មានពេលមួយ កូនៗរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យលេងព្យាណូឲ្យពួកគេស្តាប់ បន្ទាប់ពីខ្ញុំបានតស៊ូនៅក្នុងការរៀនលេងព្យាណូ ថ្នាក់មូលដ្ឋាន កាលពីប៉ុន្មានឆ្នាំមុន។ ខ្ញុំក៏បានអង្គុយចុះ ហើយចាប់ផ្តើមលេងណោត C Major។ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ ខ្ញុំបានលេងព្យាណូតែបន្តិចបន្តួចទេ ដូចនេះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានដឹងថា ខ្ញុំនៅចាំរបៀបលេងព្យាណូ។ ពេលនោះ ខ្ញុំក៏បានលេងព្យាណូ ដោយគ្មានការភ័យខ្លាច ដោយលេងណោតមួយហើយ បន្តទៅណោតមួយទៀត រហូតបាន៧ណោត។ ការហ្វឹកហាត់អស់ជាច្រើនឆ្នាំនេះ បានធ្វើឲ្យណោត និងតិចនិចនៃការលេង ដក់ជាប់យ៉ាងជ្រៅ និងធ្វើឲ្យខ្ញុំចាំដៃ ហើយមានការរេផ្លិច នៅក្នុងការលេងព្យាណូយ៉ាងស្ទាត់ជំនាញ។
មានរឿងជាច្រើន ដែលដក់ជាប់យ៉ាងជ្រៅ ក្នុងចិត្តយើង ធ្វើឲ្យយើងមិនអាចភ្លេចបាន។ ប៉ុន្តែ សេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានចំពោះកូនរបស់ព្រះអង្គ បានដក់ជាប់ក្នុងចិត្តយើង ជ្រៅជាងអ្វីៗទាំងអស់ ដែលយើងបានជួប។ តាមពិត ព្រះជាម្ចាស់ក៏មិនអាចបំភ្លេចយើងបានឡើយ។ នេះជាអ្វីដែលពួកសាសន៍អ៊ីស្រាអែលត្រូវដឹង ពេលដែលពួកគេមានអារម្មណ៍ថា ព្រះអង្គបានបោះបង់ពួកគេចោល បន្ទាប់ពីពួកគេត្រូវបាននិរទេសអស់ជាច្រើនឆ្នាំ(អេសាយ ៤៩:១៤)។ ព្រះអង្គបានឆ្លើយតបតាមរយៈហោរាអេសាយ ដោយបញ្ជាក់យ៉ាងច្បាស់ថា ព្រះអង្គមិនដែលភ្លេចពួកគេឡើយ(ខ.១៥)។ ព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងថែរក្សារាស្រ្តព្រះអង្គ ដោយសេចក្តីស្រឡាញ់ ដែលលើសក្តីស្រឡាញ់ ដែលម្តាយមានចំពោះកូន។
ព្រះអង្គក៏បានមានបន្ទូលធានា អំពីសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ដោយប្រាប់ពួកគេថា ព្រះអង្គចារឹកពួកគេទុកនៅលើព្រះហស្តព្រះអង្គហើយ(ខ.១៦)។ នេះជាបន្ទូលប្រៀបប្រដូចដ៏មានន័យ អំពីការយកព្រះទ័យទុកដាក់គ្រប់ពេលវេលា ចំពោះកូនរបស់ព្រះអង្គ ដោយឈ្មោះ និងមុខរបស់ពួកគេ តែងតែនៅពីមុខព្រះអង្គជានិច្ច។
សូម្បីតែនៅពេលសព្វថ្ងៃនេះ យើងងាយនឹងមានអារម្មណ៍ថា ព្រះអង្គបានមើលរំលង ឬភ្លេចយើង។ តែយើងត្រូវចាំថា ព្រះអង្គបានចារឹកយើងជាប់នឹងព្រះហស្តព្រះអង្គ បានសេចក្តីថា ព្រះវរបិតាតែងតែនឹកចាំ ថែរក្សា និងស្រឡាញ់យើងជានិច្ច។ —LISA M. SAMRA