សៀវភៅដែលលោករ៉ូបឺត ខូល(Robert Coles) បាននិពន្ធ មានចំណងជើងថា “ការត្រាសហៅឲ្យបម្រើ” បាននាំអ្នកអានឲ្យស្វែងយល់ អំពីមូលហេតុដែលយើងត្រូវបម្រើ។ ក្នុងសៀវភៅនេះ គាត់បានចែកចាយរឿង ដែលនិយាយអំពីការបម្រើរបស់ស្រ្តីចំណាស់ម្នាក់។ វាជារឿងដែលធ្វើឲ្យប៉ះពាល់ចិត្តណាស់។ ស្រ្តីចំណាស់នោះជាអ្នកបើកឡានក្រុង ដែលបានបង្ហាញចេញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះក្មេងៗ ដែលគាត់ដឹកទៅរៀនជារៀងរាល់ថ្ងៃ ដោយចោទសួរពួកគេអំពីកិច្ចការដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះ និងអបអរជោគជ័យរបស់ពួកគេ។ គាត់ក៏បានមានប្រសាសន៍ថា មូលហេតុដែលគាត់ធ្វើដូចនេះ គឺដោយសារគាត់ចង់ឃើញពួកគេមានជោគជ័យក្នុងជីវិត។ ប៉ុន្តែ គាត់នៅមានហេតុផលមួយទៀត។
កាលគាត់នៅក្មេង ពាក្យសម្តីរបស់ម្តាយមីងគាត់ បានជំរុញចិត្តគាត់យ៉ាងខ្លាំង។ ម្តាយមីងរបស់គាត់បានប្រាប់គាត់ថា គាត់ត្រូវធ្វើអំពើល្អឲ្យបានច្រើន ដើម្បីឲ្យព្រះទ្រង់កត់ទុកនូវការល្អដែលគាត់ធ្វើ ពុំនោះទេ គាត់នឹងត្រូវទទួលទោស នៅក្នុងការជំនុំជម្រះដ៏ធំ។ គាត់ក៏បានខ្លាចធ្លាក់នរក បន្ទាប់ពីការជំនុំជម្រះដ៏ធំ ហេតុនេះហើយ គាត់ក៏បានស្វែងរកវិធី ដើម្បីធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យ ដោយទៅព្រះវិហារ ដើម្បីឲ្យព្រះអង្គទតឃើញថា គាត់មានភាពស្មោះត្រង់ចំពោះព្រះអង្គ ហើយខិតខំបម្រើអ្នកដទៃ ដើម្បីឲ្យពួកគេអាចរៀបរាប់ថ្វាយព្រះអង្គ អំពីការល្អដែលគាត់បានធ្វើនោះ។
ខ្ញុំមានការសោកស្តាយណាស់ ពេលដែលបានឮគាត់និយាយដូចនេះ។ កាលនោះ គាត់មិនបានដឹងទេថា ព្រះជាម្ចាស់បានស្រឡាញ់គាត់រួចទៅហើយ?(ម៉ាថាយ ១០:៣០)។ ហេតុអ្វីបានជាគាត់មិនបានដឹងថា ព្រះយេស៊ូវបានទទួលទោសជំនួសយើងរាល់គ្នាហើយ ដោយរំដោះយើង ឲ្យរួចពីការជំនុំជម្រះជារៀងរហូត(រ៉ូម ៨:១)? គាត់មិនដឹងទេឬថា យើងមិនអាចយកអំពើល្អ ទៅទិញសេចក្តីសង្រ្គោះពីព្រះអង្គបានទេ ព្រោះសេចក្តីសង្រ្គោះ គឺជាអំណោយដែលព្រះអង្គប្រទាន ដល់អស់អ្នកដែលជឿព្រះអង្គ?(អេភេសូរ ២:៨-៩)។
ព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ បានបើកផ្លូវឲ្យយើងមានជីវិតថ្មីសម្រាប់រស់ ដោយព្រះអង្គបានរំដោះយើងឲ្យរួចពីបាប បានជាយើងអាចបម្រើអ្នកដទៃ ដោយអំណរ និងក្តីស្រឡាញ់ គឺមិនមែនដើម្បីឲ្យរួចពីការជំនុំជម្រះនោះទេ។—SHERIDAN VOYSEY