​ទុក​នូវ​ការ​ល្អ​ដែល​គាត់​ធ្វើ ពុំ​នោះ​ទេ គាត់​នឹង​ត្រូវ​ទទួល​ទោស​ នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ដ៏​ធំ។ គាត់​ក៏​បាន​ខ្លាច​ធ្លាក់​នរក បន្ទាប់​ពី​ការ​ជំនុំ​ជម្រះ​ដ៏​ធំ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​ស្វែង​រក​វិធី ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ ដោយ​ទៅ​ព្រះវិហារ ដើម្បី​ឲ្យ​ព្រះ​អង្គ​ទត​ឃើញ​ថា គាត់​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ ហើយ​ខិត​ខំ​បម្រើ​អ្នក​ដទៃ ដើម្បី​ឲ្យពួក​គេ​អាច​រៀប​រាប់​ថ្វាយ​ព្រះ​អង្គ អំពី​ការ​ល្អ​ដែល​គាត់​បាន​ធ្វើ​នោះ។

ខ្ញុំ​មាន​ការ​សោក​ស្តាយ​ណាស់ ពេល​ដែល​បាន​ឮ​គាត់​និយាយ​ដូច​នេះ។ កាល​នោះ គាត់​មិន​បាន​ដឹង​ទេ​ថា ព្រះ​ជា​ម្ចាស់​បានស្រឡាញ់​គាត់​រួច​ទៅ​ហើយ?(ម៉ាថាយ ១០:៣០)។ ហេតុ​អ្វី​បាន​ជា​គាត់​មិន​បាន​ដឹង​ថា ព្រះ​យេស៊ូវ​បាន​ទទួល​ទោស​ជំនួសយើង​រាល់​គ្នា​ហើយ ដោយ​រំដោះ​យើង ឲ្យ​រួច​ពី​ការ​ជំនុំ​ជម្រះ​ជា​រៀង​រហូត​(រ៉ូម ៨:១)? គាត់​មិន​ដឹង​ទេ​ឬ​ថា យើង​មិន​អាច​យក​អំពើ​ល្អ ទៅ​ទិញ​សេចក្តី​សង្រ្គោះពី​ព្រះ​អង្គ​បាន​ទេ ព្រោះ​សេចក្តី​សង្រ្គោះ គឺ​ជា​អំណោយ​ដែល​ព្រះ​អង្គ​ប្រទាន ដល់​អស់​អ្នក​ដែលជឿ​ព្រះ​អង្គ?(អេភេសូរ ២:៨-៩)។

ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ បាន​បើក​ផ្លូវ​ឲ្យ​យើង​មាន​ជីវិត​ថ្មី​សម្រាប់​រស់ ដោយ​ព្រះ​អង្គបាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប បាន​ជា​យើង​អាច​បម្រើ​អ្នក​ដទៃ ដោយ​អំណរ និង​ក្តី​ស្រឡាញ់ គឺ​មិន​មែន​ដើម្បី​ឲ្យ​រួច​ពី​ការ​ជំនុំ​ជម្រះ​នោះ​ទេ។—SHERIDAN VOYSEY