កាលលោកប៉ុល អាណុល(Paul Arnold)បានចូលធ្វើការក្នុងវិទ្យុប៊ីប៊ីស៊ី នៅប្រទេសអង់គ្លេស ការងារទីមួយរបស់គាត់ គឺត្រូវធ្វើសម្លេងដើរ ដើម្បីបញ្ចូលសម្លេង ក្នុងល្ខោននិយាយ តាមវិទ្យុ។ ខណៈពេលដែលតួអង្គទាំងអស់បានពោល តាមនាដកថា ក្នុងឈុតដែលតួអង្គកំពុងដើរ ក្នុងនាមលោកប៉ុលជាអ្នកគ្រប់គ្រងឆាក គាត់ក៏បានធ្វើសម្លេងដើរ ដោយប្រើជើងរបស់គាត់ ឲ្យត្រូវនឹងសម្លេងនិយាយរបស់តួអង្គ យ៉ាងប្រុងប្រយ័ត្ន។ គាត់ក៏បានពន្យល់ថា គន្លឹះដើម្បីបញ្ចូលសម្លេងឲ្យបានល្អ គឺត្រូវចុះចូលនឹងតួអង្គ នៅក្នុងរឿង ដើម្បីឲ្យយើងទាំងពីរអាចធ្វើការជាមួយគ្នាបានល្អ។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក ១១៩ ក៏បានស្វែងរកការចុះចូលនឹងព្រះ ដើម្បីឲ្យអាចដើរជាមួយព្រះអង្គឲ្យបានល្អ។ បទគម្ពីរទំនុកដំកើង ជំពូក ១១៩ បាននិយាយសង្កត់ធ្ងន់ អំពីការរស់នៅតាមព្រះបន្ទូលព្រះ។ គឺដូចដែលខ.១ បានចែងថា “មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្តរបស់ខ្លួនបានគ្រប់លក្ខណ៍ គឺជាអ្នកដែលដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា”។ កាលណាយើងប្រយ័ត្ននឹងប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គ យើងអាចរក្សាភាពស្អាតស្អំ (ខ.៩) ជម្នះការប្រមាថ(ខ.២៣) និងគេចផុតពីភាពលោភលន់(ខ.៣៦)។ ព្រះអង្គនឹងជួយយើងឲ្យអាចប្រឆាំងនឹងអំពើបាប(ខ.៦១) រកបានមិត្តភក្តិដែលកោតខ្លាចព្រះ(ខ.៦៣) ហើយរស់នៅ ដោយអំណរ(ខ.១១១)។
ទេវវិទូ ឈ្មោះ ឆាល ប្រ៊ីជ(Charles Bridges) បានបកស្រាយអត្ថន័យរបស់ខ.១៣៣ថា “ពេលណាខ្ញុំបោះជំហាន ចូលទៅក្នុងលោកិយ៍ ខ្ញុំត្រូវសួរខ្លួនឯងថា តើអ្វីដែលខ្ញុំចង់ធ្វើនោះ ស្របតាមព្រះបន្ទូលព្រះ ហើយនាំឲ្យគេដឹងថា ខ្ញុំកំពុងតែមានព្រះគ្រីស្ទជាគំរូដ៏ល្អឥតខ្ចោះឬទេ?”
កាលណាយើងដើរតាមព្រះបន្ទូលព្រះ គឺមានន័យថា យើងកំពុងតែបង្ហាញលោកិយឲ្យស្គាល់ព្រះយេស៊ូវ។ សូមព្រះអង្គជួយយើងឲ្យដើរប្រកៀកនឹងព្រះអង្គ ដើម្បីឲ្យគេមើលមកយើង ឃើញព្រះអង្គ ដែលជាអ្នកដឹកនាំ មិត្តសំឡាញ់ និងព្រះអង្គសង្រ្គោះ! —PATRICIA RAYBON