កាល​លោក​ប៉ុល អាណុល(Paul Arnold)បាន​ចូល​ធ្វើ​ការ​ក្នុង​វិទ្យុ​ប៊ីប៊ីស៊ី នៅ​ប្រទេស​អង់គ្លេស ការងារ​ទី​មួយ​របស់​គាត់ គឺ​ត្រូវ​ធ្វើ​សម្លេង​ដើរ ដើម្បី​បញ្ចូល​សម្លេង ក្នុង​ល្ខោន​និយាយ តាម​វិទ្យុ។ ខណៈ​ពេល​ដែល​តួ​អង្គ​ទាំង​អស់​បាន​ពោល តាម​នាដកថា ក្នុង​ឈុត​ដែល​តួ​អង្គ​កំពុង​ដើរ ក្នុង​នាម​លោក​ប៉ុល​ជា​អ្នក​គ្រប់​គ្រង​ឆាក គាត់​ក៏​បាន​ធ្វើ​សម្លេង​ដើរ ដោយ​ប្រើ​ជើង​របស់​គាត់ ឲ្យ​ត្រូវ​នឹង​សម្លេង​និយាយ​របស់​តួ​អង្គ យ៉ាង​ប្រុង​ប្រយ័ត្ន។ គាត់​ក៏​បាន​ពន្យល់​ថា គន្លឹះ​ដើម្បី​បញ្ចូល​សម្លេង​ឲ្យ​បាន​ល្អ គឺ​ត្រូវ​ចុះ​ចូល​នឹង​តួ​អង្គ នៅ​ក្នុង​រឿង ដើម្បី​ឲ្យ​យើង​ទាំង​ពីរ​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​បាន​ល្អ។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១១៩ ក៏​បាន​ស្វែង​រក​ការ​ចុះ​ចូល​នឹង​ព្រះ ដើម្បី​ឲ្យ​អាច​ដើរ​ជា​មួយ​ព្រះ​អង្គ​ឲ្យ​បាន​ល្អ។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១១៩ បាន​និយាយ​សង្កត់​ធ្ងន់ អំពី​ការ​រស់​នៅ​តាម​ព្រះ​បន្ទូល​ព្រះ។ គឺ​ដូច​ដែល​ខ.១ បាន​ចែង​ថា “មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្តរបស់​ខ្លួន​បាន​គ្រប់​លក្ខណ៍ គឺ​ជា​អ្នក​ដែល​ដើរ​តាម​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា”។ កាល​ណា​យើង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ យើង​អាច​រក្សា​ភាព​ស្អាត​ស្អំ (ខ.៩) ជម្នះ​ការ​ប្រមាថ​(ខ.២៣) និង​គេច​ផុត​ពី​ភាព​លោភ​លន់​(ខ.៣៦)។ ព្រះ​អង្គ​នឹង​ជួយ​យើង​ឲ្យ​អាច​ប្រឆាំង​នឹង​អំពើ​បាប​(ខ.៦១) រក​បាន​មិត្ត​ភក្តិ​ដែល​កោត​ខ្លាច​ព្រះ(ខ.៦៣) ហើយ​រស់​នៅ ដោយ​អំណរ​(ខ.១១១)។

ទេវវិទូ ឈ្មោះ ឆាល ប្រ៊ីជ(Charles Bridges) បាន​បក​ស្រាយ​អត្ថ​ន័យ​របស់​ខ.១៣៣​ថា “ពេល​ណា​ខ្ញុំ​បោះ​ជំហាន ចូល​ទៅក្នុង​លោកិយ៍ ខ្ញុំ​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ ស្រប​តាម​ព្រះ​បន្ទូល​ព្រះ ហើយ​នាំ​ឲ្យ​គេ​ដឹង​ថា ខ្ញុំ​កំពុង​តែ​មាន​ព្រះ​គ្រីស្ទ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ឬ​ទេ?”

កាល​ណា​យើង​ដើរ​តាម​ព្រះ​បន្ទូល​ព្រះ គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​បង្ហាញ​លោកិយ​ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ។ សូម​ព្រះ​អង្គ​ជួយ​យើង​ឲ្យ​ដើរ​ប្រកៀក​នឹង​ព្រះ​អង្គ ដើម្បី​ឲ្យ​គេ​មើល​មក​យើង ឃើញ​ព្រះ​អង្គ ដែល​ជា​អ្នក​ដឹក​នាំ មិត្ត​សំឡាញ់ និង​ព្រះ​អង្គ​សង្រ្គោះ! —PATRICIA RAYBON